ព័ត៌មាន

មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ និងវឌ្ឍនភាពការងាររបស់​ក្រុមប្រឹក្សាភិបាល​មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍

ថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ មាន​រៀបចំ​សន្និសីទសារព័ត៌មាន​ស្តីពី​មូលនិធិ​នៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍​និងបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន និង​មូលនិធិកាតព្វកិច្ច​សេវាសកលទូរគមនាគមន៍ ក្រោម​អធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍​និងជាប្រធាន​លេខាធនិការដ្ឋាន​ នៃក្រុមប្រឹក្សា ស.អ. និង​ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកប្រៃសណីយ៍និងទូរគមនាគមន៍និងជា​ប្រធាន​លេខាធិការនៃ ក.ម.ក.ស.ទ.។

image

image

កាតព្វកិច្ចសេវាសកលទូរគមនាគមន៍ មិនមែនជាទស្សនទានថ្មីនោះទេ វាត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៦ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក និងពង្រីករហូតមកដល់ប្រទេសជាច្រើនទៀតនៅពេលដែលវិស័យទូរគមនាគមន៍ចាប់ផ្តើមរីកចម្រើន។ ហេតុនេះ កាតព្វកិច្ចនេះត្រូវបានអនុវត្តជាទូលំទូលាយនៅលើសកលលោកជាអស់រយៈពេល​ជាង២០ឆ្នាំមកហើយ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានបីគឺ Availability, Affordability and Accessibility  ដែលមានន័យថា ធ្វើយ៉ាងណាឲ្យសេវាទូរគមនាគមន៍គ្របដណ្តប់ឲ្យបានគ្រប់ទីកន្លែង មានតម្លៃសមរម្យនិងអាចទាញយកផលប្រយោជន៍បានពីវិស័យនេះបានដោយគ្រប់ៗគ្នា។

image

ITU បានជំរុញរដ្ឋសមាជិករបស់ខ្លួនឲ្យអនុវត្ត USO នេះ ឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាសម្រេចឲ្យបានទស្សនទាន 2020 ដើម្បីឲ្យ ៩០ ភាគរយ នៃប្រជាពលរដ្ឋរស់នៅតំបន់ជនបទទូទាំងពិភពលោកមានសេវាអ៊ីនធឺណេតល្បឿនលឿនប្រើប្រាស់។ កម្ពុជាដែលជារដ្ឋសមាជិកមួយដែរបានសិក្សាពីលទ្ធភាពបង្កើត USO នេះ ឡើងតាំងពី ឆ្នាំ២០០១ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពី ITU។ ក៏ប៉ុន្តែដោយស្ថានភាពអភិវឌ្ឍន៍វិស័យសម័យកាលនោះមិនទាន់មានភាពរីកចម្រើននិងសម្បូរបែបនៅឡើយ ម្យ៉ាងទៀតដោយយល់ថា នាពេលនោះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការធ្វើសេរីភាវូបនីយកម្មនៃវិស័យនេះផងដែរ រាជរដ្ឋាភិបាលក៏មិនទាន់លើកយក USO នេះ មកអនុវត្ត។ នាឆ្នាំ២០០៧ នាកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាននៅខេត្តសៀមរាប ប្រទេសកម្ពុជា រដ្ឋមន្ត្រីទាំងអស់បានផ្តោតជាសំខាន់លើការពង្រីកសេវាទូរគមនាគមន៍នេះទៅជនបទ ហើយ USO ត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយ។ ចាប់ពីពេលនោះមក រដ្ឋជាសមាជិកអាស៊ានជាច្រើនបានអនុវត្តគោលការណ៍នេះ ដោយឡែកកម្ពុជាទើបតែចាប់ផ្តើមនាឆ្នាំ២០១៧ នេះទេ។

image

ផ្អែកតាមអនុក្រឹតស្តីពីការកំណត់យន្តការសម្រាប់ការអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យ​ទូរគមនាគមន៍ បានកំណត់ថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវបង់វិភាគទាន ២% នៃចំណូលដុលរបស់ខ្លួនមកមូលនិធិកាតព្វកិច្ចសេវាសកលជារៀងរាល់ឆ្នាំ។ ហើយថវិការនេះនឹងយកទៅអនុវត្តដូចមានចែងក្នុងមាត្រាទី២០ ដូចខាងក្រោម៖

ក- កសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សម្រាប់អ៊ិនធឺណិតល្បឿនលឿននៅតាមតំបន់អទិភាព

ខ- ផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍និងសេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទំនើបនិងល្បឿនលឿននៅតំបន់អាទិភាពដែលបានកំណត់ក្នុងចំណុច (ក) នៃមាត្រានេះ ប្រកបដោយសុវត្ថិភាពនិងសន្តិសុខ

គ-ជំរុញការកាត់បន្ថយគម្លាតឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច

ឃ-ផ្តល់សេវាគ្រាអាសន្នទូទាំងប្រទេសដោយឥតគិតថ្លៃ។

ការចូលវិភាគទានរបស់ប្រតិបត្តិករទូរគមនាគមន៍មិនមែនជាពន្ធដាទេ ព្រោះថាថវិការនេះ នឹងត្រូវប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍វិញដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមតំបន់ដែលបានចែងខាងលើនិងស្របតាមគោលការណ៍ដែលកំណត់ដោយក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍​។

សម្រាប់ឆ្នាំដំបូងនៃការអនុវត្តគម្រោងរបស់មូលនិធិនេះ ក្រុមប្រឹក្សាភិបាលបានកំណត់យកតំបន់  សាកល្បង​ចំនួន៦ស្រុកដែលមានលក្ខណៈសង្គមនិងសេដ្ឋកិច្ចផ្សេងៗគ្នា ជាតំបន់អាទទិភាពសម្រាប់អនុវត្តគម្រោងឆ្នាំ២០១៧ ដូចជា៖

–        នៅខេត្តកំពង់ឆ្នាំង ស្រុកទឹកផុស និងកំពង់លែង

–         នៅខេត្តកណ្តាល ស្រុកល្វាឯម ខ្សាច់កណ្តាល និងស្អាង

–        នៅខេត្តព្រះសីហនុស្រុកកំពង់សីលា និង

–        នៅខេត្តកោះកុង ស្រុកថ្មបាំង (ផ្តោតលកើតំបន់អារ៉ែង)

បច្ចុប្បន្ននេះក្រុមការងារលេខាធិការដ្ឋានបានរៀបចំចុះវាស់ស្ទង់សេវាគ្របដណ្តប់នៅតាមតំបន់មួយចំនួន ហើយទទួលបានទិន្នន័យបឋមមួយចំនួន។ ក្រុមការងារនឹងចុះបញ្ចប់ការងារនេះនៅសប្តាហ៍ទី៣នៃខែកុម្ភៈនេះ ហើយនឹងអញ្ជើញប្រតិបត្តិករទូរគមនាគមន៍ណាដែលបានបង់វិភាគទានរួចរាល់ចុះពិនិត្យជាក់ស្តែង ហើយលើកគម្រោង​ស្នើមកក្រុមប្រឹក្សាភិបាលដើម្បីសុំទូទាត់ការអនុវត្តគម្រោងស្នើសុំទូទាត់ជាមុន (offset) សម្រាប់ឆ្នាំ២០១៧​។

ដោយឡែកក្រុមការងារលេខាធិការដ្ឋានកំពុងបញ្ចប់ពង្រាងផែនការសកម្មភាពឆ្នាំ២០១៨ ហើយនឹងប្រកាសតំបន់ផ្សេងៗទៀតសម្រាប់អនុវត្តគម្រោង USO នេះ។