ព័ត៌មាន

ក្រុមហ៊ុន Grab និង អង្គការ UNDP នឹងចាប់ដៃគូជាមួយគ្នា ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធិភាពចរាចរណ៍នៅកម្ពុជា

  • បង្ហាញពីបេសកកម្មរបស់ភាគីទាំងពីរដើម្បីលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជនតាមរយៈការចុះហត្ថលេខាអនុស្សរណៈយោគយល់

  • កិច្ចសហប្រតិបត្តិការនេះមានបំណងកាត់បន្ថយឧស្ម័នពុលនៅក្នុងបរិយាកាស និង ការកកស្ទះចរាចរណ៍តាមទីក្រុង ក៏ដូចជាពង្រឹងសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់យានយន្ត និងជីវឥន្ធនៈ ដោយការចែករំលែក ចំណោះដឹង និងទិន្នន័យតាមរយៈ ការសិក្សាស្រាវជ្រាវ និងការបង្កើតថ្មី

នៅថ្ងៃទី​ ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ- Grab ដែលជាក្រុមហ៊ុន ផ្តល់ជូនសេវាកម្មធ្វើដំណើរទៅតាមតម្រូវការ ​និងការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ ហើយនិងអង្គការ UNDP បានប្រកាសនៅថ្ងៃនេះ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានគោលបំណង លើកកម្ពស់ស្តង់ដារ រស់នៅរបស់ប្រជាជនក្នុងទីក្រុង ដោយចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងបរិយាកាស និងការកកស្ទះចរាចរណ៍តាមទីក្រុង។

 image

ក្នុងការចុះហត្ថលេខាអនុស្សរណៈយោគយល់នេះ ដៃគូទាំងពីរ បានធ្វើការព្រមព្រៀង ដើម្បីសហការគ្នាលើចំណុចសំខាន់ៗ ដូចជា ១.កាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស ដោយការលើកកម្ពស់ និងប្រើប្រាស់នូវរថយន្តថ្មី ដែលដំណើរការដោយជីវឥន្ធនៈ ២.គាំទ្រដល់ ការអភិវឌ្ឍន៍សមត្ថភាព របស់ស្ថាប័ន ក្នុងការគ្រប់គ្រង ព្រមទាំងកាត់បន្ថយចំណាយ ទាក់ទងនឹងការធ្វើចរាចរ តាមរយៈការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិចរាចរណ៍ ៣.គឺការអភិវឌ្ឍន៍ វិធានការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាព ដោយការសិក្សាស្រាវជ្រាវ និង ចែករំលែកចំណេះដឹង ហើយនឹង ៤.ពង្រឹងសុវត្ថិភាពចរាចរណ៍ និង ការការពារអាយុជីវិត តាមរយៈការប្រើប្រាស់ ទិន្នន័យចរាចរណ៍ ។​

image

លោក Wee Tang Yee នាយកប្រចាំការនៅប្រទេសកម្ពុជារបស់ Grab បាន មានប្រសាសន៍ថា “បេសកកម្មរបស់ ក្រុមហ៊ុន Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការបង្កើតនូវបច្ចេកវិទ្យាថ្មីៗរបស់យើង” ។

“ក្នុងនាមជាក្រុមហ៊ុនមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង ​របស់ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងព្យាយាមបន្តធ្វើការ ជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន​ នៅក្នុងស្រុក និងនៅទូទាំងអាស៊ាន។ យើងជឿជាក់ថាការចាប់ដៃគូជាមួយអង្គការ UNDP នឹងជួយ ពង្រីកមហិច្ឆតារបស់យើង ដើម្បីធ្វើឱ្យទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានសោភ័ណភាពនិង គួរអោយរស់នៅជាងមុន តាមរយៈការគ្រប់គ្រងចរាចរណ៍ដែលមានប្រសិទ្ធភាពជាងមុន»។

 image

បញ្ហាកកស្ទះចរាចរណ៍ និង ការបំពុលបរិយាកាសនៅក្នុងទីក្រុង គឺជាបញ្ហាចម្បងមួយ នៅតាមបណ្ដាទីក្រុងនៃប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើន រួមទាំងរាជធានីភ្នំពេញផងដែរ។ ដោយសារតែកំណើនសេដ្ឋកិច្ច និង​ កំណើនប្រជាជនមានការកើនឡើង​យ៉ាងឆាប់រហ័ស ធ្វើឱ្យមានគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការបំពុលបរិយាកាស និង ការកើនឡើងនៃចំនួនយានយន្តនៅតាមដងផ្លូវ ដែលឆ្លុះបញ្ចាំងពីតម្រូវការយ៉ាងពិតប្រាកដ សម្រាប់ការបង្កើតឱ្យមាននូវផែនការ និង ដំណោះស្រាយប្រកបដោយ និរន្តរភាព។ ទិន្នន័យដែលយកចេញពីកម្មវិធី Grab ក៏អាចយកទៅប្រើប្រាស់ ដើម្បីស្វែងរកមធ្យោបាយ ដឹកជញ្ជូនសាធារណៈដែលមានភាពប្រសើរឡើង និង ធំជាងមុនដើម្បីលើកកម្ពស់វិស័យ ដឹកជញ្ជូន នៅក្នុងរាជធានីភ្នំពេញ។

