ព័ត៌មាន

ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​(Anonymous Cambodia) ចំនួន​ ០២ ​នាក់ ​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវ​បាន​ឃាត់ខ្លួន​

​ ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​ចំនួន​ ០២ ​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​បណ្ដាញ​បច្ចេកវិទ្យា ​ព័ត៌មាន​ របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​នា​ពេល​កន្លងមក ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៧ ​ខែមេសា ​ឆ្នាំ​២០១៤​ ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​។​

image
ជនសង្ស័យ​ទាំងពីរ ទី១.​មានឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine​ឬ​Blackcyber​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ ​សាកលវិទ្យាល័យ SETEC ទី២.ឈ្មោះ ជូ សុង​ហេង ហៅ​Zoro​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ​មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ សាកលវិទ្យាល័យ SETEC​។​ស្ថានប័ន​ជា​តិ​សំខាន់ៗ​យ៉ាងហោចណាស់​៣០​និង​ស្ថាប័នឯកជន​មួយចំនួន​ផង​ដែរ ត្រូវ​រងគ្រោះ​ពី​ការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​ពី​សំណាក់​ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា ចាប់តាំងពី​មុន​ការ​បោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ ​កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។ 

ស្ថាប័ន ​ជាតិ​សំខាន់ៗ ​ដែល​ទទួលរង​គ្រោះ​មាន​ដូចជា​៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ​និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​។​ ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​បានធ្វើ​សកម្មភាព​ដូចជា វាយប្រហារ​ធ្វើ​ឲ្យ​រអាក់រអួល​មិន​ដំណើរការ​គេហទំព័រ​(DDos)​ជ្រៀតចូល ​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់​និង​លួច​ទិន្នន័យ​សំងាត់​ជាតិ​ពី​ ប្រព័ន្ធ​ព័ត៌មាន និង​ការ​កែ​ទំព័រ​ដើម​នៃ​គេហទំព័រ ជាដើម​។​

 

ជនសង្ស័យ​ទាំង​ពីរ​ បាន​សារភាព​ថា​ខ្លួន​ពិតជា​សមាជិក​ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​ប្រាក​មែន និង​បាន​ប្រព្រឹត្ត​នូវ​រាល់​ទង្វើ​ខុសច្បាប់​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយឡែក ​ចំពោះ​ជនសង្ស័យ​ឈ្មោះ ជូ សុង​ហេង​ បាន​សារភាព​ថា​មិនបាន​ចូលរួម​ការវាយប្រហារ​នោះ​ទេ​គោលបំណង​នៃ​ការចូលរួម​ ក្នុង​ក្រុម​ហេ​គ​ឃឺ​អនាមិករ​កម្ពុជា ​គឺ​គ្រាន់តែ​ចង់​ហាត់រៀន​ជំនាញ​នេះ​ប៉ុណ្ណោះ​។​

 

សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ធ្វើ​ការ​តាម​ដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​FBI ប្រចាំ ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​០៨​ខែ ទើប​កំណត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ​បាន​។ ទន្ទឹម​នោះ​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ហេ​គ​ឃឺ​ជា​បក្សពួក​នៅ​ សេសសល់ ដើម្បី​នាំ​ខ្លួន​មក​ចាត់វិធានការ​តាម​ផ្លួ​វ​ច្បាប់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យោង​តាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រមព្រហ្មទណ្ឌ ​ជនសង្ស័យ​គឺ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០(​មួយ​សែន​)​រៀល ដល់ ៤០០០ ០០០(​បួន​លាន​)​រៀល និង​អាច​ជាប់​ពន្ធនាគារ​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ៕

ប្រភព៖ http://edition.bayontv.com.kh