ព័ត៌មាន

Apple នឹង​បញ្ចេញ​ iWatch នៅ​ក្នុង​ខែតុលា ឆ្នាំ២០១៤

smartwatch ឬ នាឡិកាទំនើប​ គឺ​ជា​ឧបករណ៍ចល័ត​ដែល​មាន​មុខងារនិង​សមត្ថភាព​ច្រើន​ជាង​នាឡិកា​ធម្មតា​  ព្រោះ​ថា​វា​អាច​បំពេញ​មុខងារ​មួយ​ចំនួន​របស់​ទូរស័ព្ទទំនើប ហើយ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំៗ​ដូច​ជា Samsung និង Sony ជា​ដើម​ បាន​បញ្ចេញ​លក់​ទៅលើទីផ្សារ​រួច​ហើយ​នូវ​នាឡិកាទំនើប​របស់ពួកគេ ។

ដោយឡែក​​​ Apple ដែល​ជា​​ក្រុមហ៊ុន​អេឡិកត្រូនិក​​ខ្នាត​យក្ស​របស់​សហរដ្ឋ មិន​ទាន់​បាន​បញ្ចេញ​នូវ​នាឡិកាទំនើប​របស់ខ្លួន​នោះ​ទេ ប៉ុន្តែ​នៅ​ខណៈដែល​ Apple មិន​ទាន់បាន​ចេញ​មុខ​បញ្ជាក់ជា​ផ្លូវការ​ថា​នឹង​ប្រកាសចេញ​នូវ​នាឡិកា​របស់ខ្លួន​នៅ​កាលបរិច្ឆេទ​ជាក់លាក់ណា​មួយ​នៅឡើយ​នោះ​ ពាក្យចចាមអារ៉ាម​ និង​សេចក្ដី​សន្និដ្ឋាន​​ជា​ច្រើន​ចេះ​តែ​ចេញ​ជា​បន្ដបន្ទាប់នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ។ ជាក់ស្ដែង​សម្រាប់ខែធ្នូ​នេះ​មាន​សេចក្ដីរាយការណ៍​​ថ្មី​មួយ​ថា​ ក្រុមហ៊ុន​ Apple នឹង​ធ្វើការ​ប្រកាស​ចេញ​ជាផ្លូវការ​នូវ​ ទូរស័ព្ទទំនើប iPhone 6 និង ​នាឡិកាទំនើប iWatch នៅ​ក្នុង​ខែតុលា ឆ្នាំ២០១៤ ។

 imageimage

ប្រភព​ដដែល​នេះ​បាន​បន្ដទៀត​ថា​ iWatch នឹង​​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា wireless charging (បញ្ចូល​ ឬសាកថ្ម​ដោយ​ឥត​ប្រើ​ខ្សែ) ។ ប្រភព​ខាង​លើ​ក៏​បន្ថែម​ទៀត​ដែរថា​ iWatch នឹង​មាន​ថាមពលថ្ម 100mAh (តិច​ជាង​ Galaxy Gear ដែល​មាន​ថាមពលថ្ម 350mAh ឬ​រយៈពេល​ ២៥ ម៉ោង) ។ សូម​បញ្ជាក់​ថា​នៅ​ពេល​បច្ចុប្បន្ននេះ​មាន​​ពាក្យចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ Apple កំពុងតែ​ធ្វើការ​សាកល្បង​ទៅ​លើ​គំរូ iWatch ចំនួន​ពីរ​ម៉ូដែល ប៉ុន្តែ​គំរូ​ទាំង​នោះមិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ឃើញ​នោះ ដូច្នេះសូម​ប្រិយមិត្ត​ពិនិត្យ​គំរូ​ iWatch ដែល​ត្រូវ​បាន​រចនា​ឡើង​តាម​ការ​ស្រមៃ​របស់​អ្នក​រចនា​មួយ​ចំនួន​ដែល​មិន​មែន​ធ្វើការ​ក្នុង​ក្រុមអ្នក​រចនា​របស់ Apple ។