 image

ដោយមានដៃគូបើកបរជាង 2,4 លាននាក់នៅទូទាំងតំបន់ កម្មវិធី Grab របស់អ្នក បើកបរអាចបង្កើតទិន្នន័យ GPS ដែលត្រឹមត្រូវជាមួយនឹងពេលវេលាពិតប្រាកដ និង អាចបង្ហាញពីទីតាំងនៃយាន្តជំនិះ ជាមួយនឹងទូរស័ព្ទ Smartphones ឱ្យកាន់តែជាក់លាក់ ជាមួយនឹងស្ថិតិចរាចរណ៍ដែលមានពីមុន។ ទិន្នន័យទាំងនេះ អាចយកទៅប្រើប្រាស់បាន យ៉ាងច្រើនដូចជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយជួយសម្រួលផ្លូវចារាចរណ៍ តាមរយៈការវិភាគពេលវេលា ដែលល្អសម្រាប់ធ្វើដំណើរដោយការបង្ហាញនូវកម្រិតនៃការកកស្ទះចរាចរណ៍ និង រៀបចំផ្លូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីជៀសវាងការបញ្ចេញនូវ ឧស្ម័នពុលច្រើននៅក្នុងទីក្រុង ។ល។

 image

ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយ UNDP ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តថ្មីដែល ដំណើរការដោយជីវឥន្ធនៈ ក្រុមហ៊ុន Grab នឹងគាំទ្រ​ដល់អង្គការដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ចំពោះបរិស្ថាន ព្រមទាំងចរាចរណ៍ដោយការប្រមូល និងវិភាគទិន្នន័យដែលទទួលបាន។

 image

លោក Nick Beresford បាននិយាយថា “ការចាប់ដៃគូជាមួយក្រុមហ៊ុន Grab នេះ គឺជា ជំហានដ៏សំខាន់មួយសម្រាប់យើង ដើម្បីផ្ដល់នូវសេវាកម្មតាក់ស៊ី និង​ ទិន្នន័យដែលទទួលបានពីកម្មវិធី ដើម្បីដោះស្រាយបញ្ហា ការបំពុលបរិស្ថាន និង បញ្ហាចរាចរណ៍។ យើងមានក្តីរំភើប ចំពោះការចាប់ដៃគូនេះ ហើយសង្ឃឹមថាការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Grab​ នេះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព “។

 ជាទូទៅសេវាកម្មតាក់ស៊ីរបស់ក្រុមហ៊ុន Grab បានជួយកាត់បន្ថយចំនួនរថយន្តប្រហែល 16.000 គ្រឿង ដែលចរាចរលើដងផ្លូវ​នៅតាមបណ្តាទីក្រុងនានា ដែលត្រូវបាន ផ្ដល់សេវាកម្មទាំងនេះ ហើយបានជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនប្រមាណ 3,2 លានគីឡូក្រាម នៅទូទាំងតំបន់ក្នុងកំឡុងឆ្នាំ 2012-2016 ។

 នៅខែ មករា ឆ្នាំ 2018 ក្រុមហ៊ុន Grab ទើបតែបានប្រកាសថ្មីៗនេះ អំពីការចាប់ ដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ដើម្បីពង្រីកសេវាកម្ម ធ្វើដំណើរចល័តឆ្លាតវៃ។ កិច្ចសហប្រតិបត្តិការនេះ នឹងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ អំពីការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និង ការចំណាយ លើការថែទាំយានយន្តសម្រាប់អ្នកធ្វើដំណើរ។

 Grab បានក្លាយជាក្រុមហ៊ុនផ្ដល់ជំនួយយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ សេវាកម្មជាច្រើន ត្រូវបានផ្ដល់ដោយក្រុមហ៊ុន Grab ឧទាហរណ៍ដូចជា ការសន្សំសំចៃបាន 3,2 លានគីឡូក្រាម នៃការបញ្ចេញឧស្ម័នកាបូននៅឆ្នាំមុន និង ការផ្ដល់យានយន្ត GrabHitch និង GrabShare បានរួមចំណែកក្នុងការកាត់បន្ថយ ការចរាចររថយន្តចំនួន 16000 គ្រឿង លើផ្លូវថ្នល់ នៅតាមទីក្រុងនានា។

 សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់វេបសាយ https://www.grab.com/kh/

អំពី Grab

Grab គឺជាក្រុមហ៊ុន ផ្ដល់សេវាកម្មដឹកជញ្ជូនតាមតម្រូវការ និង ផ្ដល់មធ្យោបាយ ទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍។ Grab បានដោះស្រាយ បញ្ហាប្រឈមសំខាន់ៗ ដើម្បីធ្វើឱ្យការដឹកជញ្ជូនមានភាពទូលំទូលាយសម្រាប់ ប្រជាពលរដ្ឋ ជាង 620 លាននាក់នៅអាស៊ីអាគ្នេយ៍។ សេវាកម្មសំខាន់ៗរបស់ Grab មានដូចជា ផ្ដល់មធ្យាបាយដឹកជញ្ជុនសម្រាប់អ្នកបើកបរ និង អ្នកដំណើរដោយផ្តោតសំខាន់លើ ការផ្ដល់ នូវភាពងាយស្រួល សុវត្ថិភាព និង ទំនុកចិត្ត ព្រមទាំងមធ្យោបាយទូទាត់ ប្រាក់របស់ខ្លួន គឺ GrabPay ដែលកំពុងបង្កើនលទ្ធភាពក្នុងការផ្ដល់ជូននូវ មធ្យោបាយទូទាត់ប្រាក់តាម ទូរស័ព្ទចល័តសម្រាប់អ្នកដំណើរ និង អ្នកបើកបរ រាប់លាននាក់ នៅទូទាំងតំបន់ អាស៊ីអាគ្នេយ៍ និង លើកកម្ពស់នូវការប្រើប្រាស់ហិរញ្ញវត្ថុ នៅក្នុងតំបន់។ បច្ចុប្បន្ន Grab ផ្តល់សេវាកម្មនៅប្រទេសជាច្រើនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: https://www.grab.com/kh/