ព័ត៌មាន

កន្លែងប្តូរប្រាក់ទៅលើរូបិយប័ណ្ណ cryptocurrency នៅក្នុងប្រទេសកូរ៉េខាងត្បូងបិទទ្វារ ប្រកាសការក្ស័យធនបន្ទាប់ពីមានការវាយប្រហារតាមអ៊ីនធើណិត

កន្លែងប្តូររូបិយប័ណ្ណមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនកំពុងតែរៀបបិទទ្វារ និងការដាក់ពាក្យសុំក្ស័យធនបន្ទាប់ពីកន្លែងប្តូររូបិយប័ណ្ណនេះទទួលរងនូវការហេគជាលើកទី ២ នៅឆ្នាំនេះ។ ក្រុមហ៊ុនបាត់បង់នូវទ្រព្យសម្បត្តិដល់ទៅ ១៧% នៅក្នុងការវាយប្រហារតាមអ៊ីនធើណិតនេះ។​ កន្លែងប្តូររូបិយប័ណ្ណ Youbit និយាយថា ខ្លួនពិតមានការសោកស្តាយខ្លាំងណាស់ដែលខ្លួនត្រូវបង្ខំបិទទ្វារ ហើយអតិថិជនជាច្រើនអាចយកបានត្រឡប់មកវិញនូវ ៧៥% នៃតម្លៃរូបិយប័ណ្ណ cryptocurrency ដែលពួកគេធ្វើការបានប្តូរ។

image

ក្រុមហ៊ុនមិនបង្ហាញអំពីចំនួនជាក់លាក់នៃទ្រព្យសម្បត្តិប៉ុន្មាននោះទេនៅក្នុងការវាយប្រហារនេះ ប៉ុន្តែហេគឃ័រមិនមានលទ្ធភាពក្នុងការលួចលុយឌីជីថលទាំងអស់បានទេដោយសារតែភាគច្រើននៃអ្នកប្រើប្រាស់គឺជា “cold wallet” ។ ទីភ្នាក់ងារអ៊ីនធើណិត និងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូង (Kisa) និយាយថា ខ្លួនចាប់ផ្តើមស៊ើបអង្កេតផងដែរទៅលើការហេគមួយនេះ។ ទីភ្នាក់ងារនេះក៏បន្ទោសទៅលើការវាយប្រហារពីមុនទៅលើ Youbit តាមរយៈក្រុមចារកម្មអ៊ីនធើណិតដែលធ្វើការអោយប្រទេសកូរ៉េខាងជើង។ នៅក្នុងខែមេសា កន្លែងប្តូររូបិយប័ណ្ណ cryptocurrency បាត់បង់ 4,000 bitcoins ដែលមានតម្លៃស្មើរនឹងទឹកប្រាក់ ៧៣ លានដុល្លារអាមេរិកសម្រាប់ក្រុមចោរអ៊ីនធើណិតនោះ។

ក្រុមហ៊ុនសុវត្ថិភាព FireEye របស់ប្រទេសកូរ៉េខាងត្បូងនិយាយថា ពួកហេគឃ័ររបស់កូរ៉េខាងជើងមានគោលដៅទៅលើកន្លែងប្តូររូបិយប័ណ្ណ cryptocurrency ជាច្រើនទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីជៀសវាងពីការដាក់ទណ្ឌកម្ម និងការផ្តល់មូលនិធិទៅឱ្យរដ្ឋ ឬឯកជនរបស់ក្រុមវីរជននៅក្នុងក្រុងព្យុងយ៉ាង។ ហេគឃ័រទាំងនេះគឺមានទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើងក្នុងការលួច Bitcoins យ៉ាងហោចណាស់ពីកន្លែងប្តូររូបិយប័ណ្ណ cryptocurrency នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ៣ កន្លែងចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ នេះ។

យោងតាមរបាយការណ៍ពីរដ្ឋាភិបាលរបស់កូរ៉េខាងត្បូងបង្កើតឡើងដោយវិទ្យាស្ថានសុវត្ថិភាពហិរញ្ញវត្ថុ (FSI) បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងប្រហែលជាដើរតួយ៉ាងសំខាន់នៅក្នុងការវាយប្រហារតាមមេរោគ “WannaCry” ransomware attack ដែលឆ្លងទៅកាន់ប្រទេសចំនួន ១៥០ កាលពីឧសភា។ FSI ក៏ធ្វើការវិភាគទៅលើការវាយប្រហារតាមអ៊ីនធើណិតជាច្រើនចាប់ពីឆ្លាំ ២០១៥ ដល់ ២០១៧ ផងដែរ។ ការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងទំនងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រតិបត្តិការជាច្រើននៃសង្គ្រាមអ៊ីនធើណិត និងការធ្វើចារកម្មដើម្បីបង្កើតនូវការវាយប្រហារសម្រាប់រកប្រាក់៕