ព័ត៌មាន

ស្វែងយល់ពីលក្ខណៈ​ដ៏ល្អប្រពៃនៃអឺរ៉ុបនៅកម្ពុជា!​ អឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែមិថុនានេះ!

សូមអញ្ជើញ​ទៅ​ទទួល​​​​យក​​បទ​ពិសោធន៍​ដ៏​ពិសេស​មួយ​នាថ្ងៃចុង​សប្តាហ៍ ជាមួយក្រុម​គ្រួសារទាំងអស់ តាមរយៈ​ពិព័រណ៍អឺរ៉ុប​ (EuroFair) ដំបូងគេនៅរាជធានីភ្នំពេញ។

អឺរ៉ុបនឹងមកបង្ហាញ​ខ្លួន​ជូន​លោក​អ្នក​ទស្សនា​​នៅចុង​សប្តាហ៍ទី​៤​នៃ​ខែ​មិថុនា​នេះហើយ! សូម​លោក​អ្នក​ត្រៀមខ្លួនចូល​រួម​ទស្សនា​ពិព័រណ៍​​ដ៏អស្ចារ្យមួយនេះ ដើម្បីស្វែងយល់ពី​លក្ខណៈ​ដ៏​ល្អ​ប្រពៃ​​នៃអឺរ៉ុប​តាម​រយៈ​ពិព័រណ៍អឺរ៉ុប​នេះ​(EuroFair)។ លោក​អ្នក​អាច​ចូល​ទស្សនា​ពិព័រណ៍​នេះ​ដោយសេរី ទាំង​អ្នកអាជីពដែលចង់​ស្វែងរកដៃគូអាជីវកម្មឬផលិតផលល្អៗ ទាំង​ក្រុមគ្រួសារដែលចង់​​ដើរកម្សាន្តជាមួយគ្នា សូមអញ្ជើញទៅ​មជ្ឈមណ្ឌលពិព័រណ៍​កោះពេជ្រអគារ K​ និង L ពីថ្ងៃទី២៩ ខែ​មិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៨!

 image

អឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែមិថុនានេះ!

 មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ​ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ នឹងក្លាយជាទីតាំងពិព័រណ៍អឺរ៉ុប​​(EuroFair) ​ដំបូងគេបង្អស់ ដែល​ត្រូវ​បាន​រៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា​ ឧ​បត្ថម្ភ​ដោយ​ ​ក្រុមហ៊ុន Cambodia Airports និង​ទទួល​ការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រម​ទាំង​មាន​ការចូលរួមពីសភាពាណិជ្ជកម្មជាតិនៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​និងសមាគមធុរកិច្ច​​ចំនួនប្រាំនៅកម្ពុជា រួម​មាន​សភាពាណិជ្ជកម្ម​បារាំង (CCIFC) សភាពាណិជ្ជកម្ម​អាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្ម​អង់គ្លេស (BritCham) សភាពាណិជ្ជកម្ម​អ៊ីតាលី (ICBA) និង សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាង​ជើង (NordCham – ប្រទេសន័រវេ ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់)។ សូម​កុំឱ្យឱកាសនេះ​រំលង​ផុត​ទៅ ពីព្រោះ​ថា​លោក​អ្នក​អាច​ជួបអ្នកជំនាញមកពីក្រុមហ៊ុននិងអង្គការអឺរ៉ុបល្បីៗ និងអាច​ឃើញ​សេវាកម្ម​និង​ផលិតផល​ម៉ាកល្បីៗ​ដែល​យើង​យក​ពីអឺរ៉ុបមក​តាំង​នៅ​កម្ពុជា។ នេះ​ក៏ជាឱកាសដ៏​ល្អមួយ​ដែរ ដែល​លោក​អ្នក​អាច​ភ្លក់អាហារនិងភេសជ្ជៈអឺរ៉ុបឆ្ងាញ់ៗ។

 លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា​បានថ្លែងថា៖ វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់យើង​ក្នុងការរៀបចំ​ពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយ​នេះ​នៅប្រទេសកម្ពុជា ។ នេះ​ជា​ពិព័រណ៍ពាណិជ្ជកម្មលើកទីមួយ​ដែលដាក់តាំងផលិតផលល្បីៗនិងសេវាកម្មល្អៗមក​ពី​អឺរ៉ុប​ ជូនអ្នក​ប្រើប្រាស់​ និងសហគ្រិនខ្មែរ​ឱ្យបានស្គាល់។ ព្រឹត្តិការណ៍ដូចជា ពិព័រណ៍អឺរ៉ុប (EuroFair) នេះ ពិត​ជា​ជួយ​បង្កើតចំណងដ៏ល្អរ​វាង អឺរ៉ុបនិង​កម្ពុជា ហើយក៏ផ្តល់នូវឱកាសពិសេសដើម្បីរៀនសូត្រ កសាង​ទំនាក់ទំនង និងពង្រីកខ្សែ​បណ្ដាញ​ បង្កើត​មិត្តភក្តិ ស្គាល់​អតិថិជន និងកសាង​ដៃគូអាជីវកម្មផង​ដែរ។ ពិព័រណ៍អឺរ៉ុប ​(EuroFair) នឹងក្លាយជាព្រឹត្តិការណ៍ និងពិព័រណ៍ដំបូងគេនៅប្រទេសកម្ពុជា ជួយ​ជម្រុញបណ្ដូរ​ពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប។

 រហូតមកដល់ពេល​នេះ មានប្រមាណ​ជា​៤០ក្រុមហ៊ុន មកពីអឺរ៉ុបបានចុះឈ្មោះចូលរួមតាំង​ពិព័រណ៍​ផលិតផល​របស់​ខ្លួន​ ហើយ​យើង​សង្ឃឹម​ថា​ មានក្រុមហ៊ុនផ្សេង​ទៀត​នឹង​មក​ចូលរួមផងដែរ។  ក្រុមហ៊ុន​ដែល​បាន​ចុះ​ឈ្មោះ​ហើយ នឹង​តាំង​ផលិតផល​​យានយន្ត គ្រឿងសង្ហារឹម​ ​ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណី​អាហារ ភេសជ្ជៈ និងផលិត​ផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត។ ម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth ក៏មានវត្តមានដែរ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ និង​សកម្មភាពកម្សាន្តជាច្រើន ជូនអ្នកចូលរួម​ទស្សនា​។ ទីតាំង​អាហារដ្ឋានមួយ​នឹង​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ផ្តល់អាហារនិងភេសជ្ជៈបែបអឺរ៉ុបឆ្ងាញ់​ពិសារ​ជូន​អ្នកទស្សនា​ផងដែរ។

 លោក Aurelio Flacco ប្រធានរបស់សភាពាណិជ្ជកម្ម​អ៊ីតាលី​ ទើបត្រូវ​បាន​បង្កើតថ្មី និង​ជា​សមាជិក​​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមាន​ប្រសាសន៍​ថា៖ នេះគឺជាលើកទីមួយ​ហើយ​សម្រាប់កម្ពុជា និងជាឱកាសដ៏អស្ចារ្យ​មួយ​សម្រាប់សហគមន៍ធុរកិច្ច​ក្នុងស្រុក ដែល​អាច​ស្វែងយល់បន្ថែមអំពីគុណភាពនៃទំនិញ និង សេវាកម្មដែលក្រុមហ៊ុនអឺរ៉ុបយក​មក​បង្ហាញ​ជូន។ លោកបានបន្តថា៖ យើងនាំផលិតផលអ៊ីតាលីដ៏ល្អបំផុតដូចជា គ្រឿងសង្ហារឹម និង​ ​ផលិតផល​ប្រណីតៗ ​សម្រាប់​តុបតែង​ក្នុង​គេ​ហដ្ឋាន​មានគុណភាពខ្ពស់ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដើម្បី​​ផ្គត់ផ្គង់វិស័យសំណង់ដែលកំពុងរីកលូតលាស់។ ដើម្បីឈ​ជើង​ជា​អ្នកអភិវឌ្ឍន៍ ឬជាអ្នកសាងសង់ផ្ទះ លោក​អ្នកត្រូវប្រឹងប្រែងក្នុងការទាក់ទាញអតិថិជន​។ ម៉ាករបស់អឺរ៉ុបត្រូវបានគេទទួល​ស្គាល់ថាមានគុណភាពខ្ពស់​តាំង​ពី​​យូរមក​ហើយ នេះគឺជាអ្វីដែលយើងនឹងបង្ហាញជូន​ក្នុង​ពិព័រណ៍នេះ។

