ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ផ្តល់ប្រាក់រង្វាន់ $40,000 ប្រសិនបើអ្នករកឃើញភស្តុតាងនៃការបែកធ្លាយទិន្នន័យ

ក្រុមហ៊ុន Facebook​ ចំណាយទឹកប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់អ្នកស្រាវជ្រាវ និងអ្នករកឃើញនូវ Bugs ដែលបង្ហាញអំពីចន្លោះប្រហោងនៅក្នុងផលិតផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីរឿងអាស្រូវរបស់ Cambridge Analytica នៅថ្ងៃនេះ ក្រុមហ៊ុននេះប្រកាសអំពីការផ្តល់នូវប្រាក់រង្វាន់ដល់អ្នកប្រើប្រាស់ក្នុងការរាយការណ៍អំពីបញ្ហានៃការរំលោភបំពានទៅលើទិន្នន័យនៅលើ Platform របស់ខ្លួននោះ។

image

រឿងនេះកើតឡើងបន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg ធ្វើសក្ខីភាពនៅសប្តាហ៍នេះដោយនិយាយអំពីបញ្ហានៃការចម្រូងចម្រាស់ជុំវិញទិន្នន័យរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Cambridge Analytica ដែលមានការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ដល់ទៅ 87 លាននាក់នោះ។

តាមរយៈកម្មវិធី “Data Abuse Bounty” ក្រុមហ៊ុន​ Facebook​ នឹងស្នើទៅកាន់អ្នកប្រើប្រាស់ក្នុងការជួយក្រុមហ៊ុនបណ្តាញសង្គមយក្សនេះក្នុងការស្វែងរកនូវ app developers ដែលប្រើប្រាស់នូវទិន្នន័យមិនត្រឹមត្រូវនោះ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារ៍នេះ។

ស្រដៀងគ្នាទៅនឹងកម្មវិធីប្រាក់រង្វាន់ទៅលើកំហុសឆ្គង Bug នេះ កម្មវិធី Data Abuse Bounty នឹងផ្តល់នូវប្រាក់រង្វាន់ជាច្រើនសម្រាប់អ្នកណាក៏ដោយដែលរាយការណ៍អំពីការប្រមូលទិន្នន័យដែលខុសពីគោលការណ៍របស់ក្រុមហ៊ុន Facebook នោះ។

ផលប៉ះពាល់នៃរបាយការណ៍នីមួយៗនេះនឹងកំណត់ទៅលើចំនួននៃប្រាក់ដែលក្រុមហ៊ុន Facebook ត្រូវចំណាយនោះ។ សម្រាប់អ្នកដែលរកឃើញនូវ Bug កម្រិតខ្ពស់នោះនឹងឈ្នះនូវប្រាក់រង្វាន់ចំនួន $40,000 ហើយក្រុមហ៊ុនមិនមានផ្តល់នូវប្រាក់រង្វាន់ច្រើនជាង $40,000 នោះទេ។

 image

ប្រសិនបើអ្នកស្វែងរកនូវកម្មវិធីដែលរំលោភបំពានទៅលើលក្ខខណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុន Facebook តាមរយៈការប្រមូល និងការចែកចាយទិន្នន័យរបស់ភាគីទី 3 សម្រាប់ការស្វែងរកលុយ ការបោកបញ្ឆោត និងប៉ះពាល់នៃនយោបាយ អ្នកអាចរាយការណ៍ទៅកាន់ក្រុមហ៊ុន Facebook តាមរយៈកម្មវិធី “Data Abuse Bounty” ជាមួយនឹងភស្តុតាងបាន៕