ព័ត៌មាន

ក្រុមហ៊ុនសាមសុងផ្តល់ជូនគ្រឿងអេឡិចត្រូនិកបន្ថែមដើម្បីពង្រឹងកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ក្រុមហ៊ុនសាមសុងបានផ្គត់ផ្គងបន្ថែមទៀតនូវគ្រឿងអេឡិចត្រូនិកនិងសម្ភារៈសិក្សាដល់និស្សិតដែលកំពុងសិក្សាក្នុងវគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យាសាមសុង Tech Institute នៅថ្ងៃទី 31 ខែ សីហា នៅ​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ​(NPIC) ។

image

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖ «យើងចង់ឲ្យនិស្សិតដែលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសាស្ត្រាចារ្យអាចអនុវត្តជាមួយនិឹងសម្ភារៈអេឡិចត្រូនិកទំនើបៗរបស់សាមសុង ដូច្នេះហើយទើបយើងនាំមកជូននូវសម្ភារៈជាច្រើននៅថ្ងៃនេះ។ »

សម្ភារៈដែលត្រូវបានយកចែកជូនបន្ថែមនៅថ្ងៃនេះរួមមាន៖ ម៉ាសុីនបោកសំលៀកបំពាក់ទំនើបៗ សាមសុងថេប្លិត ទូរស័ព្ទដៃសាមសុង និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត។

image

ជារៀងរាល់ឆ្នាំក្រុមហ៊ុនសាមសុងតែងផ្តល់ជូនសម្ភារៈសិក្សានិងគ្រឿងអេឡិចត្រូនិក ក៏ដូចជាបណ្តុះបណ្តាលគ្រូបង្គោលជាមួយនឹងអ្នកជំនាញរបស់ក្រុមហ៊ុនសាមសុងដើម្បីឲ្យនិស្សិតដែលចូលរួមក្នុងវគ្គនេះអាចទទួលបានចំណេះដឹងថ្មីៗ។ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យាសាមសុង Tech Instituteនេះ ត្រូវរៀបចំឡើងដោយ​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ​(NPIC) ដោយមានការសហការឧបត្ថម្ភពីក្រុមហ៊ុនសាមសុងតាំងពីឆ្នាំ2014។

image

image

លោកសាស្រ្តាចារ្យ គឹម វណ្ណី ប្រធានការិយាល័យសិក្សានៃ​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹង៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយដែលក្រុមហ៊ុនសាមសុងតែងតែទំនុកបម្រុងគ្រឿងអេទ្បិចត្រូនិកទំនើបដែលជួយឲ្យនិស្សិតអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍បានយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមថាសាមសុងនឹងបន្តនូវការចែករំលែកនេះមកដល់និស្សិតកម្ពុជាដើម្បីជួយអភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឲ្យទាន់សម័យកាល។»

image

លោក  ជី ជូឡុង ដែលជានិស្សិតឆ្នាំទី 2 ផ្នែកបរិក្ខារត្រជាក់បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ពេលដែលបានទទួលនូវសម្ភារៈសិក្សាក៏ដូចជាគ្រឿងអេឡិចត្រូនិករបស់សាមសុងនៅថ្ងៃនេះ។ ជាការពិតណាស់ យើងមិនអាចបានរៀននិងអនុវត្តជាមួយគ្រឿងអេឡិចត្រូនិកទំនើបដូច្នេះទេបើគ្មានសាមសុង។»

រយៈពេលជិត ៣ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងមាននិស្សិតប្រមាណ  200នាក់ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ។ មាននិស្សិតជាង10 នាក់ ដែលបានទទួលការងារដ៏សមរម្យនៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ  ហើយមាននិស្សិតជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស។