ព័ត៌មាន

Xiaomi Mi3 ចង់ប្រកួតប្រជែងជាមួយ Samsung

នាពេលបច្ចុប្បន្ននេះ ស្លាកសញ្ញា​ទូរសព្ទ័ និង​ថេប្លេត​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ និង​ឈាន​មុខ​គេ​នៅ​លើ​ទីផ្សារ​ពិភព​លោក​នោះ​គឺ​មាន​តែ​ពីរ​គត់ គឺ Apple និង Samsung។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ខិត​ខំ​ចំណាយ​ញើស​ឈាម និង​បើក​កិច្ច​សិក្សា​ស្រាវ​ជ្រាវ​ច្រើន​ណាស់ ហើយ​ចំណូល​ដែល​ហូរ​ចូល​ក្នុង​ក្រុមហ៊ុន​ក្នុង​មួយ​ត្រី​មាសៗ គឺ​វា​មាន​ទំហំ​ច្រើន​អណេក ខណៈ​ពេល​ក្រុមហ៊ុន​ទូរស័ព្ទ​ដទៃ​ដែល​ខិត​ខំ​រក​ប្រាក់​ចំណូល​ដើម្បី​តែ​រស់​ ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ Samsung ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ ដោយសារ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ អាច​ផលិត​ទូរស័ព្ទ​ដែល​មាន​គុណភាព​ខ្ពស់​ដែរ រឺ​ឯ​តម្លៃ​វិញ​គឺ​ធូរ​ថ្លៃ​ខ្លាំង​ណាស់។

image

​ ស្មាតហ្វូន​ម៉ូឌែល Xiaomi ដែល​វា​គឺ​ជា​ម៉ូឌែល​ស្មាតហ្វូន​ស្ថិត​នៅ​លំដាប់​កំពូល​មួយ និង​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន។ តួ​យ៉ាង​ដូច​ជា​ម៉ូឌែល Xiaomi Mi3 ជា​ដើម ដែល​វា​ប្រើ​ប្រាស់​ស៊ីភីយូ​ប្រភេទ Snapdragon 800 quad-core ល្បឿន 2.3Ghz រ៉េម​ទំហំ 2GB អេក្រង់​ទំហំ​ទំហំ 5អ៊ីញ កម្រិត​ភាព​ច្បាស់ 1080×1920 កាមេរ៉ា 13 មេហ្គា​ភិចសែល ប៉ុន្តែ​តម្លៃ​របស់​វា​វិញ​គឺ​ត្រឹម​តែ 330$ តែ​ប៉ុណ្ណោះ។

គោលដៅចំបងរបស់ក្រុមហ៊ុន Xiaomi នោះគឺខ្លួន​នឹង​បង្កើត​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ទាប ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​បាន។ អ្វី​ដែល​យើង​សំគាល់​ឃើញ​ពី​លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ Xiaomi នោះ​គឺ​វា​ប្រើ​ប្រាស់​ស៊ីភីយូ​ប្រភេទ Snapdragon ដែល​ជា​ស៊ីភីយូ​មាន​គុណភាព​ល្អ​បំផុត​សម្រាប់​ស្មាតហ្វូន​នា​ពេល​ បច្ចុប្បន្ន​នេះ។ នៅ​ឆ្នាំ​មុន ក្រុមហ៊ុន Xiaomi បាន​នាំ​ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ទៅ​កាន់​ក្រៅ​ស្រុក​បាន​ចំនួន 20លាន​គ្រឿង ហើយ​សម្រាប់​ឆ្នាំ​នេះ​វិញ វា​អាច​នឹង​កើន​ឡើង​ដល់ 40 លាន​គ្រឿង។

នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនរបស់ Xiaomi បាន​ចរាចរណ៍​លក់​នៅ​ក្នុង​ប្រទេស​ចិន ហុងកុង តៃវ៉ាន់ និង​សឹង្ហបុរី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យោង​ទៅ​តាម​សម្តី​ស្ថាបនិក​របស់ Xiaomi បាន​អោយ​ដឹង​ថា ខ្លួន​នឹង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ជា​លក្ខណៈ​សកល​តែ​ម្តង។ នៅ​ក្នុង​ឆ្នាំ​នេះ Xiaomi នឹង​នាំ​យក​ស្មាតហ្វូន​របស់​ខ្លួន​ទៅ​លក់​ជា​លក្ខណៈ​ផ្លូវ​ការ​នៅ​ប្រទេស​ ចំនួន​ដប់​ទៀត​ដែល​មាន​ដូច​ជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហ្វីលីពីន, ថៃ, វៀតណាម, រុស្ស៊ី, តួគី, ប្រ៊េស៊ីល និង​ម៉ិចសិចកូ។ ក្នុង​ចំណោម​ទីផ្សារ​ថ្មីៗ​ទាំង​ដប់​នេះ យើង​សង្កេត​ឃើញ​ថា​មិន​មាន​ប្រទេស កូរ៉េ និង សហរដ្ឋ​អាមេរិច​នោះ​ទេ ហើយ​វា​អាច​មក​ពី Xiamoi មិន​ទាន់​ចង់​លូក​លាន់​ទីផ្សារ​របស់ Samsung និង Apple ផង​ក៏​មិន​ដឹង។