ព័ត៌មាន

កម្មវិធីជួញដូរ Crypto ឈ្មោះ Voyager រងការវាយប្រហារបណ្តាលអោយក្រុមហ៊ុនបិទវេបសាយរបស់ខ្លួន

កម្មវិធីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដែលមានឈ្មោះថា Voyager បានបញ្ឈប់នូវប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែធ្នូនេះបន្ទាប់ពីកម្មវិធីនេះបានរងការវាយប្រហារឧក្រិដ្ឋកម្មអ៊ីនធឺរណិតតាមរយៈការរំខាននៅក្នុង  DNS configuration របស់ខ្លួន។ ក្រុមហ៊ុន Voyager Digital LLC គឺជាឈ្មួញជួញដូរទៅលើរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ដែលអ្នកវិនិយោគជាច្រើនអាចធ្វើការជួញដូរនូវទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈកម្មវិធី Voyager mobile app នេះ។

ក្រុមហ៊ុននេះបានបង្ហាញអំពីកំណើនដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងឆ្នាំ ២០២០ នេះដែលមានការកើនឡើងចំនួន ៤០ ដងនៅក្នុងរយៈពេល ១២ ខែនេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Voyager បច្ចុប្បន្ននេះគឺគ្រប់គ្រងទៅលើប្រតិបត្តិការទឹកប្រាក់ច្រើនជាង ២០០ លានដុល្លារអាមេរិកផងដែរ។ នៅថ្ងៃទី ២៨ ខែធ្នូនេះ វេបសាយរបស់ក្រុមហ៊ុន Voyager ត្រូវបានបិទជាមួយនឹងការប្រើប្រាស់នូវពាក្យថា “currently undergoing maintenance” ដែលមានន័យថា ស្ថិតនៅក្នុងការជួសជុល។

ក្រោយមក ក្រុមហ៊ុននេះទម្លាយថា ខ្លួនរងនូវការវាយប្រហារឧក្រិដ្ឋកម្មអ៊ីនធឺរណិតដែលនាំអោយបិទ និងលុបចោលនូវការបញ្ជាទិញនៅក្នុងការជួញដូរផងដែរ។ លោក Steve Ehrlich ដែលជាសហស្ថាបនិក និង CEO របស់ក្រុមហ៊ុន Voyager និយាយថានៅក្នុងសេចក្តីប្រកាសមួយថា “ប្រព័ន្ធសុវត្ថិភាពពិតជាសំខាន់មែនទែនសម្រាប់ក្រុមហ៊ុន Voyager ។ សម្រាប់គ្រីបតូទាំងអស់ត្រូវបានការពារសុវត្ថិភាព ហើយយើងក៏បិទទៅលើការជួញដូរផងដែរនៅលើវេបសាយនេះ។ សូមអរគុណដល់អ្នកប្រើប្រាស់ទាំងអស់ដែលធ្វើការរង់ចាំយ៉ាងអំណត់។”

ក្រុមការងាររបស់ក្រុមហ៊ុននេះមិនទាន់រកឃើញនូវបញ្ហានៃការរំលោភបំពានអ្វីនៅឡើយទេនៅក្នុងខណៈពេលនេះ ប៉ុន្តែក្រុមការងារនេះបានបិទប្រព័ន្ធជាច្រើនដើម្បីការពារទ្រព្យសម្បត្តិរបស់អតិថិជនរបស់ខ្លួន។ បន្ទាប់ពីឧក្រិដ្ឋកម្មអ៊ីនធឺរណិតនេះ កម្មវិធី Voyager app ពេលនេះគឺដំណើរការអនឡាញ ហើយគ្រប់ការជួញដូរទាំងអស់ក៏ដំណើរការធម្មតាវិញផងដែរនៅលើវេបសាយ។ ក្រុមហ៊ុន  Voyager ក៏អោយអ្នកប្រើប្រាស់ទាំងអស់ធ្វើការផ្លាស់ប្តូរនូវលេខសម្ងាត់ Login និងការកែប្រែទៅលើការផ្ទៀងផ្ទាត់ ២​ ជំហាន (2-step verification (2fa))​ ផងដែរ។ សម្រាប់ពេលនេះ វានៅមិនទាន់មានការបង្ហាញនូវព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្មអ៊ីនធឺរណិតនេះទេ ក្រុមហ៊ុននេះគ្រាន់តែបញ្ជាក់ថានេះគឺជាការវាយប្រហារ DNS Attack ៕

image