ព័ត៌មាន

នេះគឺជាបុគ្គលិករបស់ NSA ដែលរក្សាទុកឯកសារសម្ងាត់ជាច្រើននៅផ្ទះហើយត្រូវហេគឃ័ររបស់រុស្សីលួចទិន្នន័យសម្ងាត់បាន

អតីតបុគ្គលិកដែលធ្វើការនៅទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (National Security Agency) សារភាពនៅថ្ងៃសុក្រនេះថា ខ្លួនពិតជារំលោភបំពានតាមរយៈការយកឯកសារជាច្រើនទុកនៅផ្ទះ ហើយក្រោយមកវាក៏ត្រូវលួចដោយក្រុមហេគឃ័ររបស់រុស្សី។ នៅក្នុងសន្នីសីទកាសែតមួយ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកប្រកាសថា លោក Nghia Hoang Pho​ វ័យ ៦៧ ឆ្នាំរស់នៅក្នុងតំបន់ Ellicott City, Maryland យកឯកសារជាច្រើនដែលជាព័ត៌មានសម្ងាត់កំពូលរបស់ជាតិចេញពីទីភ្នាក់ងារនៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៥ ។

image

លោក Pho ធ្វើការជាអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ប្រតិបត្តិការ​ Tailored Access Operations (TAO) នៃក្រុមហេគនៅ NSA ត្រូវគេរាយការណ៍ថាលួចឯកសារ និង Tools ជាច្រើនសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ Windows របស់គាត់នៅផ្ទះដែលដំណើរការកម្មវិធី Kaspersky Lab នោះ។ យោងតាមអាជ្ញាធរបញ្ជាក់ថា កម្មវិធីការពារមេរោគ Kaspersky Labs ត្រូវគេដឹងថាហេគដោយក្រុមហេគឃ័រនៅក្នុងប្រទេសរុស្សី។ ក្រុមហេគឃ័រនេះលួចទិន្នន័យសម្ងាត់កំពូលជាច្រើនរបស់ NSA និងការហេគទៅលើកុំព្យូទ័ររបស់លោក Pho នៅផ្ទះតាំងពីឆ្នាំ ២០១៥​។

នាយកដ្ឋានសន្តិសុខសុវត្ថិភាព  Department of Homeland Security (DHS) របស់សហរដ្ឋអាមេរិកទើបតែហាមឃាត់ទៅលើការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Kaspersky Labs ពីកុំព្យូទ័រទាំងអស់របស់រដ្ឋាភិបាលដោយសង្ស័យថាក្រុមហ៊ុននេះពាក់ព័ន្ធជាមួយនឹងទីភ្នាក់ងារចារកម្មរបស់រុស្សី និងការភ័យខ្លាចចារកម្មថែមទៀតផង។

លោក Pho ក៏សារភាពពីកំហុសរបស់ខ្លួននៅក្នុងតុលាការក្នុងស្រុកនៅ Baltimore នៃសហរដ្ឋអាមេរិក ហើយតុលាការក៏ចោទប្រកាន់ពីការយកឯកសារសម្ងាត់ចេញពីទីភ្នាក់ងារដោយចេតនា និងការរក្សាទុកព័ត៌មានជាតិដោយគ្មានការអនុញ្ញាតនោះ។ បទល្មើសនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំខណៈពេលដែលព្រះរាជអាជ្ញាសហព័ន្ធនិយាយថា លោក Pho ប្រហែលជាជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ។ លោក Pho នៅតែមានសេរីភាពដដែលខណៈពេលដែលលោករង់ចាំការកាត់ទោសនៅថ្ងៃទី ៦ ខែមេសា ឆ្នាំក្រោយនេះ៕