ព័ត៌មាន

ក្រុមហ៊ុន Huawei Marine និង MCT ចុះកិច្ចព្រមព្រៀងសាងសង់ប្រព័ន្ធ​​ខ្សែ​កាប្លិ៍អុបទិកក្រោម​​បាត​សមុទ្ររវាងម៉ាឡេស៊ី-កម្ពុជា-ថៃ​

ក្រុមហ៊ុន Huawei Marine និង MCT ចុះកិច្ចព្រមព្រៀងសាងសង់ប្រព័ន្ធ​​ខ្សែ​កាប្លិ៍អុបទិកក្រោម​​បាត​សមុទ្ររវាងម៉ាឡេស៊ី-កម្ពុជា-ថៃ​  ដើម្បីអភិវឌ្ឍការប្រើប្រាស់ Broadband ក្នុងតំបន់ឥណ្ឌូចិន

 [ភ្នំពេញ, កម្ពុជា ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2015] ​ក្រុមហ៊ុន Huawei Marine ដែលជាក្រុមហ៊ុន ​​ផ្គត់​ផ្គង់​ប្រព័ន្ធ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ នៅទូទាំងពិភពលោក បាន​​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសាងសង់ និង​ថែទាំ​ប្រព័ន្ធខ្សែ​កាប្លិ៍​អុប​ទិក​មួយ​ ​ជា​មួយ​ក្រុមហ៊ុន Telekom Malaysia Berhad (ម៉ាឡេស៊ី)  ក្រុម​ហ៊ុន Symphony Communication Public (ថៃ) និង ក្រុម​ហ៊ុន Telcotech (កម្ពុជា) ដើម្បីសាងសង់​ប្រព័ន្ធ​ខ្សែ​កាប្លិ៍អុបទិក​ក្រោម​បាត​សមុទ្រ ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ។

 image

គម្រោង​ត​ភ្ជាប់​ខ្សែ​កាប្លិ៍​​ប្រវែង 1.300 គីឡូម៉ែត្ររបស់​ប្រព័ន្ធខ្សែកាបអុបទិក​ក្រោម​បាត​សមុទ្រ MCT នេះ នឹងតភ្ជាប់ទីក្រុង​​ Cherating ក្នុង​ប្រទេសម៉ាឡេស៊ី និងខេត្ត​​​​​ រ៉ាក់យ៉ង ប្រទេសថៃ និងតភ្ជាប់​​មកកាន់​ខេត្ត​ព្រះសីហនុប្រទេសកម្ពុជា តាមរយៈស្ថានីយ​តូច​ ដែលតភ្ជាប់ពីស្ថានីយមេ។ សម្រាប់​​​ការដំណើរការបន្ត​ទៅកាន់ប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា នឹងអាចប្រព្រឹត្ត​​ទៅ​បានតាមរយៈ ការតភ្ជាប់បណ្តាញលើ​គោក​បន្ថែមទៀត។ ​ប្រព័ន្ធ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ MCT បំពាក់ដោយបច្ចេកវិទ្យាទំនើប​ចុងក្រោយបំផុត 100G ដែល​មានសមត្ថភាពអាច​ផលិត​បាន​លើសពី 30​ Tbps ។ ប្រព័ន្ធនេះនឹង​អាច​ដំណើរការ និងផ្តល់​សេវាកម្មដល់​អតិថិជន​បាន​នៅដំណាច់ឆ្នាំ 2016 ។

 image

នៅ​ក្នុង​ពិធី​ចុះហត្ថលេខានេះ មាន​វត្តមាន​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពីសំណាក់​​ ឯកឧត្តម​ ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មន្ត្រី​ជាន់​ខ្ពស់សំខាន់​ៗ​ក្នុង​ជួររាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសដទៃទៀតយ៉ាង​ច្រើន​កុះ​ករ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ដែលនឹងទទួលបានអត្ថ​ប្រយោជន៍​ជាច្រើន ​ពីការ​ដំឡើងជាលើកដំបូង ​នៃ​ប្រព័ន្ធខ្សែកាប្លិ៍​អុប​ទិក​ក្រោមបាតសមុទ្រ ដែលមានល្បឿន​លឿន និង​សមត្ថភាពខ្ពស់មិន​ធ្លាប់​មាន​​។

 image

ក្រុមហ៊ុន Huawei Marine នឹងដាក់ពង្រាយឧបករណ៍​បង្កើន​ល្បឿន​អុបទិក ដែល​មានលក្ខណៈច្នៃប្រឌិតខ្ពស់ ​អាច​ប្រើ​ខ្សែ​រត់​ដល់​ទៅ​ 6គូ និងប្រើប្រាស់ប្រអប់​ទីតាញ៉ូម​តូច​ស្ដើង​ ដើម្បីកាត់បន្ថយការចំណាយលើប្រតិបត្តិការបាន​យ៉ាង​ច្រើន ផ្សារភ្ជាប់ជាមួយ​នឹងការដាក់ពង្រាយបណ្តាញនានា ដែល​​អនុញ្ញាតឲ្យ​ដាក់ពង្រាយបាន​ច្រើន​តភ្ជាប់​គ្នា​ ព្រម​ទាំង​ការ​កប់នៅក្រោមបាតសមុទ្រ។

 image

ប្រព័ន្ធខ្សែកាប្លិ៍​ថ្មីនេះ នឹងផ្តល់ឲ្យ​ប្រទេសកម្ពុជា​ និងបណ្តាប្រទេសនៅជុំវិញ ជាមួយនឹង​ការ​កើនឡើងយ៉ាងខ្ពស់​នៃកម្រិត​បញ្ជូន​ទិន្នន័យលំដាប់​​អន្ដរជាតិ ដែលនឹងជួយបង្កើនទិន្នន័យ​កម្មវិធីអ៊ីនធើណេតកាន់​តែ​ច្រើន​ និងបទពិសោធថ្មី​របស់​អ្នកប្រើប្រាស់​ទាំងបុគ្គល និងស្ថាប័ន​ពាណិជ្ជកម្ម។

 image

លោក Ma Yanfeng អគ្គ​នាយករង​ក្រុមហ៊ុន Huawei Marine បានមាន​ប្រសាសន៍​ថា៖ «យើងពិត​ជា​មាន​កិត្តិយសណាស់​ ដែល​បាន​សហការ​ជាមួយអតិថិជនរបស់យើង និង​ចាប់ផ្តើម​ធ្វើ​ការ​​អភិវឌ្ឍ​ និងសាងសង់ប្រព័ន្ធ​ខ្សែ​កាប្លិ៍​ MCT ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏​ទំនើប ​ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​​ក្នុង​តំបន់ឥណ្ឌូចិន»។

imageimage