ព័ត៌មាន

សាមសុង ពង្រឹងជំនាញបច្ចេកទេសដល់គ្រូមហាវិទ្យាល័យ អេឡិចត្រូនិក និងមេកានិក នៃវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា

 ភ្នំពេញ (ថ្ងៃទី 08 ឧសភា ឆ្នាំ 2015)–ក្រុមហ៊ុនសាមសុងបានបញ្ចប់វគ្គបណ្តុះបណ្តាល វិជ្ជាជីវៈ លើកទី2 ផ្នែក មេកានិក និង អេឡិចត្រូនិចដល់សាស្រ្តចារ្យ មហាវិទ្យាល័យ អេឡិចត្រូនិក និង មេកានិក នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ពីថ្ងៃទី 4 ដល់ថ្ងៃទី 8 ខែឧសភា ឆ្នាំ2015 ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា នៅកម្ពុជា។

លោក ហ្គីហាន់ លី នាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង អេឡិកត្រូនិច ប្រចាំកម្ពុជា​ បាន ឲ្យដឹងថា៖«យើងប្តេជ្ញាគាំទ្រវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាតាមរយៈការ​បណ្តុះបណ្តាល សមត្ថភាពដល់អ្នកមានជំនាញផ្នែកបច្ចេកវិទ្យា។ ឆ្នាំនេះយើងបាន ធ្វើការវិនិយោគធនធានបន្ថែម ទៀតដើម្បីអាចទទួលសិក្ខាកាមចូលរួមកាន់តែច្រើន។»

 image

សាស្រ្តាចារ្យទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលចំនួន 4 ថ្ងៃនេះ ត្រៀមនឹងបង្ហាត់បង្ហាញបន្តទៅដល់សិស្សនិស្សិតចំនួន 60​​ នាក់ទៀតនៅវិទ្យាស្ថានពហុបច្ចេកទេសនៃកម្ពុជា សម្រាប់វគ្គសិក្សា Samsung Tech Institute ជំនាន់ទី 2 ក្នុងឆ្នាំ 2015 នេះ។ សិក្ខាកាមទាំងអស់បានទទួល ការបណ្តុះបណ្តាល ទៅលើផលិតផល សាមសុង ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរស័ព្ទដៃ ។ វគ្គបណ្តុះបណ្តាល​នេះត្រូវបានផ្តោតទៅលើការផ្គុំ ការជួសជុល និងការដោះស្រាយបញ្ហាផ្សេងៗ ។ 

លោកសាស្រ្តចារ្យ ស្រី ភារម្យ  ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានមានប្រសាសន៍ថា៖ “ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនសាមសុង ដែលបានបើកវគ្គបណ្តុះបណ្តាលជាលើកទី 2 នេះ ដែលបានអនុញាតឲ្យពួកខ្ញុំ អាចអនុវត្តទ្រឹស្តី ដែលរៀន រួចជាមួយផលិតផលទំនើបៗរបស់សាមសុង។

image

វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី 1 ត្រូវបានបញ្ចប់ដោយជោគជ័យ ចុងឆ្នាំ 2014 ដែលកាលនោះ ក្រុមហ៊ុន សាមសុង បានបណ្តុះបណ្តាល សិស្សចំនួនត្រឹមតែ 50នាក់ដោយផ្តោតទៅលើបច្ចេកវិទ្យា​ទូរស័ព្ទដៃប៉ុណ្ណោះ។ ដោយសារតែផលិតផល អេឡិចត្រូនិចមានកាន់តែច្រើននៅលើទីផ្សារកម្ពុជា ក្រុមហ៊ុន សាមស៊ុងបានសម្រេចរៀបចំ កម្មវិធីសិក្សាឲ្យកាន់តែទូលំទូលាយជាងមុនដោយដាក់បញ្ចូលនូវ មេរៀនអំពីផលិតផល អេឡិចត្រូនិចជាច្រើនទៀតឲ្យសិក្ខាកាមបានសិក្សាយល់ដឹង និង ដើម្បីបំពេញតម្រូវការ របស់អតិថិជននៅក្នុងទីផ្សារការងារនៅកម្ពុជា។

លោក ហ្គីហាន់ លី នាយកគ្រប់គ្រង ក្រុមហ៊ុន សាមសុងអេឡិកត្រូនិច ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា “ផលិតផល អេឡិចត្រូនិចរបស់សាមស៊ុង ត្រូវបានប្រើប្រាស់នៅជុំវិញ ពិភពលោក។ ដូច្នេះសិក្ខាកាម ទាំងអស់អាចប្រើប្រាស់ចំណេះដឹង និង ជំនាញដែល បានមកពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេស ដទៃទៀតផងដែរ។”

ប្អូនប្រុស ណេង បូរ៉ា វ័យ 21 ឆ្នាំ ដែលគាត់បានចូលរួមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ 2014 បានទទួលការងារជាបុគ្គលិកជំនាញនៅ Samsung Service Center  សាខា រាជធានីភ្នំពេញ បានមានឲ្យដឹងថា៖ “បន្ទាប់ពីបញ្ចប់ការចុះកម្មសិក្សានៅ Samsung Service Center រយៈពេល 3 ខែរួចមក ខ្ញុំបានយល់ដឹងពីផលិតផល អេឡិចត្រូនិចដែលទើបនឹងចេញថ្មីៗ​របស់សាមស៊ុង ក៏ដូចជា បានយកចំណេះវិជ្ជាដែល ខ្ញុំបានរៀនមកធ្វើការអនុវត្តផងដែរ។ នេះគឺជាឱកាសដ៏កម្រមានមួយសម្រាប់សិស្សដូចជា យើងទាំងអស់គ្នា ព្រោះយើងអាចទាក់ទងជាមួយអ្នកជំនាញនិង យល់ដឹងពីបញ្ហាផ្សេងៗ របស់អតិថិជន។ បច្ចុប្បន្នខ្ញុំក៏ត្រូវបានក្រុមហ៊ុន ជ្រើសរើសឲ្យបម្រើការងារនៅទីនេះតែម្តង”។

ក្រៅពីទទួលបាននូវចំណេះដឹងសម្រាប់អភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន គ្រប់សិស្សទាំង អស់ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏បានទទួលនូវសំភារៈសម្រាប់សិក្សា ហើយ និងប្រាក់ឧបត្ថម្ភប្រចាំខែ ពីសាមសុងដើម្បីជួយសំរួលដល់ការសិក្សារបស់ពួកគាត់ រហូតដល់ចប់វគ្គបណ្តុះបណ្តាល និងសិស្សឆ្នើមក៏ទទួលបានឱកាសការងារពីក្រុមហ៊ុន សាមសុង ផងដែរ៕