ព័ត៌មាន

ក្រុមសាមសុង នាំយកសម្ភារៈសិក្សាជូនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ដើម្បីជួយសម្រួលឲ្យពួកគេទទួលការបណ្ដុះបណ្ដាលដោយភាពជោគជ័យ

ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ — ក្រុមហ៊ុនសាមសុង​ បាននាំយកសម្ភារៈសិក្សាទៅជូនដល់សិក្ខាកាមទាំង៨០នាក់ក្នុង វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាការបន្ថែមការជួយគាំទ្រដ៏មានសារៈសំខាន់ និងចាំបាច់ដល់សិក្ខាកាមទាំងអស់ ខណៈពេលដែលពួកគាត់កំពុងតែទទួលការបណ្ដុះបណ្ដាលជំនាញដែលពួកគេស្រឡាញ់។ ការឧបត្ថម្ភនេះ ធ្វើឡើងបន្ថែមទៅលើវគ្គបណ្ដុះបណ្ដាលជំនាន់ទី៥ ដែលសាមសុងសហការជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងផ្គត់ផ្គង់បរិក្ខាបច្ចេកទេស ថវិកា អាហារពេញមួយវគ្គបណ្ដុះបណ្ដាលនេះ។

 image

ក្រៅពីបង្កើតវគ្គបណ្ដុះបណ្ដាលដែលត្រួសត្រាយមាគ៌ាឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់សិក្ខាកាម សាមសុងបានយកចិត្តទុកដាក់លើភាពងាយស្រួល និងដំណោះស្រាយនានា ដោយផ្ដល់សម្ភារៈសិក្សាបន្ថែមដែលនឹងជួយដោះស្រាយ និងបន្ធូរបន្ទុកយ៉ាងច្រើនសម្រាប់ពួកគេ។ ការផ្ដល់ឱកាស និងការបង្កលក្ខខណៈងាយស្រួល ជាមួយការឧបត្ថម្ភពេញលេញនេះ នឹងធានាបាននូវភាពជោគជ័យសម្រាប់សិក្ខាកាមក្នុងការសិក្សា ហ្វឹកហាត់ជំនាញរបស់ខ្លួន។

image

image

image

ថ្លែងក្នុងឱកាសប្រគល់សម្ភារៈសិក្ខាដល់សិក្ខាកាម លោក Seungho Choi  អគ្គនាយកក្រុមហ៊ុនសាមសុងកម្ពុជាបានមានប្រសាសន៍ថា “យើងចង់ជួយ និងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធានាថាពួកគាត់អាចទទួលការបណ្ដុះបណ្ដាល ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងអស់ពីលទ្ធភាពដោយគ្មានបញ្ហាផ្សេងៗមករំខាន។” លោកបានបន្ថែមទៀតថា “យើងឃើញគាត់ទទួលបានជោគជ័យ និងសម្រេចក្ដីសុបិនរបស់ពួកគាត់។”

 image

កញ្ញា​ អ៊ា វួចលីម ជានិសិ្សតឆ្នាំទី៣ ផ្នែក​ ទូរគមនាគមន៍ ដែលកំពុងរៀននៅក្នុងវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៥ ផ្នែកជួសជុលទូរស័ព្ទបានឲ្យដឹងថា​ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើតវគ្គបណ្តុះបណ្តានេះឡើងនៅប្រទេសកម្ពុជាដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗរបស់សាមសុងក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អដល់យើងទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលក្រុមសាមសុង​បាននាំយកនូវសម្ភារៈសិក្សាជូនដល់ពួកខ្ញុំដើម្បីងាយស្រួលដល់ការសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

image

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិកនៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

image

គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤  ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត 300នាក់ ហើយដែល សិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា ។  ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។ គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេសនិងទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ៕