ព័ត៌មាន

វគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute លើកទី3 បានបញ្ចប់ជាស្ថាពរ

និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជាចំនួន  ​80 នាក់បានប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតផលអេឡិកត្រូនិករបស់ Samsung Tech Institute  កាលពីថ្ងៃទី05 ខែតុលា កន្លងទៅនេះ។

 image

លោកសាស្ត្រាចារ្យ គឹម​ វណ្ណី ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះបានមានប្រសាសន៍ថា៖ «និស្សិតឆ្នើមចំនួន ០៨ នាក់នឹងត្រូវបានជ្រើសរើសតាមរយៈការប្រលងមួយនេះដើម្បីចុះកម្មសិក្សានៅមជ្ឈមណ្ឌលផ្នែកសេវាកម្មរបស់ក្រុមហ៊ុនសាមសុង ដែលពួកគាត់ទាំងអស់អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ របស់ក្រុមហ៊ុនសាមសុងផងដែរ។»

 image

លោក សុខ ពិសី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា «ការចុះកម្មសិក្សានៅ Samsung Service Center អាចធ្វើឲ្យខ្ញុំនិងនិស្សិតផ្សេងទៀត បានយល់ដឹងកាន់តែច្បាស់ពីផលិតផលអេឡិកត្រូនិកទំនើបៗ របស់សាមសុង ក៏ដូចជាបានរៀនសូត្រជាមួយអ្នកជំនាញជាច្រើននាក់នៅទីនោះហើយជាពិសេស ខ្ញុំអាចនឹងមានឱកាសក្លាយជាបុគ្គលិកនៅក្រុមហ៊ុនសាមសុងដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។»

វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2014 ហើយមាននិស្សិត ប្រមាណ​200 នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតជាង 10 នាក់ បានទទួលការងារដ៏សមស្របមួយនៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ  ហើយមាននិស្សិត ជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការនៅតាមស្ថាប័នផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅ ប្រទេស។

 គួរឲ្យដឹងផងដែរថា វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 មានរយៈពេល 4 ខែ គឺចាប់តាំងពី ខែមិថុនា ដល់ ខែតុលា ឆ្នាំ2016។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈអេឡិកត្រូនិករបស់សាមសុងដែលរួមមានដូចជា ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ថេបប្លេត ទូរស័ព្ទដៃ និងម៉ាស៊ីនត្រជាក់ជាដើម។

  image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com/global