ព័ត៌មាន

តើយន្តហោះគ្មានមនុស្សបើក DJI Drone គឺជាចារកម្មរបស់ចិនមែនទេ?

នាយកដ្ឋានសុវត្ថិភាពរបស់សហរដ្ឋអាមេរិក (DHS) ថ្មីៗនេះចោទប្រកាន់ទៅលើក្រុមហ៊ុន Da-Jiang Innovations (DJI) ដែលជាក្រុមហ៊ុនធំបំផុតមួយផលិតយន្តហោះគ្មានមនុស្សបើក Drone ក្នុងការបញ្ជូនព័ត៌មានរសើបអំពីហេដ្ឋារចនសម្ព័ន្ធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនតាមរយៈយន្តហោះគ្មានមនុស្សបើក Drone និងកម្មវិធីប្រើប្រាស់របស់វា។

image

តាមរយៈការិយាល័យអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើក​ DJI Drones ប្រហែលជាកំពុងតែបញ្ជូនហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សហរដ្ឋអាមេរិក និងទិន្នន័យនៃការអនុវត្តន៍ច្បាប់ទៅកាន់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យនេះមានទំនុកចិត្តខ្ពស់ដែលថា ទិន្នន័យសំខាន់ដែលប្រមូលដោយប្រព័ន្ធរបស់ DJI អាចប្រើប្រាស់បានតាមរយៈរដ្ឋាភិបាលរបស់ចិនក្នុងការចាប់ផ្តើមការវាយប្រហារទៅលើប្រព័ន្ធអ៊ីនធើណិតក្នុងការប្រឆាំងទៅនឹងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋរបស់ខ្លួន។

នៅក្នុងអនុស្សរណៈនេះក៏បញ្ជាក់អំពីគោលដៅរបស់រដ្ឋាភិបាលចិនក្នុងការប៉ុនប៉ងទៅលើការវាយប្រហាររួមមានប្រព័ន្ធផ្លូវរថភ្លើង ប្រព័ន្ធទឹក និងការសាងសង់ទៅលើផ្លូវធំ ស្ពាន និងផ្លូវដែកផងដែរ។ ភាពកង្វល់ដែលជាការព្រួយបារម្ភនោះគឺយន្តហោះគ្មានមនុស្សបើក DJI ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន និងស្ថាប័នជាច្រើននៅសហរដ្ឋអាមេរិក។

យោងតាម ICE យន្តហោះគ្មានមនុស្សបើក DJI ចាប់ផ្តើមប្រតិបត្តិការទៅលើ Apps ស្មាតហ្វូន Android ចំនួនពីរគឺ DJI GO និង SKY Pixels ដែលអាចធ្វើការ Tag GPS ដោយស្វ័យប្រវត្តិ និងទីតាំងជាច្រើន ការចូលទៅកាន់ទិន្នន័យទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងការចុះឈ្មោះនៅក្នុងបច្ចេកវិទ្យាស្កេនមុខទោះបីជាប្រព័ន្ធបិទក៏ដោយ។ ក្រៅពីនេះ ICE និយាយថា Apps ទាំងពីរនេះក៏ចាប់យកអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនជាច្រើនដូចជាឈ្មោះពេញ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ អត្តសញ្ញាណកុំព្យូទ័រ រូបភាព និងវីដេអូជាច្រើនថែមទៀត។

ប្រភពសុំមិនបញ្ចេញឈ្មោះនិយាយថា ICE ចោទប្រកាន់ថា DJI នឹងធ្វើការ Uploads ទិន្នន័យដែលប្រមូលបានដោយស្វ័យប្រវត្តិទៅកាន់ Cloud Storage System ដែលមានទីតាំងនៅប្រទេសចិន តៃវ៉ាន់ និងហុងកុងដែលរដ្ឋាភិបាលរបស់ចិនអាចចូលទៅដំណើរការបាន។ យ៉ាងណាមិញ ក្រុមហ៊ុន DJI បដិសេធទៅនឹងការចោទប្រកាន់នេះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន DJI បញ្ជាក់ថា អ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងទៅលើទិន្នន័យដែលខ្លួនចែករំលែកនៅលើយន្តហោះ Drone នេះហើយវាគឺផ្តល់ដោយ DJI App ដើម្បីធ្វើការរក្សាទុកនូវទិន្នន័យនៃការហោះហើររបស់យន្តហោះតែប៉ុណ្ណោះ៕