ព័ត៌មាន

ក្រុមហ៊ុន Apple កំពុងសាកល្បង​អេក្រង់ទំហំ 12.9-inch ដែល​មាន​កម្រិតភាពច្បាស់ 2K & 4K

កុំព្យូទ័រស្ដើង​របស់​ក្រុមហ៊ុន​ Apple ដែល​ដាក់លក់នៅ​លើទីផ្សារ​នាពេល​បច្ចុប្បន្ន​មាន​អេក្រង់​ត្រឹម​តែ​ 7.9-inch iPad mini និង​ 9.7-inch សម្រាប់ iPad Air និង​ iPad 4 ជា​ដើម តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​នា​ពេល​កន្លង​មក​ធ្លាប់មាន​ពាក្យចចាមអារ៉ាម​និង​សេចក្ដីរាយការណ៍​មួយ​ចំនួន​ថា​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​អេក្រង់​ធំៗ​នាពេលអនាគត ។

image

សូម​រំលឹក​ថា​កាល​ពី​ចុង​ខែកញ្ញា​កន្លង​ទៅ​មាន​ សេចក្ដីរាយការណ៍ថា​​ «Apple ចាប់ដៃ​ជាមួយ​ Quanta Computer ផលិត iPad ថ្មី អេក្រង់ធំជាង​មុន»​ ប្រភព​ដែល​ធ្លាប់ចេញ​កាលពី​មុន​នោះ​ថា​ iPad ជំនាន់ក្រោយៗ​អាច​នឹង​មាន​ទំហំ​ដល់ទៅ 12-inch ឬ 13-inch ។ ដោយឡែក​​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ UnwiredView ដែល​ចុះផ្សាយកាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​អោយ​ដឹង​ថា​​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Apple កំពុង​តែ​សាកល្បង​អេក្រង់​ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិតភាពច្បាស់ 2K និង 4K សម្រាប់​បំពាក់លើ​កុំព្យូទ័របន្ទះស្ដើង​ iPad Pro ឬ iPad Maxi ដែល​មាន​អេក្រង់ទំហំ​ 12.9-inch ។

 image

ដូច​អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់បាន​ជ្រាប​ហើយ​ថា​អេក្រង់​ដែល​​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិតភាពច្បាស់​ដល់​ទៅ​ 4K ឬ Ultra HD គឺ​ភាគ​ច្រើន​ត្រូវ​បាន​បំពាក់​ទៅ​លើ​ទូរទស្សទំនើប (smart TV) ហើយ​បើ​ Apple ពិត​ជា​បំពាក់​អេក្រង់​ប្រភេទ​នេះ​ទៅ​លើ​ iPad ជំនាន់ថ្មី​មែន​នោះ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ សម្រាប់​អតិថិជន​របស់ Apple ក្នុង​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ថ្មី​ ។ បើ​យោង​តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​អេក្រង់ថ្មី​នេះ​គឹ​កំពុង​តែ​​ធ្វើ​ការ​សាកល្បង​ដោយ​រោងចក្រ​របស់​ Apple ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក ។

គេ​រំពឹង​ថា​កុំព្យូទ័របន្ទះស្ដើង​របស់ Apple ​អេក្រង់ទំហំ​ 12.9-inch ដែល​​បំពាក់ដោយ​អក្រង់ 2K (2,048×1,536 pixels) នឹង​ត្រូវ​បញ្ចេញ​ក្នុង​ខែមេសា​ឆ្នាំ២០១៤ ហើយ​ iPad អេក្រង់​ទំហំ 12.9-inch ជាមួយ​នឹង​កម្រិតភាពច្បាស់4K (4,096×3,072 pixels) វិញ​នឹង​ត្រូវ​ចេញ​នៅ​ក្នុង​ខែតុលា ឆ្នាំ២០១៤ ។