ព័ត៌មាន

រឿងអាស្រូវធំមួយទៀតនៅចិន: Huawei ចោទអតីតបុគ្គលិកខ្លួនឯង ៦ នាក់លក់ទិន្នន័យ និងកូដសម្ងាត់

ការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនកំពុងតែកើនឡើងខ្លាំងក្លានៅក្នុងពិភពលោក។ ដោយឡែកក្រុមហ៊ុន Huawei របស់ចិនដែលធ្លាប់ស្រម៉ៃចង់បានចំណាត់ថ្នាក់លេខ ២ ផ្នែកលក់ទូរស័ព្ទដែលជាដំនែងរបស់ក្រុមហ៊ុន Apple នាពេលបច្ចុប្បន្ននេះ ពេលនេះបានផ្ទុះរឿងអាស្រូវធំមួយដែលបាននិយាយតៗគ្នានៅក្នុងប្រទេសចិនអំពីរឿងបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួនលួចទិន្នន័យ និងកូដសម្ងាត់ទៅកាន់ក្រុមហ៊ុន Coolpad ដែលជាក្រុមហ៊ុនកុលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LeEco។

image

តាមប្រភពពី klgadgetguy.com បានចុះផ្សាយថា ក្រុមហ៊ុន​ Huawei បានចោទប្រកាន់ទៅលើអតីតបុគ្គលិកកូនចៅក្រុមហ៊ុនរបស់ខ្លួនចំនួន ៦ នាក់ដែលបានទម្លាយនូវឯកសារសម្ងាត់របស់ក្រុមហ៊ុន Huawei ទៅខាងក្រៅ។ អតីតវិស្វករ និងអ្នករចនារូបរាងទាំង ៦ នាក់នេះត្រូវបាន Huawei ប្តឹងចាប់ខ្លួន និងកំពុងតែសាកសួរចម្លើយនៅក្នុងនាយកដ្ឋានសុវត្ថិភាពសាធារណៈនៅក្នុងទីក្រុង Shenzhen ។ នៅក្នុងចំនោមបុគ្គលិកទាំង ៦ នាក់នេះក៏មានបុគ្គលិកម្នាក់ដែលមានឈ្មោះថា Wu Bin ដែលជាប្រធានផ្នែករចនាម៉ូដរបស់ Huawei P6 ក៏ត្រូវបានសាកសួរចម្លើយផងដែរ។

image

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុន Coolpad បានអះអាងថាអតីតបុគ្គលិកទាំង ៦ នាក់នោះមិនបានផ្តល់ឯកសារ ឬកូដសម្ងាត់អ្វីមកកាន់ក្រុមហ៊ុននោះទេ។ យើងនៅមិនទាន់ដឹងបន្ថែមទៀតទេ តើអនាគតរបស់អតីតបុគ្គលិក Huawei ទាំង ៦ នាក់នេះពិតជាមានកំហុសពិតមែន ឬគ្រាន់តែជាការចោទប្រកាន់នោះ?