Apple គឺជាក្រុមហ៊ុនបង្កើតឧបករណ៍អេឡិចត្រូនិចដ៏ធំមួយនាពេលបច្ចុប្បន្ននេះ ដែលខ្លួនឈានមុខគេក្នុងការបង្កើតស្មាតហ្វូន ថេប្លេត កុំព្យូទ័រ និងឧបករណ៍កំសាន្តមួយចំនួនទៀត។ ក្រៅពីយកចិត្តទុកដាក់ក្នុងការបង្កើតឧបករណ៍អេឡិចត្រូនិចទាំងអស់ នេះហើយ Apple ក៏បានយកចិត្តទុកដាក់នៅក្នុងការលំអរទីតាំងលក់ផលិតផល និងការិយាល័យរបស់ខ្លួនផងដែរ។ នា ពេលបច្ចុប្បន្ននេះ ការិយាល័យដ៏ធំរបស់ Apple នោះគឺនៅទីក្រុង Cupertino ដែលវាមានផ្ទៃក្រឡាដល់ទៅ 130,000 ម៉ែត្រការ៉េឯណោះ និងបានសាងសង់រួចរាល់ក្នុងឆ្នាំ 1997។
កាលពីឆ្នាំ 2006 លោក Steve Jobs អតីតនាយកប្រតិបត្តិរបស់ Apple ធ្លាប់បានរំលឹកពីគម្រោងបង្កើតការិយាល័យដ៏ធំស្កឹមស្កៃមួយម្តង រួចទៅហើយ។ Apple នឹងមិនពង្រីកទីតាំងការិយាល័យបច្ចុប្បន្នអោយធំជាងមុននោះទេ ប៉ុន្តែ Apple នឹងស្វែងរកទីតាំងដ៏ពិសេសមួយទៀតនៅឯទីក្រុង Cupertino នេះដដែល ហើយវានឹងមានទីតាំងកាន់តែធំជាងមុនទៅទៀតដែលមានក្រឡាផ្ទៃសរុប 260,000 ម៉ែត្រការ៉េឯណោះ។ គម្រូប្លង់នៃទីតាំងការិយាល័យដ៏ធំរបស់ Apple នេះត្រូវបានដាក់បង្ហាញកាលពីឆ្នាំ 2013 ម្តងរួចទៅហើយ ដែលវាបង្ហាញអោយយើងឃើញពីអាគារពិសេសៗរបស់ Apple នឹងរចនាសម្ព័ន្ធនានាគួរអោយស្ញប់ស្ញែងបំផុត។ Apple នឹងមិនបង្កើតអាគារការិយាល័យខ្លួនអោយខ្ពស់ស្កឹមស្កៃនោះទេ ប៉ុន្តែខ្លួននឹងបង្កើតវាអោយមានផ្ទៃក្រឡាធំនៅចំកណ្តាលទីតាំង។ ការិយាល័យដ៏ធំមានរាងមួល ហើយកញ្ចក់ដែលនឹងប្រើប្រាស់គឺមានសណ្ឋានកោងទាំងអស់។
ក្រៅពីមានការិយាល័យដ៏ធំនៅចំកណ្តាលហើយ Apple នឹងបង្កើតអាគារពិសេសៗជាច្រើនទៀតដែលមានដូចជាអាគារ សិក្សាស្រាវជ្រាវ (Research and Development) រោងសិល្បៈ កន្លែងចតរថយន្តក្រោមដី, តំបន់ទេសភាពនានា និងផ្ទាំងកញ្ចក់ចាប់យកថាមពលពន្លឺព្រះអាទិត្យដ៏ធំ។ ប៉ែតសិបភាគរយនៃផ្ទៃដីតំបន់នេះនឹងគ្រប់ដណ្តប់ទៅដោយរុក្ខជាតិ បៃតង ដូច្នេះបរិស្ថាននៅតំបន់នេះនឹងស្រស់បំព្រងរៀងរាល់ពេល និងគ្រប់រដូវកាលទាំងអស់។
ដំណើរការនៃការបង្កើតតំបន់ពិសេសនេះ គ្រោងថានឹងសម្ភោធនៅឆ្នាំ 2013 ហើយចាប់ផលិតនៅឆ្នាំ 2015 ប៉ុន្តែវាបានពន្យារពេលដល់ឆ្នាំ 2014 ហើយដំណើរផលិតប្រហែលជាចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2016 ឯណោះ។
យើងក៏មានខ្សែវីដេអូមួយដែរ ស្តីពីគម្រោងបង្កើតការិយាល័យដ៏ធំរបស់ Apple នេះ ដែលមានការចួលរួមពីបុគ្កលិក Apple ពិសេសៗជាច្រើនដែលមានដូចជាលោក Johny Ive ជាដើម។ ខ្សែវីដេអូនេះបានបង្ហោះឡើងដោយគណនី Apple មិនជាផ្លូវការមួយ ដូច្នេះវាអាចនឹងត្រូវលុបចេញនៅថ្ងៃណាមួយក៏ថាបាន។
Apple នឹងផ្តល់ព៌តមានលំអិតបន្ថែមទៀតពីគម្រោងសាងសង់ការិយាល័យដ៏ធំធេង និងមានទេសភាពដ៏ស្រស់បំព្រងនេះនាពេលឆាប់ៗនេះ។ ហើយអ្វីដែលធ្វើអោយយើងស្ញប់ស្ញែង និងកោតសរសើរពីគំរូអាគារនោះគឺវាពោរពេញទៅដោយរុក្ខជាតិជុំវិញ អាគារ ហើយវាក៏បានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផងដែរ ដែលវាមានផលប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។