ស្មាតហ្វូន Lumia 630 ស៊ីមពីរគឺជាសែស្រឡាយទូរស័ព្ទ Lumia ដំបូងគេដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Winodws Phone 8.1 ដែលមានភាសាខ្មែរតម្លើងរួចជាស្រេច សម្រាប់ជ្រើសរើសយកទៅវាយឃ្លោងឃ្លាភាសាជាតិបានមកដល់ប្រទេសកម្ពុជាហើយ។ ស្មាតហ្វូនស៊ីមពីរម៉ូដែលថ្មីនេះមិនត្រឹមតែផ្តល់ជូននូវបទពិសោធន៍ល្អ មានអង្គដំណើរការ QUAD-CORE អេក្រង់ភ្លឺថ្លាត្រជាក់ភ្នែកប្រភេទ Clear Black ទំហំ 4.5 ប៉ុណ្ណោះទេគឺថែមទាំងផ្តល់ជូនក្នុងតម្លៃពិសេសទៀតគឺ 170$ ប៉ុណ្ណោះ ហើយនឹងមានលក់នៅតាមបណ្តាហាងនានានៅដើមខែមិថុនាខាងមុខនេះ។ Lumia 630 មានរូបរាងស្រស់ស្អាត និងប្រមូលផ្តុំទៅដោយមុខងារគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលកាលពីមុខមានតែនៅលើស្មាតហ្វូន Lumia លំដាប់ខ្ពស់ប៉ុណ្ណោះ។ ចំណុចគួរឲ្យចាប់អារម្មណ៍របស់ Lumia 630 គឺវាអាចបែងចែកព័ត៌មាននៃការហៅទូរសព្ទចេញចូល និងការផ្ញើនិងទទួលសារនៃស៊ីមកាតទាំងពីរដាច់ដោយឡែកពីគ្នា។ ជាមួយ CPU Quad-Core ធ្វើឲ្យកម្មវិធីផ្សេងៗដូចជា កម្មវិធីវាយអក្សរ Word Flow, អ៊ីនធឺណិត និងបណ្តាញសង្គមនានាដំណើរការលឿន និងរលូនល្អ។ ទូរសព្ទស៊ីមពីរដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏មានមុខងារពិសេសៗមួយចំនួនទៀតដូចជា មុខងារសម្រង់ព័ត៌មានថ្មីៗ Action Center , មុខងារ Microsoft Enterprise , Microsoft Office, ឃ្លាំងផ្ទុកទិន្នន័យ One Drive ជាដើម។ ក្រៅពីនេះមានកម្មវិធីដែលអាចជួយតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នក SensorCore។
លោកអ្នក Gary Chan ប្រធានតំបន់ផ្នែកទីផ្សារនៃក្រុមហ៊ុន Microsoft Devices បានលើកឡើងថា៖ ជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់កម្មវិធីទូរស័ព្ទដ៏សម្បូរបែប មុខងារពិសេសៗនៃប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 និងប្រើប្រាស់បានស៊ីមកាតពីរក្នុងពេលតែមួយផងនោះយើង ជឿជាក់ថា ស្មាតហ្វូន Lumia 630 គឺកំពូលស្មាតហ្វូននៅក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ លោក Gary Chan ថែមទាំងបានបន្ថែមទៀតថា៖ ការបន្ស៉ីគ្នារវាង Lumia និង Windows Phone 8.1 បានលើកកម្ពស់បទពិសោធន៍ប្រើប្រាស់បានយ៉ាងប្រើសើរ ជាមួយនឹងកម្មវិធី Action Center ដោយគ្រាន់តែទាញចុះពីផ្នែកខាងលើនៃទូរស័ព្ទចុះមកក្រោម ដើម្បីមើលសម្រង់ព័ត៌មានថ្មីៗពីបណ្តាញសង្គម និងអាចកំណត់មុខងារផ្សេងៗនៅក្នុង Setting កម្មវិធី Live Tiles ដែលបង្ហាញព័ត៌មានថ្មីភ្លាមៗ និងកម្មវិធីវាយអក្សរបានលឿនឲ្យឈ្មោះថា Word Flow ផងដែរ៕