ព័ត៌មាន

Apple និង Google កំពុងប្រកួតគ្នា ទាក់ទាញ អ្នកអភិវឌ្ឍហ្គេម អោយបង្ហោះលើ ហាងកម្មវិធីខ្លួនដាច់មុខ

ក្រុមហ៊ុន Apple និង Google កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ កំពុងប្រជែងគ្នា ទាក់ទាញ អ្នកអភិវឌ្ឍហ្គេម អោយបង្ហោះហ្គេម នៅលើ ហាងកម្មវិធី របស់ខ្លួនមុន គូរប្រកួតប្រជែង ជាថ្នូរនឹង ផ្ទាំងប៉ាណូធំៗ ឬលក្ខខណ្ឌដោះដូរ ទាក់ទាញផ្សេងទៀត។ ការធ្វើបែបនេះ ដើម្បីបង្កើនប្រជាប្រិយភាព របស់ ប្រព័ន្ធប្រតិបត្តិការណ៍ និងហាងកម្មវិធី របស់ខ្លួន។ កិច្ចព្រមព្រៀងនេះ មាន 2 ប្រភេទ គឺ ការលក់ហ្គេមដាច់មុខ និងការបង្ហោះ ដាច់មុខ របស់ពេលខ្លី។ ការលក់ ហ្គេមដាច់មុខ (Exclusive Games) មានដូចជា ហ្គេម Infinity Blade របស់ CHAIR ជាដើម ដែលមានលក់ តែនៅលើ Apple App Store នោះទេ។

image

ចំណែក ការបង្ហោះដាច់មុខ រយៈពេលខ្លី (Exclusive Launch) គឺជា បង្ហោះហ្គេម នៅលើ ហាងកម្មវិធីណាមួយ ជាមុន បន្ទាប់មកប៉ុន្មានខែក្រោយ ទើបបង្ហោះលើ ហាងកម្មវិធីដទៃទៀត។ ជាក់ស្តែង ដូចជា ហ្គេម Plant vs. Zombies 2 ជាដើម ដែលជា កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុនបង្កើត EA និង Apple ហើយ EA បានយល់ព្រម បង្ហោះហ្គេមនេះ នៅលើ ហាងកម្មវិធី Apple App Store រហូត 2 ខែ មុននឹងបង្ហោះវា នៅលើ Google Play Store។ ជា ថ្នូរនឹង ភាពដាច់មុខរយៈពេលខ្លីនេះ Apple បានយល់ព្រម ឃោសនារូបពាណីជ្ជកម្មហ្គេមនេះធំៗ នៅលើ ហាងទំនិញរបស់ខ្លួន។
ចំណែក ហ្គេមដ៏ល្បីមួយទៀត Cut The Rope 2 របស់ ZeptoLab ក៏ត្រូវបាន គេធ្វើរបៀបនេះដែរ។ Cut The Rope 2 បានចេញលក់តាំងពី ខែធ្នូ ឆ្នាំទៅម៉្លេះ នៅលើ App Store ហើយ 3 ខែក្រោយមក ទើបលេចមុខវា នៅលើ Google Play Store។ ការកើនឡើងនៃ ប្រកួតប្រជែងនេះ គឺដោយសារតែ ចំនួននៃការចាយវាយទិញហ្គេម ដោយអ្នកប្រើប្រាស់ មានការកើនឡើង។ បើតាម ការសិក្សារបស់ IDC និង App Annie បានអោយដឹងថា មានការទិញហ្គេម នៅក្នុងហាងកម្មវិធី រហូតដល់ទៅ $16 ពាន់លានដុល្លារ ដែលកើនឡើងរហូត 2.3x បើធៀបនឹង មួយឆ្នាំមុន៕

ប្រភព: MacRumor