ព័ត៌មាន

សូមមានការប្រុងប្រយ័ត្នទៅលើកម្មវិធី FAKE: Update WhatsApp Messenger នៅលើ Google Play Store ដែលមានមនុស្សជាង 1 លាននាក់ទាញយកប្រើប្រាស់

ក្រុមឧក្រិដ្ឋជនអ៊ីនធើណិត (Cybercriminals) អាចទាញយកផលប្រយោជន៍បានពីអ្វីគ្រប់យ៉ាងដែលកំពុងតែមានការពេញនិយមប្រើប្រាស់ដើម្បីធ្វើការចែកចាយនូវមេរោគ Malware ហើយ Google Play Store គឺជាកន្លែងមួយដ៏ល្អបំផុតសម្រាប់ក្រុមហេគឃ័រដើម្បីសម្រេចគោលដៅរឿងនេះ។ ថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនកត់សម្គាល់ឃើញថា កម្មវិធី WhatsApp ក្លែងក្លាយក៏ត្រូវដាក់នៅលើ Google Play Store ដែលបោកអ្នកប្រើប្រាស់ជាង 1 លាននាក់ទាញយកកម្មវិធីនេះ។

image

 

កម្មវិធី Update WhatsApp Messenger គឺជាកម្មវិធីក្លែងក្លាយដែលអ្នក Developer ដាក់ឈ្មោះថា “WhatsApp Inc” ដែលដូចគ្នាទៅនឹងកម្មវិធីផ្លូវការ WhatsApp Messenger នៅលើ Google Play ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើ Hackers អាចដាក់ឈ្មោះដូចគ្នាយ៉ាងម្តេចកើតទៅ? ជាក់ស្តែង Hackers នេះប្រើប្រាស់នូវ Unicode Character Space ដោយពាក្យថា WhatsApp Inc. ត្រូវកុំព្យូទ័រអានជា​ WhatsApp+Inc%C2%A0.។  

យោងតាម Redditors រកឃើញបញ្ហា App ក្លែងក្លាយនេះហើយ App នេះមិនមែនជា Chat App សម្រាប់ផ្ញើរសារនោះទេ ប៉ុន្តែវាសម្រាប់ធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ Android ទាញយកកម្មវិធីជាច្រើនផ្សេងទៀត។ ឥឡូវនេះ ក្រុមហ៊ុន​ Google ដកចេញនូវកម្មវិធី WhatsApp Android ក្លែងក្លាយនេះចេញពី Play Store ហើយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនៅតែបរាជ័យក្នុងការបញ្ឈប់បញ្ហា App ក្លែងក្លាយនេះ។ គួរបញ្ជាក់ផងដែរថា Google Play Store នៅតែមានកម្មវិធីក្លែងក្លាយជាច្រើនទៀតដែលបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យធ្វើការទាញយក និងតម្លើងកម្មវិធីទាំងនោះនៅលើស្មាតហ្វូនរបស់ពួកគេដើម្បីចែកចាយមេរោគលួចអ្វីមួយ។ ដូចនេះ លោកអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលទាញយកកម្មវិធីពី Google Play Store ៕