ព័ត៌មាន

មេឃប៊ែងដាក់ឱ្យប្រើប្រាស់នូវសេវាកម្មធនាគារតាមទូរស័ព្ទដៃដែលមានមុខងារបង្ហាញទីតាំង និងកម្មវិធីស្កែន QR កូដ

ត្រួសត្រាយផ្លូវសម្រាប់ភាពនាំមុខផ្នែកប្រព័ន្ធធនាគារដែលមានលក្ខណៈឌីជីថល

image

មេឃប៊ែងជាធនាគារដំបូងនៅកម្ពុជាដែលបានដាក់ឱ្យប្រើប្រាស់នូវសេវាកម្មធនាគារតាមទូរស័ព្ទដៃដែលអាចចង្អុលបង្ហាញទីតាំងជាក់ស្តែង និងកម្មវិធីស្កែន QR កូដ

ភ្នំពេញ ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៦ – ធនាគារ មេឃប៊ែងកម្ពុជាបានដាក់សម្ភោធឱ្យប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទដៃដែលមានលក្ខណៈពិសេសសម្រាប់អតិថិជនទាំងអស់។ សេវាកម្មធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ មេឃប៊ែងបានដាក់បញ្ចូនូវបច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពក្នុងការចង្អុលបង្ហាញពីទីតាំងជាក់ស្តែង និងស្កែន QR កូដ។ អតិថិជនរបស់ធនាគារ មេឃប៊ែងអាចរីករាយជាមួយនឹងបទពិសោធន៍ថ្មីក្នុងវិស័យធនាគារដោយទទួលបានការបម្រើសេវាកម្មធនាគារតាមបច្ចេកវិទ្យាមួយនេះ។ សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះត្រូវបានសម្ភោធឱ្យប្រើប្រាស់ ដោយនាយកផ្នែកសេវាកម្មហិរញ្ញវត្ថុសហគមន៍នៃសម្ព័ន្ធធនាគារ មេឃប៊ែង ដាទុ លឹម ហុងតាត និងនាយិកាប្រតិបត្តិនៃធនាគារមេឃប៊ែងកម្ពុជា លោកស្រី ស៊ិនត្សៀ លីវ ដោយមានការចូលរួមពីសំណាក់អ្នកចូលចិត្តបច្ចេកវិទ្យារួមមាន ធុរជន សិស្សនិស្សិត និងបុគ្គលល្បីៗនៅក្នុងប្រទេសកម្ពុជា។

image

ដាទុ លឹម ហុងតាត បានលើកឡើងថា “កម្មវិធីថ្ងៃនេះ ជាសមិទ្ធិលមួយក្នុងការសម្រេចនូវយុទ្ធសាស្រ្តរបស់ធនាគារ មេឃប៊ែងឆ្នាំ 2020 ក្នុងការក្លាយខ្លួនជាធនាគារឌីជីថលជម្រើសទីមួយ យោងតាមចក្ខុវិស័យដែលទើបតែប្រកាសនាពេលថ្មីៗនេះ គឺសម្រេចគោលបំណងរបស់អាស៊ីជាមួយអ្នក។” លោកក៏បានបន្ថែមផងដែរថា “សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើសេវាអតិថិជនដ៏ល្អជាមួយនឹងបទពិសោធន៍ថ្មី។ នេះក៏ជាការបង្ហាញពីការខិតខំរបស់ធនាគារក្នុងការបង្កើតនូវប្រព័ន្ធធនាគារដែលមានលក្ខណៈឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាពិសេសយុវជនសម័យថ្មី។”

image

ជាមួយសេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ អតិថិជនអាចពិនិត្យមើលសមតុល្យគណនី ដូចជាប្រតិបត្តិការទិញទំនិញតាមប័ណ្ណឥណពន្ធ និងបញ្ជាធ្វើប្រតិបត្តិការសាមញ្ញៗគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយកាត់បន្ថយនូវការធ្វើដំណើរមកកាន់សាខាធនាគារ។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ផ្តល់ភាពងាយស្រួលក្នុងការផ្ញើរលុយទៅកាន់បុគ្គលម្នាក់ទៀតតាមរយៈទូរស័ព្ទដៃ និងអាចដកប្រាក់បានតាមគ្រប់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារមេឃប៊ែងដោយមិនចាំបាច់ប្រើកាត។

យ៉ាងណាមិញ ធនាគារមេឃប៊ែង ទទួលស្គាល់ថាការប្រាស្រ័យទាក់ទងក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុនៅតែមានសារៈសំខាន់។ សាខានៃធនាគាររបស់យើងមានបុគ្គលិកដែលមានវិជ្ជាជីវៈល្អក្នុងការចាំបម្រើអតិថិជន ទន្ទឹមនឹងការផ្តល់ជូនសេវាកម្មធនាគារតាមទូរស័ព្ទដៃ។ ដើម្បីងាយស្រួលក្នុងការស្វែងរកទីតាំងសាខាដែលនៅជិត លោកអ្នកអាចប្រើប្រាស់មុខងារបង្ហាញទីតាំងដែលអាចអោយលោកអ្នកស្កែនទីតាំងដែលនៅជុំវិញអ្នក និងមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ។ មុខងារបង្ហាញទីតាំងនេះផងដែរក៏អាចបង្ហាញទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ និងទីតាំងមានការបញ្ចុះតម្លៃសម្រាប់អតិថិជនធនាគារមេឃប៊ែងដែលនៅជិតលោកអ្នកបំផុត។ ចំពោះមុខងារស្កែន QR កូដ និងការគណនាប្រាក់កម្ចីអាចប្រើប្រាស់បានដោយសាធារណជនទាំងអស់ទោះបីពួកគាត់មិនមែនជាអតិថិជនរបស់មេឃប៊ែងក៏ដោយ។

