បើតាមកំណត់ត្រារបស់អ្នកវិភាគ KGI Securities លោក Ming Chi Kuo បានឲ្យដឹងថាក្រុមហ៊ុន Apple អាចនឹងប្រកាសពី iPhone 5s ម៉ូដែល 8GB ព្រមទាំងម៉ាស៊ីន iMac តំលៃថោកជាងម៉ូដែលមុន សំរាប់ទីផ្សារប្រទេសកំពុងអភិវឌ្ឍ នាព្រឹត្តិការណ៍ WWDC 2014 នេះ ។ Kuo បានវិភាគថា iPhone 5s ជាម៉ូដែលដែលពេញនិយមបំផុត ដូចនេះគាត់ហ៊ានប៉ាន់ស្មានថា Apple នឹងបញ្ចេញម៉ូដែលទំហំផ្ទុក 8GB សំរាប់វា ដើម្បីបង្កើនចំណែកទីផ្សារ។ Kuo បានបន្តទៀតថា Apple ទំនងក៏នឹងប្រកាសពីម៉ាស៊ីន iMac ធូរថ្លៃផងដែរ ហើយការប៉ាន់ស្មាននេះស្របពេលដែលកូដថ្មីទាក់ទងនឹង iMac ម៉ូដែលថ្មីមួយត្រូវបាន គេរកឃើញនៅក្នុងប្រព័ន្ធ OS X Mavericks 10.9.4 Beta។
ជាចុងក្រោយ Kuo បានធ្វើការកត់សំគាល់ថា បើសិនជាក្រុមហ៊ុន Apple ប្រកាសពីប្រព័ន្ធគេហដ្ឋានឆ្លាតវៃនោះបច្ចេកវិទ្យាថ្មីនេះនឹងប្រើប្រាស់ iCloud, iBeacons និង AirPlay។
គួររំលឹកថា នាព្រឹត្តិការណ៍ WWDC 2014 រវាងថ្ងៃ 2-6 ខែមិថុនានេះ ក្រុមហ៊ុន Apple ត្រូវបាន គេរំពឹងថា នឹងប្រកាសពីប្រព័ន្ធប្រតិបត្តិការណ៍ថ្មី iOS 8 សំរាប់ ឧបករណ៍ចល័តព្រមទាំង OS X 10.10 សំរាប់ ម៉ាស៊ីន Mac របស់ខ្លួន៕
ប្រភព: MacRumors