ព័ត៌មាន

Google សហការជាមួយ Word Lens ដើម្បី​បង្កើត​កម្មវិធី​បក​ប្រែ​ភាសា​ដោយ​ប្រើកាមេរ៉ា

វិទ្យាសាស្ត្រកាន់តែទំនើប ធ្វើអោយការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ជាតិ​សាសន៍​មួយ ទៅ​នឹង​ជាតិ​សាសន៍​មួយ​ទៀត​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ខ្ពស់។ ជាក់​ស្តែង ដូច​ជា​សេវា​កម្ម Google Translate ជា​ដើម ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​បក​ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​បាន​យ៉ាង​ ស្រួល​បំផុត ហើយ​សព្វ​ថ្ងៃ​នេះ ភាសា​មិន​តិច​ជាង 80 ដែរ កំពុង​តែ​ដាក់​អោយ​យើង​ប្រើ​ប្រាស់។

image 

Word Lens គឺជាកម្មវិធីសម្រាប់ iOS និង Android ដ៏​ល្បី​ល្បាញ​មួយ ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​បក​ប្រែ​ពី​ភាសា​មួយ ទៅ​ភាសា​មួយ​ទៀត​បាន ដោយ​ប្រើ​ប្រាស់​កាមេរ៉ា​ចាប់​អក្សរ​តែ​ប៉ុណ្ណោះ។ កម្មវិធី​នេះ នៅ​មិន​ទាន់​ដំណើរ​ការ​បាន​ល្អ​នៅ​ឡើយ​ទេ ដោយសារ​តែ​វា​ខ្វះ​បច្ចេក​ទេស​ច្រើន ណា​មួយ​ទៀត វា​ក៏​មិន​អាច​ចាប់​យក​អក្សរ​បាន​ច្រើន​ភាសា​ផង​ដែរ។

សូមអរគុណទៅដល់ Google ដែលក្រុមហ៊ុន​ដ៏​ធំ​នេះ បាន​ទិញ​យក​ស្ទូឌីយ៉ូ​បង្កើត​កម្មវិធី Word Lens នេះ​ទាំង​មូល​ហើយ។ គោល​បំណង​ដែល Google ទិញ​យក​ស្ទីឌីយ៉ូ Quest Visual’s Technology នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កម្មវិធី Word Lens បក​ប្រែ​ដ៏​ពិសេស​មួយ ដែល​អនុញ្ញាត្តិ​អោយ​យើង​បក​ប្រែ​ភាសា​ផ្សេងៗ ដោយ​ប្រើ​កាមេរ៉ា​បាន។ កម្មវិធី Word Lens គឺ​នៅ​តែ​មាន​ឈ្មោះ​ដូច​ដើម មិន​ផ្លាស់​ប្តូរ​អ្វី​ឡើយ ប៉ុន្តែ Google នឹង​បន្ថែម​កញ្ចប់​ភាសា​ជា​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​អ្នក​អាច​ដោនឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ។

image
 

កម្មវិធី Word Lens នេះ ធ្លាប់បានសហការ​ជាមួយ Google ម្តង​រួច​ទៅ​ហើយ ក្នុង​ការ​បង្កើត Google Glass ពោល​អ្នក​ពាក់​វ៉ែនតា​នេះ អាច​បញ្ជា​អោយ​វា​បក​ប្រែ​ពី​អក្សរ​ផ្សេងៗ​ដែល​នៅ​ចំពោះ​មុខ ហើយ​លើក​នេះ Google ចង់​នាំ​យក​បច្ចេក​វិទ្យា​នេះ មក​ប្រើ​លើ ស្មាតហ្វូន និង​ថេប្លេត​ម្តង។

សរុបសេចក្តីមក នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ដើរ​កំសាន្ត រឺ​ក៏​សិក្សា​អ្វី​ផ្សេងៗ ព្រោះ​អី​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ក្នុង​ការ​បក​ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ។ ដោយ​ឡែក ភាសាខ្មែរ​យើង​វិញ ប្រហែល​ជា​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ហើយ​អាច​នឹង​ត្រូវ​ចាំ​ប្រមាណ មួយ​ឆ្នាំ ឬ​ក៏​ពីរ​ឆ្នាំ​ទៀត​ឯ​ណោះ។

ប្រសិនបើអ្នកចង់សាកល្បងប្រើកម្មវិធី Word Lens ដែល​អាច​បក​ប្រែ​ភាសា​អ្វី​ផ្សេងៗ​បាន ដោយ​ប្រើ​កាមេរ៉ា​នេះ លោក​អ្នក​អាច​ដោនឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ ទាំង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង iOS។