ព័ត៌មាន

បែកធ្លាយរូបរាង Mate 8 គ្រប់ជ្រុងជ្រោយ

ទោះបីជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក ទើបតែបញ្ចេញស្មាតហ្វូន Huawei Mate S នៅថ្ងៃទី 02 ខែសីហា ឆ្នាំ 2015 នេះក៏ដោយ ក៏មើលទៅ Mate S មិនមែន​ជាកំពូល​ស្មាតហ្វូន (Flagship) របស់ Huawei ក្នុងឆ្នាំ 2015 នេះឡើយ។ តំណែងកំពូលស្មាត​ហ្វូនប្រចាំ​ឆ្នាំ 2015 នេះ នឹងធ្លាក់ទៅលើ Huawei Mate 8 ដែលជាអ្នក​ស្នងដំណែងដ៏ពិតប្រាកដពី Huawei Mate 7 ។​

image

បើតាមព័ត៌មានបែកធ្លាយកន្លងមក ​ Huawei Mate 8  នឹងត្រូវសម្ពោធជាផ្លូវនៅចុងខែ​វិច្ឆិកា​ ឆ្នាំ 2015 នេះ ដូច្នេះវាមិនមែនជារឿងចៃដន្យទេ ដែលរូបរាងគ្រប់ជ្រុងជ្រោយទាំងអស់របស់ Mate 8 ត្រូវបានគេបង្ហោះពេសពេញអ៊ីនធើណេតនៅក្នុងប្រទេសចិនក្នុងថ្ងៃនេះ។

ជាទូទៅក្រុមហ៊ុន Huawei ចូលចិត្តផលិតស្មាតហ្វូនធ្វើពីលោហៈធាតុ ដូច្នេះវាមិនមែនជារឿង​ភ្ញាក់ផ្អើលទេដែលតួខ្លួនរបស់ Mate 8 នឹងត្រូវបានផលិតពីលោហធាតុនោះ។ មើលទៅ ​Huawei Mate 8 អាចនឹងមានបីពណ៌គឺពណ៌ប្រផះ ពណ៌មាស និងពណ៌ទង់ដែង។

ប្រភពព័ត៌មាននេះក៏មានបញ្ជាក់ពីទីតាំងរបស់កន្លែងស្គេនម្រាមដៃ ដែលស្ថិតនៅផ្នែកខាង​ក្រោមកាមេរ៉ា ផ្នែកខាងក្រោយ ចំណែករន្ធបំពងសំឡេងវិញគឺស្ថិតនៅសងខាងរន្ធ USB នៅផ្នែកខាងក្រោមតែម្ដង។

អេក្រង់របស់​ Mate 8 មានលក្ខណៈកោង 2.5D ហើយអេក្រង់ទាំងមូល​ស្ទើរតែ​ប្រើបាន​ពេញ​មួយ​តួ​​ខ្លួនតែម្ដង។ អេក្រង់លក្ខណៈបែបនេះ មិនមានអ្វីប្លែកទេសម្រាប់ Mate 8 ប៉ុន្តែអ្វីដែល​ ពិសេសនោះគឺផ្នែកខាងលើ និងខាងក្រោមគឺសឹងតែគ្មានផ្នែកណាដែលចន្លោះទុកចោល មិនអាចប្រើបាននោះទេ។ មានន័យថា Mate 8 លេចធ្លោជាងគេ បើនិយាយពីទំហំអេក្រង់អាច​ប្រើបាន​ធៀបនឹងតួខ្លួនទាំងមូល។

Mate 8 ត្រូ​វគេដឹងថា បំពាក់ដោយឈីបថ្មីរបស់ Huawei Kirin 950 ដែលមាន Cortex-A72​ Cores បួនគ្រាប់ និង Cortex-A53 បួនគ្រាប់។ Mate 8 អាចនឹងមានអេក្រង់ 6 អ៊ីញ ហើយកាមេរ៉ា​ក្រោយ 16MP ឬ 20MP និង Flash ពីរ កាមេរ៉ាមុខ​ 8MP និងអង្គចងចាំ RAM 3GB ឬ 4GB និង ROM 32GB ឬ 64GB (តាម ​Version)។ ថ្មរបស់វា មានថាមពល 4100 mAh  ប្រតិបត្តិការដោយ​ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ជាមួយនឹង Emotion UI របស់ Huawei ផ្ទាល់។