ព័ត៌មាន

ក្មេងប្រុសសិស្សសាលាអាយុ ១៥ ឆ្នាំម្នាក់ក្លែងបន្លំខ្លួនជាប្រធាន CIA ក្នុងការហេគទៅលើព័ត៌មានសំខាន់ជាច្រើន

ក្រុមហេគឃ័រដែលគាំទ្រប៉ាឡេស្ទីនដ៏ល្បីឈ្មោះស្ថិតនៅពីក្រោយការវាយប្រហារជាច្រើនប្រឆាំងទៅនឹងក្រុមចារកម្មរបស់សហរដ្ឋអាមេរិក និងបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់ទីភ្នាក់ងារ FBI ជាង 20,000 នាក់ មន្រ្តីនៃនាយកដ្ឋានសុវត្ថិភាពជាង 9000 នាក់ និងបុគ្គលិកធ្វើការនៅ DoJ មួយចំនួនទៀតនៅក្នុងឆ្នាំ 2015 នេះ។

image

មេដឹកនាំនៃក្រុមហេគឃ័រនេះគឺមានអាយុត្រឹមតែ 15 ឆ្នាំប៉ុណ្ណោះនៅពេលដែលក្មេងប្រុសម្នាក់នេះប្រើប្រាស់នូវ “social engineering” ដើម្បីធ្វើការក្លែងបន្លំខ្លួនធ្វើជាប្រធានរបស់ CIA និងការចូលទៅលួចយកព័ត៌មានសំខាន់របស់ការិយាល័យ Leicestershire ។

ពេលនេះ Kane Gamble មានអាយុ ១៨ ឆ្នាំជាអ្នកវាយប្រហារវ័យក្មេងជនជាតិអង់គ្លេសដែលក្លែងបន្លំខ្លួនជាលោក John Brennan ប្រធានរបស់ CIA លោក James Clapper ប្រធានទីភ្នាក់ងារស៊ើបអង្កេតជាតិ លោក Jeh Johnson លេខាធិការសន្តិសុខជាតិ លោក Mark Giuliano អនុប្រធានរបស់ FBI និងបុគ្គលិកជាន់ខ្ពស់ជាច្រើនទៀតរបស់ FBI ។

នៅចន្លោះខែមិថុនា ឆ្នាំ ២០១៥ និងខែកុម្ភៈឆ្នាំ ២០១៦ ក្មេងប្រុស Gamble ក្លែងបន្លំខ្លួនជាលោក Brennan និងបោកបញ្ឆោតទៅកាន់មជ្ឈមណ្ឌល Call Centre ដើម្បីផ្តល់នូវព័ត៌មានទៅលើគម្រោងនៃប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ឺរ៉ង់។

ក្មេងប្រុសនេះក៏ចំអកមើលងាយទៅលើជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេដោយបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួន និងការតម្លើងនូវរូបភាពអាសអាភាសចូលទៅក្នុងកុំព្យូទ័រ និងគ្រប់គ្រងទៅលើ iPads និង TV Screens របស់ពួកគេនោះ។ ក្មេងប្រុសនេះក៏ខលទៅកាន់អ្នកផ្ទះរបស់លោក Brennan និងគ្រប់គ្រងទៅលើ iPad ប្រពន្ធរបស់គាត់ផងដែរ។

ក្មេងប្រុស Gamble និយាយថា គាត់មានគោលដៅក្នុងការវាយប្រហារទៅលើរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ហើយគាត់ពិតជាមានការធុញទ្រាន់ជាមួយនឹងអំពើពុករលួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយគាត់សម្រេចចិត្តធ្វើរឿងនេះ។ Gamble ទទួលរងនូវការចោទប្រកាន់ទៅលើ 8 ករណី ហើយក្មេងប្រុសនេះត្រូវចាប់ខ្លួនដោយប៉ូលិស FBI នៅក្នុងខែកញ្ញាឆ្នាំ 2016 នៅពេលដែលក្មេងនេះត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ៕