image

សេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិកបានក្លាយជាការពេញនិយមរបស់ប្រជាជនកម្ពុជាដែលចូលចិត្តនូវបច្ចេកវិទ្យាថ្មីៗ ហើយពួកគេបង្កើនការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនេះ។ ចំនួនអ្នកប្រើប្រាស់សេវាកម្មតាមអ៊ីនធើណិត M2U របស់ធនាគារមេឃប៊ែងបានកើនឡើង ៥០% ក្នុងមួយឆ្នាំ រីឯចំនួនប្រតិបត្តិការប្រចាំខែបានកើនឡើងជាមធ្យម ៥០% គិតចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។

លោកស្រី ស៊ិនត្សៀ លីវ នាយិកាប្រតិបត្តិនៃធនាគារមេឃប៊ែងកម្ពុជាបានលើកឡើងថា ធនាគារមេឃប៊ែងបានចូលរួមគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការជម្រុញចរន្តសេដ្ឋកិច្ចដោយគ្មានក្រដាសប្រាក់ និងលើស្ទួយប្រព័ន្ធធនាគារដែលមានលក្ខណៈឌីជីថល។ ប្រព័ន្ធធនាគារដែលមានលក្ខណៈឌីជីថល មិនត្រឹមតែផ្តល់នូវភាពងាយស្រួលតែប៉ុណ្ណោះទេ តែវាក៏មានសុវត្ថិភាពខ្ពស់ដោយសារមានប្រព័ន្ធការពារច្រើនដំណាក់កាល។ សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗដទៃទៀតរបស់ធនាគារមេឃប៊ែង នៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការចែកចាយសេវាកម្មធនាគារ។ វាបានសបញ្ជាក់ថា ការទទួលយកសេវាកម្មធនាគារ គឺមានភាពងាយស្រួល និងរីករាយ ទន្ទឹមនឹងនេះក៏មានសុវត្ថិភាពខ្ពស់ផងដែរ។

image

ធនាគារ មេឃប៊ែងកម្ពុជាបានបង្កើតសេវាកម្មធនាគារតាមទូរស័ព្ទដៃនេះដោយផ្អែកទៅលើបច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិរបស់សម្ព័ន្ធធនាគារមេឃប៊ែងដែលបច្ចុប្ប​ន្ននេះកំពុងតែត្រូវបានប្រើប្រាស់ដោយប្រជាជនរាប់លាននាក់ក្នុងតំបន់អាស៊ី។

លោកស្រី ស៊ិនត្សៀ លីវ បានបន្ថែមទៀតថា ធនាគារមេឃប៊ែងមានគម្រោងក្នុងការលើកយកនូវសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិចមួយចំនួនទៀតដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធិភាពនៃប្រតិបត្តិការធនាគារ។ ការសម្ភោធនេះផងដែរ ក៏ជាសមិទ្ធិផលមួយក្នុងការខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការក្លាយខ្លួនជាធនាគារដែលមានលក្ខណៈឌីជីថលជម្រើសទីមួយនៅក្នុងប្រទេស។

គួររំលឹកផងដែរថា ធនាគារមេឃប៊ែងទើបតែដាក់ឱ្យប្រើប្រាស់នូវប័ណ្ណឥណពន្ធវីសារូបភាពដែលអាចឱ្យអតិថិជនដាក់រូបភាពរបស់ពួកគេទៅលើប័ណ្ណនោះតាមចំណង់ចំណូលចិត្ត។ ជាមួយនឹងការច្នៃប្រឌិតថ្មីនេះ ធនាគារមេឃប៊ែងទើបតែបានទទួលពានរង្វាន់វីសាភាពជាអ្នកដឹកនាំនៃការច្នៃប្រឌិត។

ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារមេឃប៊ែងក៏បានប្រកាសកម្មវិធីប្រកួតប្រជែង “Maybank Awesome Race Challenge” ដើម្បីផ្តល់រង្វាន់ជូនអតិថិជនដែលធ្វើប្រតិបត្តិការតាមរយៈសេវាកម្មធនាគារតាមទូរស័ព្ទដៃច្រើនជាងគេចំនួន ១០ នាក់ និងអតិថិជនដែលបានធ្វើការចាយតាមប័ណ្ណឥណពន្ធវីសាច្រើនជាងគេចំនួន ១០ នាក់ ដើម្បីចូលរួមកម្មវិធីប្រកួត “Awesome Race” ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ១០០០ ដុល្លារ ឬទូរស័ព្ទ iPhone 7 ឬនាឡិកាដៃ Apple (ម៉ូដែលចុងក្រោយ) ។

អ្នកអាចទាញយកកម្មវិធីសេវាកម្មធនាគារតាមទូរស័ព្ទរបស់ធនាគារមេឃប៊ែងដោយស្វែងរកពាក្យ “Maybank KH” តាមប្រព័ន្ធដំណើរការទូរស័ព្ទ iOS និង Android ។

ធនាគារមេឃប៊ែងចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៣ និងបច្ចុប្បន្នមានចំនួន ២១ សាខា និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិចំនួន ៤០ នៅទូទាំងប្រទេសសម្រាប់បម្រើសេវាកម្មជូនអតិថិជន៕

ប្រភព៖ www.maybank2u.com.kh