ព័ត៌មាន

អ្នកស៊ើបការណ៍កំពុងប្រើប្រាស់បណ្តាញសង្គម LinkedIn

ទីភ្នាក់ងារចារកម្មរបស់ប្រទេសអាល្លឺម៉ង់ – Bundesamt fur Verfassungsschutz (BfV) ផ្សាយថាគណនីសកម្មទាំងប្រាំបីដែលបង្កើតនៅលើ LinkedIn​ និងប្រើដើម្បីទាក់ទាញមន្រ្តីអាល្លឺម៉ង់គឺមានគោលបំណងក្នុងការធ្វើចារកម្ម។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលគណនីទាំងនោះត្រូវបង្ហោះក្នុងរូបភាពទាក់ទាញ​ ស៊ិចស៊ី និងក្លែងក្លាយ។  ក្រុម BfV ចោទប្រកាន់ថា គណនីទាំងនោះត្រូវប្រើប្រាស់ដោយចារកម្មចិនដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីមន្រ្តីអាល្លឺម៉ង់ និងអ្នកនយោបាយ។ លោក Hans-Georg Maassen ប្រធានទីភ្នាក់ងារស៊ើបការណ៍អាល្លឺម៉ង់ (BfV) កាលពីថ្ងៃអាទិត្យនេះសម្រេចចោទប្រកាន់ថាភ្នាក់ងារស៊ើបការណ៍ចិនប្រើប្រាស់ LinkedIn ដើម្បីកំណត់គោលដៅជនជាតិអាឡឺម៉ង់ប្រហែល ១០,០០០ នាក់ដែលអាចនឹងត្រូវជ្រើសរើសជាអ្នកផ្តល់ព័ត៌មានដល់ពួកគេ។

image

រ៉យទ័រស្រង់សម្តី BfV ថា:

សេវាកម្មស៊ើបការណ៍សម្ងាត់របស់ចិនមានសកម្មភាពយ៉ាងសកម្មនៅលើបណ្តាញសង្គមដូចជា LinkedIn ហើយព្យាយាមទាញយកព័ត៌មាននិងស្វែងរកប្រភពចារកម្មតាមមធ្យោបាយនេះ [បូករួមទាំងការស្វែងរកទិន្នន័យពីទម្លាប់ ចំណង់ចំណូលចិត្តនិងចំណាប់អារម្មណ៍លើនយោបាយរបស់អ្នកប្រើប្រាស់] ។

ប៉ុន្តែប្រទេសចិនបានបដិសេធទាំងស្រុងលើបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ គង់ បដិសេធកាលពីថ្ងៃចន្ទនេះនៅក្នុងទីក្រុងប៉េកាំងថា នេះគឺជាការចោទប្រកាន់ដោយគ្មានហេតុផលគ្រប់គ្រាន់ ។

យើងសង្ឃឹមថាអង្គការដែលពាក់ព័ន្ធរបស់អាល្លឺម៉ង់ជាពិសេសនាយកដ្ឋានក្នុងរដ្ឋាភិបាលអាចនិយាយថានឹងធ្វើសកម្មភាពអោយកាន់តែមានទំនួលខុសត្រូវ និងមិនធ្វើអ្វីដែលមិនផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

BfV កំណត់អត្តសញ្ញាណគណនីក្លែងក្លាយដូចខាងក្រោមនេះ:
• គណនី “Rachel Li”​ ត្រូវកំណត់ថាជាការ “ប្រមាញ់” នៅ “RiseHR”
• គណនី “Alex Li” ជា “អ្នកគ្រប់គ្រងគំរោងនៅមជ្ឈមណ្ឌលសិក្សាស្តីពីការអភិវឌ្ឍចិន – អឺរ៉ុប Center for Sino-Europe Development Studies “
• គណនី “Laeticia Chen” ជាអ្នកគ្រប់គ្រងនៅ “មជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិចិន China Center of International Politics and Economy” ដែលប្រើប្រាស់រូបថតដ៏គួរឱ្យចាប់អារម្មណ៍ពីតារាងបង្ហាញម៉ូដតាមអ៊ីនធឺណែត។

