ព័ត៌មាន

នាពេលអនាគត Samsung Pay នឹងអាចប្រើប្រាស់បាននៅលើគ្រប់ស្មាតហ្វូន Galaxy ទាំងអស់

ក្រុមហ៊ុន Samsung បានទទួលនូវកេរ្ត៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងស្មាតហ្វូនស៊េរីទំនើបដ៏គួរឱ្យទាក់ទាញ និងស្រស់ស្អាតបំផុតដែលលក់ដាច់ច្រើនជាងគេនៅឆ្នាំ 2015 មានដូចជា Galaxy S6, Galaxy S6 Edge, Galaxy Note 5 និងនាឡិកាឆ្លាតវៃ Gear S2 ដែលទើបតែបង្ហាញខ្លួននៅឆ្នាំនេះ។

image

ពេលនេះ បច្ចេកវិទ្យា Samsung Pay មិនទាន់បានប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់ស៊េរីរបស់ Galaxy នៅឡើយនោះទេគឺវាអាចប្រើបានតែសម្រាប់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសថា ក្រុមហ៊ុនយក្សមួយនេះនឹងប្រឹងពង្រីកបច្ចេកវិទ្យា Samsung Pay ឱ្យអាចដំណើរការបាននៅលើគ្រប់ស្មាតហ្វូន Galaxy ។

image

តាមសម្តីរបស់លោក Shin Jong-kyun ដែលជាប្រធានចែកចាយទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បាននិយាយថា Samsung Pay នឹងអាចពង្រីកទៅប្រើប្រាសបាននៅលើ Galaxy ស៊េរីមុនៗបាន។ ប៉ុន្តែអ្វីដែលអ្នកត្រូវគិតនោះគឺថាស្មាតហ្វូនដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យា Samsung Pay លុះត្រាតែបំពាក់នូវ NFC Chip ។

image

បច្ចេកវិទ្យា Samsung Pay បានទទួលជោគជ័យយ៉ាងខ្លាំងនៅទឹកដីប្រទេសកូរ៉េខាងត្បូង ហើយសប្តាហ៍ក្រោយនេះ Samsung Pay អាចប្រើប្រាស់បាននៅទឹកដីអាមេរិចហើយ ព្រោះពេលនេះបានធ្វើការសាកល្បងបានសម្រេចហើយ។ សារៈប្រយោជន៍សំខាន់របស់ Samsung Pay គឺអ្នកអាចប្រើប្រាស់វាបានសម្រាប់ធ្វើការចាយវាយតាមរយៈក្រេឌីតកាតបានយ៉ាងងាយស្រួលបំផុត និងមានសុវត្ថិភាពបំផុត។ Samsung Pay ជាដៃគូប្រកួតប្រជែងជាមួយនឹង Apple Pay និង Android Pay ៕

ប្រភព៖ korea Herald