ក្រុមហ៊ុន Samsung បានផលិតឧបករណ៍អេឡិចត្រូនិចជាច្រើនក្នុងនោះមានទាំងម៉ាស៊ីនត្រជាក់ កង្ហារ ម៉ាស៊ីនបោកគក់ ឆ្នាំងបាយ ទូរទឹកកក ឧបករណ៍បញ្ជា ទូរទស្សន៍ និងទូរស័ព្ទជាដើម។ ថ្មីៗនេះ ក្រុមហ៊ុនបានផលិតទូរស័ព្ទដោយបន្ថែមសមត្ថភាពថ្មីជាច្រើន ហើយម៉ូដែល Samsung Galaxy Note 5 និងម៉ូដែល Edge Plus (edge+) ជាស្មាតហ្វូនដែលត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Mobile បានឱ្យដឹងថា Note 5 នឹងមានលក្ខណៈពិសេសមួយចំនួនខុសពីស្មាតហ្វូនជំនាន់មុនៗ ក្នុងនោះរាប់ទាំងអេក្រង់បង្ហាញប្រភេទ 2K ឬ 4K Super AMOLED និងប្រើប្រព័ន្ធដំណើការ Exynos 7422 (processor)។ លក្ខណៈខុសប្លែកជាពិសេសគឺការលេងម៉ូត ការផ្លាស់ប្តូរមួយចំនួនដោយប្តូរការរចនារូបរាងថ្មីស្រលាង ជាពិសេសជាមួយនឹងការផ្តល់ជម្រើសព័ណ៌ ប្រាក់ មាស និងព័ណ៌ស។
សម្រាប់ Galaxy S6 edge+ អាចបំពាក់អេក្រង់បង្ហាញទាំងសងខាង និងប្តូរមកប្រើប្រព័ន្ធដំណើរការ , Exynos 7420 ជំនួសប្រព័ន្ធដំណើរការ Snapdragon 808។ ក្នុងនោះរួមមានទាំងការភ្ជាប់អង្គចងចាំរហូតដល់ទៅទំហំ 3GB (RAM) ។
រីឯស្មាតហ្វូន Samsung Galaxy S6 Edge Plus នឹងបង្ហាញខ្លួនជាមួយអេក្រង់ទំហំ 5.5- អ៊ីង ភ្ជាប់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល ដោយប្រព័ន្ធបច្ចេកវិទ្យា OIS។ កាមេរ៉ាខាមុខរបស់វាភ្ជាប់ដល់ទៅទំហំ 5មេហ្គាភិចសែល ជាមួយនឹងសមត្ថភាពថតវីដេអូរកម្រិត 4K និងការប្រើប្រាស់ថ្មដែលមានសមត្ថភាព 3,000mAh ។
យោងតាមប្រភពព័ត៌មានដដែលបានបង្ហាញឱ្យដឹងថា ស្មាតហ្វូន Samsung Galaxy Note 5 និង Edge Plus (edge+) នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 12 ខែសីហា និងចាប់ផ្តើមដាក់លក់នៅថ្ងៃទី21 ខែសីហា៕