 កម្មវិធីនេះ​នឹង​បើកឱ្យមហាជន​ចូលទស្សនា​ដោយសេរី។ ពិធី​សម្ភោធបើក​ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី​២៩ ខែ​មិថុនា វេលាម៉ោង៩ព្រឹក នៅ​កោះពេជ្រ​ អគារ K និង ​L។ នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ កម្មវិធីកសាង​ទំនាក់ទំនងនឹង​ត្រូវ​​​រៀបចំ​ឡើង​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សហគមន៍​ធុរកិច្ច​ខ្មែរ​ ព្រម​ទាំង​បើ​កជូន​​អ្នកដែលចាប់អារម្មណ៍ចង់​ជួបអ្នក​ដែល​អាច​ក្លាយ​ជា​ដៃគូធុរកិច្ច​ ឬមិត្តភក្តិ។

 អំពីសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham)

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានសម្ភោធបង្កើត​ឡើង​នៅថ្ងៃទី​២ ខែមិថុនា​ ​ឆ្នាំ​ ​២០១១​ ​ដោយ​មានការគាំទ្រពីសភា​ពាណិជ្ជកម្មស្ថាបនិក​ប្រទេស​​អឺរ៉ុបចំនួនបី ពោល​គឺ​​ ​សភា​ពាណិជ្ជ​កម្ម​បារាំង​-​កម្ពុជា​ ​(CCFC)​ ​សភា​​ពាណិជ្ជ​​កម្ម​អាល្លឺម៉ង់​ (ADW) និង សភា​ពាណិជ្ជកម្មអង់គ្លេស (BBAC)។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាត្រូវបានបង្កើតឡើងក្នុង​គោលបំណងលើកកម្ពស់ធុរកិច្ច​អឺរ៉ុបនៅកម្ពុជា ដោយជួយសម្រួលឱ្យ​ក្រុមហ៊ុនអឺរ៉ុបចូល​ទៅ​ទៅក្នុងទីផ្សារកម្ពុជា និងបង្កើតបណ្តាញគាំទ្រយ៉ាងទូលំទូលាយដល់​សមាជិករបស់​ខ្លួន ដែល​ជា​ប្រភេទ​ក្រុមហ៊ុនសាជីវកម្ម និងសហគ្រាស​ឯក​បុគ្គល។ ការងារ​របស់​សភាពាណិជ្ជកម្មអឺរ៉ុប រួមមានការងារ​សហការ​​ជាដៃគូជាមួយរាជ​រដ្ឋាភិបាលក្នុង​វិស័យពន្ធដារ ​និងដំណោះស្រាយវិវាទ ការបង្កើតគណៈកម្មការលើវិស័យ​ជាក់លាក់ និង​ការ​ផ្ដល់​សេវាកម្មទាក់ទងនឹងទីផ្សារដល់ក្រុមហ៊ុនអឺរ៉ុប។ សម្រាប់ព័ត៌មានបន្ថែមអំពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប សូមចូលទៅកាន់គេហទំព័រ​ EuroCham Cambodia online