ព័ត៌មាន

Huawei នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកទោះបីជាមានបញ្ហាកើនឡើងច្រើនក៏ដោយ ប៉ុន្តែមិនមែនឆ្នាំ ២០១៩ ទេ

នៅក្នុងត្រីមាសទី ១ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei សម្រេចបាននូវចំណាត់ថ្នាក់លេខរៀងទី ២ ជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ពិភពលោកនៅក្នុងបញ្ជីក្រុមហ៊ុនផលិតស្មាតហ្វូននេះ ហើយក្រុមហ៊ុននេះក៏មានគោលដៅក្នុងការយកតំណែងរបស់ក្រុមហ៊ុន​Samsung នៅចុងឆ្នាំ ២០១៩ នេះផងដែរ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះក៏រុញគម្រោងផែនការនៅឆ្នាំក្រោយផងដែរ។

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យានៅក្នុងទីក្រុងស៊ាងហៃ នាយកប្រតិបត្តិជាន់ខ្ពស់រូបនេះនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវការពេលវេលាជាច្រើនទៀតក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកដែលមានគោលដៅសម្រេចគម្រោងនេះនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ។

លោក Shao Yan ដែលជាប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei Consumer Business Group និយាយថា “យើងនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ ប៉ុន្តែពេលនេះយើងមានអារម្មណ៍ថាដំណើរការនេះប្រហែលជាយូរជាងនេះ។” ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនចំនួន 500,000 ទៅ 600,000 គ្រឿងក្នុងមួយថ្ងៃ នេះបើតាមគាត់បញ្ជាក់នៅក្នុងពិពរណ៍ CES Asia technology នៅទីក្រុងស៊ាងហៃ។

អ្នកជំនាញឧស្សាហកម្មនេះរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺត្រៀមខ្លួនក្នុងការទទួលយកនូវការលក់ធ្លាក់ចុះទៅលើស្មាតហ្វូន Huawei នៅត្រីមាសបន្ទាប់នេះដោយសារតែការហាមប្រាមពីសហរដ្ឋអាមេរិកនោះ។ ការព្យាករណ៍កាលពីពេលមុននេះគឺក្រុមហ៊ុននេះនឹងលក់ស្មាតហ្វូនបានចំនួន ២៥៨ លានគ្រឿងនៅក្នុងឆ្នាំ ២០១៩ នេះ ប៉ុន្តែពេលនេះវាមានការព្យាករណ៍ថាលក់បានត្រឹមតែ ២០០ លានគ្រឿងតែប៉ុណ្ណោះ៕

image

image