ព័ត៌មាន

អ្នកនាង សានសាណា និងលោក សុខគា គាំទ្រការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអុីហ្ស៊ីខមចំពោះកម្មវិធីសុវត្ថិភាពកុមារនៅកម្ពុជា

image

ពិធីការនីប្រចាំកម្មវិធីពេញចិត្ត ឬអត់? អ្នកនាង ខៀវ សានសាណា និងពិធីករក្នុងកម្មវិធីតើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ ឬទេ? លោក ដួង សុខគា បានបង្ហាញវត្តមាននៅក្នុងស្តង់ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅឯកម្មវិធីតាំងពិព័រណ៍អេឡិចត្រូនិច និងទូរគមនាគមន៍អន្តរជាតិ (ITET) នាថ្ងៃទី១៤ ខែវិច្ឆកាដើម្បីបង្ហាញនូវការគាំទ្ររបស់ពួគេចំពោះកិច្ចផ្តួចផ្តើម។ ពិធីករទំាងពីរូបនេះ​បានសម្តែងការគាំទ្រចំពោះក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលបានក្លាយជាក្រុមហ៊ុនដែលមានការទទួលស្គាល់ពីកម្មវិធីសុវត្ថិភាពកុមារ ឬ Child safe ដំបូងគេនៅកម្ពុជាតាមរយៈការចូលរួមនៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រមួយ ដែលរៀបចំដោយក្រុមហ៊ុនអ៊ីហ្ស៊ីខម និងអង្គការមិត្តសំឡាញ់ (Mith Samlanh)។

            ជាមួយនឹងអាវយឺតគាំទ្រកម្មវិធីសុវត្ថិភាពកុមារ លោក សុខគា ថ្លែងថា “ដូចដែលលោកអ្នកជ្រាបស្រាប់ហើយថា ខ្ងុំជាពិធីករក្នុងកម្មវិធីតើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ ឬទេ? ជាកម្មវិធីមួយដែលខ្ងុំត្រូវធ្វើការជាមួយកុមារ។ ដូច្នេះខ្ងុំគិតថាកិច្ចផ្តួចផ្តើម និងការប្រគល់វិញ្ញាប័ត្រនេះមានសារៈសំខាន់ខ្លាំងណាស់។ តាមរយៈការចូលរួមផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ ខ្ងុំសង្ឈឹមថាក្រុមហ៊ុនដទៃទៀតនឹងអនុវត្តដូចជាក្រុមហ៊ុនអ៊ីហ្ស៊ីខមដែរ។”

            ចំណែកពិធីការនី ខៀវ សានសាណា ក៏ថ្លែងឲ្យដឹងដែរថា “ក្រុមហ៊ុនជាច្រើនទៀតគួរតែសហការជាមួយអង្គការមិត្តសំឡាញ់ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលបែបនេះ។ យើងចាំបាច់ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធ្វើយ៉ាងណាការពារសុវត្ថិភាពកូនៗរបស់យើង និងដើម្បីឲ្យអ្នកដែលមានទំនួលខុសត្រូវយល់ដឹងពីអ្វីដែលពួកគេអាចធ្វើទៅបានក្នុងការការពារសុវត្ថិភាពកុមារ។ ហើយខ្ងុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចផ្តួចផ្តើមនេះ។”

image

            លោក Pual Blanche-Horgan ប្រធានក្រុមហ៊ុនអ៊ីហ្ស៊ីខមមានប្រសាសន៍ថា “ក្រុមហ៊ុនអ៊ីហ្ស៊ីខមមានមោទនភាពដែលបានសហការដៃគូរជាមួយអង្គការមិត្តសំឡាញ់ និងបានក្លាយជាក្រុមហ៊ុនដែលបំពេញបានតាមគោលការណ៍ ៧ និងបានការទទួលស្គាល់ពីកម្មវិធីភាពកុមារដំបូងគេនៅកម្ពុជា”។ លោកមានប្រសាសន៍បន្ថែមថា “ក្រោយពីបានទទួលការបណ្តុះបណ្តាលអំពីសវត្ថិភាពកុមារជាច្រើនសប្តាហ៍ បុគ្គលិករបស់យើងទទួលបានវិញ្ញាបនប័ត្រសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។”

            ចំណែកប្រធានផ្នែកទំនាក់ទំនងរបស់អង្គការ Friends-International លោក James Sutherland មានប្រសាសន៍ថា “យើងមានក្តីរីករាយដែលមានក្រុមហ៊ុនធំដូចជាក្រុមហ៊ុនអ៊ីហ្ស៊ីខមចូលរួមជាមួយយើង។ ការចូលរួមរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជាវិជ្ជមានក្នុងកិច្ចគាំពារកុមារនៅកម្ពុជា ហើយយើងសង្ឃឹមថាការងារនេះនឹងលើកទឹកចិត្តដល់ក្រុមហ៊ុនដ៏ទៃទៀតឲ្យអនុវត្តន៍តាម និងចួលរួមជាមួយយើងក្នុងចលនាការពារកុមារ។” លោក Sutherland បានបន្ថែមទៀតថា “ក្រុមហ៊ុនជាច្រើនមិនបានគិតដល់ទេថា ទោះបីផលិតផល ឬសេវារបស់ពួកគេហាក់ដូចជាមិនមានអ្វីពាក់ព័ន្ធដោយផ្ទាល់នឹងកុមារ​ តែតាមពិតអាជីវកម្មរបស់ពួកគេនៅតែអាចូលរួមចំណែកការពារ និងអភិវឌ្ឍកុមារនៅក្នុងសហគមបានដូចគ្នា។”

            កម្មវិធីសុវត្ថិភាពកុមារ ៧ ចំណុចក្នុងអាជីវកម្មគឺជាកម្មវិធីប្រឹក្សាយោបល់មួយ សម្រាប់អាជីវកម្មមានការទទួលខុសត្រូវ ដែលមានបំណងធានាថា គំរូអាជីវកម្មរបស់ពួកគេមានការគោរពសិទ្ធិកុមារ និងគុណភាពក្រុមគ្រួសារ ក៏ដូចជាការពារខ្លួនពីបញ្ហាពាក់ព័ន្ធនឹងការបំពានលើកុមារផងដែរ។ នេះគឺជាជំហានថ្មីបំផុតនៅក្នុងកិច្ចសហការកាន់តែជិតស្និទ្ធ​រវាងក្រុមហ៊ុនអ៊ីហ្ស៊ីខម និងអង្គការ Friends-International៕

image