រ៉យទ័ររកឃើញថា គណនីមួយចំនួនទាក់ទងទៅកាន់អ្នកការទូតជាន់ខ្ពស់ និងអ្នកនយោបាយមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើន។ ប៉ុន្តែមិនមានវិធីដើម្បីរកឱ្យឃើញថាមានគណនីណាខ្លះទាក់ទងផ្ទាល់ខ្លួនក្រៅពីតាមបណ្តាញសង្គមនោះទេ។ យោងតាមកាសែត Financial Times របាយការណ៍របស់ BfV គឺជាលទ្ធផលនៃការស្ទង់មតិរយៈពេល ៩ ខែនៃបណ្តាញសង្គមដែលចាប់ផ្តើមនៅក្នុងខែមករា។ លោក Maassen ចាត់ថ្នាក់ការងាររបស់ប្រទេសចិនលើ LinkedIn ថាជា “ការប៉ុនប៉ងជ្រៀតចូលក្នុងសភា ក្រសួង និងផ្នែករដ្ឋបាល” ។

សេវាកម្មចារកម្មចិនកំពុងប្រើយុទ្ធសាស្ត្រវាយប្រហារថ្មីនៅតាមឌីជីថល។ បណ្តាញសង្គមជាពិសេស LinkedIn កំពុងត្រូវប្រើប្រាស់ដើម្បីប្រមូលព័ត៌មាននិងជ្រើសរើសបុគ្គលិក។

BfV និយាយថាការបង្កើតទំនាក់ទំនងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមស្ថិតនៅលើរបៀបវារៈនៃសេវាកម្មស៊ើបការណ៍សម្ងាត់បរទេសពេលខ្លះ:

ព័ត៌មានអំពីទម្លាប់ ចំណូលចិត្ត និងចំណាប់អារម្មណ៍នយោបាយអាចត្រូវប្រមូលបានដោយគ្រាន់តែការចុចពីរ បីដងប៉ុណ្ណោះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិនគឺសកម្មខ្លាំងនៅលើបណ្តាញសង្គមដូចជា LinkedIn ។

យោងតាមរបាយការណ៍ផ្សព្វផ្សាយរបស់អាឡឺម៉ង់ សេវាស៊ើបការណ៍សម្ងាត់របស់ចិនប្រើគណនីក្លែងក្លាយដើម្បីទាក់ទងសមាជិកសភាអាឡឺម៉ង់ និងអ៊ឺរ៉ុប ក៏ដូចជាមន្រ្តីយោធាជាន់ខ្ពស់ និងអ្នកតំណាងនៃមូលដ្ឋានគ្រឹះ ក្រុមប្រឹក្សាយោបល់ និងអ្នកពិគ្រោះយោបល់។ នៅពេលទំនាក់ទំនងត្រូវបង្កើត អ្នកស៊ើបការណ៍នឹងព្យាយាមផ្លាស់ប្តូរទស្សនៈ និងព័ត៌មានដែលមានលក្ខណៈវិជ្ជាជីវៈតាមការអញ្ជើញទៅសន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Microsoft ដែលគ្រប់គ្រងLinkedInប្រកាសនៅថ្ងៃចន្ទថា ក្រុមហ៊ុនលុបចោលគណនីក្លែងក្លាយរបស់អ្នកប្រើប្រាស់ចិនដែលបំពានលក្ខខណ្ឌប្រើប្រាស់។

តើធ្វើដូចម្តេចដើម្បីទប់ស្កាត់ LinkedIn?
• មិនត្រូវរាប់អានអ្នកមិនស្គាល់។ ប្រសិនបើអ្នកមិនស្គាល់គេទេ កុំទទួលយកសំណើរាប់អានរបស់ពួកគេតាមបណ្តាញសង្គម ទោះជាពួកគេគួរឱ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយ។
• ប្រយ័ត្នអ្វីដែលអ្នកចែកចាយនៅលើបណ្តាញសង្គម។ ពត៌មានលំអិតទាក់ទងនឹងការងារគឺជាចំណាប់អារម្មណ៍របស់ចារកម្ម។
•រាយការណ៍ពីគណនីក្លែងក្លាយ។ ប្រសិនបើអ្នកសង្ស័យថាគណនីណាមួយក្លែងក្លាយ សូមរាយការណ៍ទៅ LinkedIn ៕