ព័ត៌មាន

ក្រុមហ៊ុន Apple កំពុង​សាកល្បង​ iPhone 6 មាន​អេក្រង់ 4.9-inch

បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​​បាន​និយាយ​ពី​គម្រោង​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​ផលិត​ទូរស័ព្ទ​ទំនើប iPhones ជាមួយ​នឹង​អេក្រង់​ដែល​មាន​ទំហំ​ធំ ​ពេល​នេះ​​​យើង​ទើប​ទទួល​បាន​នូវ​សេចក្ដី​រាយការណ៍​មួយ​ចេញ​ពី​ប្រទេស​ចិន ដែល​​អាច​ជួយ​បំភ្លឺ​កាន់​តែ​ច្បាស់​ពី​​ព័ត៌មាន​នេះ ។

 image

យោង​តាម​សេចក្ដី​រាយការណ៍​ចេញ​ពី​ប្រភព​ CTechnology បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​ក្រុមហ៊ុន Apple កំពុង​សាកល្បង​ទៅ​លើ​គំរូ​ដើម​របស់​ iPhone 6 ថ្មី​ដែល​មាន​អេក្រង់​ទំហំ 4.9-inch ។ ​ដោយ​ឡែក​​ប្រភព​ដដែល​ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា ​​​ចំពោះ​ទូរស័ព្ទ​ទំនើប iPhone ​មួយ​ម៉ូដែល​ទៀត​​​ដែល​កាត់​​ចេញ​​ពី iPhone 5C ក៏​អាច​នឹង​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ធំ​ផង​ដែរ​ ប៉ុន្តែ​គេ​​នៅ​មិន​ទាន់​ដឹង​ថា អាច​នឹង​មាន​ទំហំ 4.9-inch ឬ​យ៉ាង​ណា​នោះ​ទេ ។

 image

សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​សេចក្ដី​រាយការណ៍​ដំបូង​ដែល​បាន​អះអាង​ថា Apple នឹង​ផលិត​ទូរស័ព្ទ​ទំនើប iPhones ជំនាន់​ថ្មី​​ជា​មួយ​នឹង​អេក្រង់​ទំហំ​ធំ​នោះ​ទេ ​​ថ្មីៗ​នេះ​យើង​ក៏​ធ្លាប់​ទទួល​ព័ត៌មាន​ពី​ប្រភព Bloomberg ផង​ដែរ​ថា ​ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ​នូវ​​​ទូរស័ព្ទ​ទំនើប iPhones ចំនួន​ពីរ​ម៉ូដែល​ផ្សេង​គ្នា​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ (២០១៤) ​ដែល​មាន​​បំពាក់​ដោយ​អេក្រង់​ទំហំ​ចាប់​ពី 4.7-inch ទៅ​ដល់ 5.5-inch ។ ​ដោយ​ឡែក​ប្រភព Wall Street Journal ក៏​ធ្លាប់​បាន​ចេញ​ផ្សាយ​​កាល​ពី​ខែ​កញ្ញា​ផង​ដែរ​ថា ​Apple កំពុង​សាកល្បង​លើ​ iPhones ​ដែល​អេក្រង់​អាច​នឹង​មាន​ទំហំ​ដល់​ទៅ 6.-inch ឯណោះ​ (Phablet) ។ យ៉ាង​ណា​មិញ​​​​​តាម​ការ​វិភាគ​របស់​លោក  Ming-Chi Kuo ដែល​ចេញ​ពី​ KGI Securities បាន​​​ជំទាស់​ទាំង​ស្រុង​​ទៅ​​នឹង​ iPhone 6 ​ដែល​​នឹង​មាន​បំពាក់​អេក្រង់​ទំហំ 6-inch ​ហើយ​ថា ទូរស័ព្ទ​ថ្មី​នេះ​អាច​នឹង​មាន​អេក្រង់​ទំហំ​ចាប់​ពី 4.5-inch ទៅ 5-inch ប៉ុណ្ណោះ ។