ព័ត៌មាន

Apple និង Samsung ចរចា​គ្នា​ដោះស្រាយ​ជម្លោះ​ប៉ាតង់​ក្រៅ​ប្រព័ន្ធ​តុលាការ

បន្ទាប់​ពី​មាន​ជម្លោះ​ចោទ​គ្នា​ទៅវិញទៅមក​ពី​រឿង​ល្មើស​កម្មសិទ្ធិ​ បញ្ញា​លើ​ប៉ាតង់​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​ទូរសព្ទ​រវាង Apple និង Samsung ​រ៉ាំរ៉ៃ​អូស​បន្លាយ​រយៈពេល​យូរ​រួច​មក ​ថ្ងៃ​នេះ​ស្រាប់​តែ​មាន​ការ​អះអាង​ពី​អ្នក​ជំនាញ​ផ្នែក​ប៉ាតង់​ថា សង្គ្រាម​ជិត​ត្រូវ​ពន្លត់​ហើយ។

image 

អ្នក​ជំនាញ​ ផ្នែក​ប៉ាតង់​លោក Kim Yoo-chul ក៏​ជា​អ្នក​ដែល​តែងតែ​ឃ្លាំមើល​ព័ត៌មាន​ជុំវិញ Samsung Electronics នោះ បាន​រាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ដែល​កំពុង​ប្រជែង​យក​ទីផ្សារ Smart Device ស៊ីសាច់ហុតឈាម​គ្នា​នេះ នឹង​ព្រម​ដាក់​កាំបិត​ចុះ​រៀងៗ​ខ្លួន មក​ផ្សះផ្សា​គ្នា​វិញ។ ប្រភព​សំដី​ចេញ​ពី​ជន​អនាមិក​ម្នាក់​​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ដែល​រក​ចំណេញ​ពី​អាជីវកម្ម​ទូរសព្ទ​ច្រើន ​ជាង​គេ​ទាំង​ពីរ​នេះ ថ្មីៗ​កន្លង​ទៅ​បាន​ចាប់ផ្ដើម​បើក​កិច្ចពិភាក្សា​គ្នា រក​ដំណោះស្រាយ​នូវ​ជម្លោះ​ប៉ាតង់​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ។

គួរ​ បញ្ជាក់​ថា ព័ត៌មាន​នេះ​ទទួល​បាន​ក្រោយ​ពេល​ដែល Apple និង Google បាន​សម្រេច​កិច្ចព្រមព្រៀង​ទម្លាក់​ចោល​បណ្ដឹង​ប៉ាតង់​បច្ចេកវិទ្យា​រវាង​ គ្នា​រយៈពេល ២ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី Google បាន​ទិញ​យក Motorola នៅ​ឆ្នាំ២០១២។ ប្រសិន​ការ​ចរចា​ត្រូវរ៉ូវ​គ្នា នោះ​នឹង​បញ្ចប់​បាន​នូវ​ភាព​ចម្រូងចម្រាស​ដែល​ជា​សង្គ្រាម​ប៉ាតង់​តម្លៃ​​ ថ្លៃ។

កាល​ពី​ឆ្នាំ២០១២ តុលាការ​រក​ឃើញ Samsung ល្មើស​ប៉ាតង់​បច្ចេកវិទ្យា​របស់ Apple ដោយ​បង្គាប់​ឱ្យ Samsung សង​ជំងឺចិត្ត Apple ជា​ទឹកប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ​អាមេរិក តែ​ដោយ​មាន​ការ​តវ៉ា​ពី Samsung ប្រាក់​សំណង​ធ្លាក់​មក​នៅ​ត្រឹម ៩៣០លាន​ដុល្លារ​អាមេរិក ។ ចំណែក​ការ​សម្រេច​ក្ដី​ជម្លោះ​ប៉ាតង់​លើក​ទី២ ដែល​ជា​ករណី​តូច​មួយ​កាល​ពី​ខែ​មុន Apple ឈ្នះ Samsung បាន ១២០លាន​ដុល្លារ ខណៈ ដែល Samsung ឈ្នះ Apple បាន​តែ ១៥៨.០០០ដុល្លារ ។