ព័ត៌មាន

ក្រុមហ៊ុន Expedia's Orbitz និយាយថា ប័ណ្ណទូទាត់ចំនួន 880.000 ទទួលរងការរំលោភបំពានលើប្រព័ន្ធសុវត្ថិភាព

ក្រុមហ៊ុន Orbitz ដែលជាក្រុមហ៊ុនទាក់ទងទៅនឹងការធ្វើដំណើរតាមអនឡាញមានមូលដ្ឋាននៅទីក្រុង Chicago និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Expedia បង្ហាញថាវេបសាយចាស់មួយរបស់ខ្លួនត្រូវគេហេគលួចយកលេខកាតទូទាត់ប្រាក់ចំនួនដល់ទៅជិត 880.000 សន្លឹកនៃអ្នកដែលទិញទំនិញនៅលើអនឡាញ។

image

ឧប្បត្តិហេតុនៃការរំលោភបំពានទៅលើទិន្នន័យនេះត្រូវរកឃើញនៅដើមខែនេះទំនងជាធ្វើឡើងនៅចន្លោះពីខែតុលា ឆ្នាំ 2016 និងខែធ្នូ ឆ្នាំ 2017 ដែលអាចទម្លាយនូវព័ត៌មានអតិថិជនជាច្រើនទៅកាន់ពួកហេគឃ័រ។ យោងតាមក្រុមហ៊ុននេះឱ្យដឹងថាពួកហេគឃ័រអាចនឹងទទួលព័ត៌មានប័ណ្ណទូទាត់ដែលត្រូវរក្សាទុកនៅលើវេទិកាអ្នកប្រើប្រាស់ និងដៃគូអាជីវកម្មរួមជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដូចជាឈ្មោះ អាស័យដ្ឋាន ថ្ងៃកំណើត លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីមែល និភេទផងដែរ។

ក្រុមហ៊ុន Orbitz ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញការផ្នែកសុវត្ថិភាព និងការអនុវត្តន៍ច្បាប់ដើម្បីស៊ើបអង្កេតការរំលោភបំពាននេះ ហើយបញ្ជាក់ថាលេខសុវត្ថិភាពសម្រាប់អតិថិជននៅសហរដ្ឋអាមេរិកមិនត្រូវបង្ហាញនៅក្នុងការរំលោភបំពាននេះនោះទេ។

ក្រុមហ៊ុននេះអះអាងថា ខ្លួនបង្កើនវេទិកាសន្តិសុខមួយដើម្បីធានាដល់អតិថិជនរបស់ខ្លួនថា វេបសាយបច្ចុប្បន្ន Orbitz.com មិនត្រូវរងការប៉ះពាល់នោះទេ។ ក្រុមហ៊ុន Orbitz និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយយើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាទំនុកចិត្តរបស់អតិថិជន និងដៃគូរបស់យើង” ។

បច្ចុប្បន្នក្រុមហ៊ុន Orbitz កំពុងធ្វើការជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់រាប់ពាន់នាក់ហើយគ្រោងនឹងផ្តល់សេវាកម្មឃ្លាំមើលឥណទាន និងសេវាអត្តសញ្ញាណកម្មរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ចាប់តាំងពីពត៌មាននៃកាតទូទាត់ប្រាក់នេះស្ថិតនៅក្នុងកណ្តាប់ដៃនៃឧក្រិដ្ឋកម្មតាមអ៊ិនធឺរណិតនោះ អតិថិជនជាច្រើនត្រូវគេណែនាំឱ្យពិនិត្យមើលរបាយការណ៍ប័ណ្ណឥណទានរបស់ពួកគេ និងរាយការណ៍អំពីការចាយវាយដោយគ្មានការអនុញ្ញាតណាមួយទៅកាន់ធនាគារផងដែរ៕