ព័ត៌មាន

ទូរស័ព្ទ Huawei P8 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 15 មេសា នៅទីក្រុងឡុងដ៏ (London) ចក្រភពអង់គ្លេស

មានពាក្យចចាមអារ៉ាមជាច្រើនមកហើយ ដែលនិយាយអំពីកំពូលទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei នោះគឺ Huawei P8 ដែលនឹងបង្ហាញខ្លួនសម្រាប់ចុងឆមាសទី 1 ឆ្នាំ 2015 នេះ។ ពេលនេះតាមប្រភពជាក់លាក់តាមលិខិតអញ្ជើញពីក្រុមហ៊ុន Huawei បានឲ្យដឹងថា ទូរស័ព្ទ Huawei P8 នឹងបង្ហាញខ្លូនជាផ្លូវការនៅថ្ងៃទី 15 ខែមេសា ឆ្នាំ 2015 នៅក្នុងទីក្រុងឡុងដ៏ (London) ចក្រភពអង់គ្លេស។

 image

ក្រុមហ៊ុនលំដាប់លេខ 1 នៅក្នុងប្រទេសចិនពេលនេះបានចែកលិខិតអញ្ជើញផងដែរ ជាមួយនឹងការផ្សព្វផ្សាយនៅលើគេហទំព័រល្បីៗជាច្រើនទៀត។ កម្មវិធីនេះនឹងធ្វើឡើងនៅក្នុងទីក្រុងឡុងដ៏ ដែលចាប់ផ្តើមពីម៉ោង 3 រសៀស រហូតដល់ម៉ោង 4:30 នាទីរសៀលនោះ។

 image

នៅលើសំបុត្រអញ្ជើញគេឃើញមានតែពាក្យថា “Huawei Press Conference” មានន័យថា “ការធ្វើសន្និសីតរបស់ក្រុមហ៊ុន Huawei” នៅថ្ងៃទី​ 15 ខែមេសា ឆ្នាំ 2015 នោះ។ ហើយវាមិនបានបញ្ជាក់ពីអ្វីទាំងអស់។ ប៉ុន្តែក្រុមហ៊ុន Huawei ធ្លាប់បានសន្យាថា សម្រាប់ជំនាន់ថ្មីរបស់ទូរស័ព្ទ Huawei គឺ “អេក្រង់រឹងមាំ កាមេរ៉ាថតច្បាស់បំផុត និងមានថ្មកាន់បានយូរ”។

 image

ក្រុមហ៊ុន Huawei ក៏បានចូលរួមក្នុងសន្និសីត MWC ដែលធ្វើឡើងនៅទីក្រុងបាសេឡូណាផងដែរនៅក្នុងខែនេះ ប៉ុន្តែពេលនោះ Huawei P8 នៅមិនទាន់បានប្រកាសនៅឡើយទេ គឺក្រុមហ៊ុនបានបង្ហាញនូវផលិតផលទំនើបៗដូចជា Huawei MediaPad X2, Huawei Honor Y635, Huawei Honor Y360, Huawei Talkband B2, Huawei Talkband N1 និងនាឡិការ Huawei Watch ដ៏ស្រស់ស្អាតល្អផ្តាច់គេនៅក្នុងព្រឹត្តិការណ៍នេះ។

លក្ខណៈពិសេសរបស់ Huawei P8 គឺមានអេក្រង់ទំហំ 5.2 អ៊ីងកញ្ជាក់ប្រភេទ Corning Gorilla Glass 3 Multi-Touch ជាមួយនឹង Emotion UI និងជាប្រភេទ IPS LCD Capacitive Touchscreen ផងដែរ។ វាមានកម្រាស់ស្តើងត្រឹមតែ 6mm និងដំណើរការលឿនជាមួយនឹងអង្គប្រតិបត្តិការប្រភេទ             Quad Core ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ Android Lollipo v5.0.2 ហើយអង្គចងចាំ (RAM) ទំហំដល់ទៅ 3GB ជាមួយនឹង Storage ទំហំ 32GB។

 image

អ្វីកាន់តែពិសេសជាងនេះទៅទៀត Huawei P8 មានកាមេរ៉ាខាងក្រោយទំហំដល់ទៅ 13MP (4160 x 3120 pixels) និងកាមេរ៉ាខាងមុខទំហំធំដល់ទៅ 8MP និងមានលក្ខណៈពិសេសភ្ជាប់ស្រាប់ដូចជា Geo-Tagging, Touch Focus, Auto-Focus, Face/Smile Detection, Panorama, HDR និងមានភ្លើង LED Flash សម្រាប់ជំនួយការថតនៅទីងងឹត។

បើនិយាយពីថាមពលថ្មរបស់ Huawei P8 វិញមានកម្លាំងដល់ទៅ 2600mAh និងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅយ៉ាងស្រស់ស្អាត ទាក់ទាញបំផុត។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei មិនទាន់ប្រកាសពីតម្លៃរបស់វានៅឡើយនោះទេ ដូចនេះយើងនឹងរង់ចាំមើលនូវព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ទូរស័ព្ទ Huawei P8 ទាំងអស់គ្នាដែលធ្វើឡើងនៅថ្ងៃទី 15 ខែមេសា នៅទីក្រុងឡុងដ៏ (London) ចក្រភពអង់គ្លេសទាំងអស់គ្នា៕

អត្ថបទៈ ឆាន សុផា