ប្រព័ន្ធប្រតិបត្តិការ Android របស់ Google បានក្លាយខ្លួនជាប្រព័ន្ធប្រតិបត្តិការមួយដ៏ពេញនិយមក្នុងរយៈកាលជាងពីរបីឆ្នាំមកនេះ ហើយបើយោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយ បង្ហាញឲ្យដឹងថា Android បានវាយលុកលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោកបាន ៨០ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៣ នេះ។
យោងងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយដោយ Strategy Analytics បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការដឹកជញ្ជូនបញ្ចេញលក់នៃ Android Smartphone សម្រាប់ត្រីមាសទី២ឆ្នាំ ២០១៣ នេះ មានចំនួន 182.6 លានគ្រឿង បើគិតជាចំណែកទីផ្សារវិញ វាមានដល់ទៅ 79.5 ភាគរយឯណោះនៃទីផ្សារសកល។
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple វិញ ត្រូវបានប្រភពដដែលបង្ហាញថា ការដឹកជញ្ជូនបញ្ចេញលក់ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពី Android ដោយមានចំនួន 31.2 លានគ្រឿង ស្មើនិង 13.6 ភាគរយក្នុងអំឡុងពេលដូចគ្នា។
ជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ Microsoft បានវាយលុកលើទីផ្សារបាន 3.9 ភាគរយជាមួយនឹងការដឹកជញ្ជូនបាន 8.9 លានគ្រឿង៕
ប្រភពៈ Strategy Analytics
