ព័ត៌មាន

ការប្រគំសិល្បៈ និងតន្ត្រីដើម្បីប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញដ៍ធំបំផុតសម្រាប់ទស្សនិកជន២៧០០០នាក់

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈាន​មុខ​គេ​នៅ​កម្ពុជា​ នឹងមានការរៀប​ចំព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ​ដ៏ធំមួយដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨​ ​នាពេល​ខាងមុខនេះ ដែលមានឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018”​​ ។ ព្រឹត្តិការណ៏នេះ នឹងមានកម្មវិធីពិសេសៗដូចជា ការ​​ប្រកួត​ប្រជែងសម្រស់និងទេព្យកោសល្យពិសេស របស់​​កម្មករ​កម្មការិនី ​ដែល​​​កំពុងបម្រើការងារនៅ​ក្នុង​ក្រុមហ៊ុន​នានា​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹងសម្តែង​សមត្ថភាពនិងទេពកោសល្យ នៅ​ចំពោះមុខ មហាជន និង​មានការ​ដាក់ពិន្ទុកាត់សេចក្ដី​ដោយ​គណៈកម្មការសម្រាប់​ជ្រើសរើសជ័យលាភី។

 image

អី្វដែល គួរឱ្យចាប់អារម្មណ៍ និងធ្វើអោយព្រឹត្តការណ៍នេះកាន់តែសប្បាយ និងវិសេសវិសាលថែមទៀតនោះ គឺ មានការសំដែងសិល្បៈរបាំបូរាណ របាំសហសម័យ របស់ក្រុមសិល្បៈអាជីពកម្រិតខ្ពស់នៃព្រះរាជាណា​ចក្រ​កម្ពុជា ព្រមទាំងមាន​វត្ដមាន​ចូលរួមពី​តារាល្បី​ៗប្រចាំប្រទេសកម្ពុជា​ដូចជា​​ លោក​ ព្រាប​ សុវត្ថិ អ្នកនាង​ ខាត់ សុឃីម និងក្រុមកំប្លែងនាយពែកមីទៀតផង ។ ទស្សនិកជនដែល​រំពឹង​ទុកចូលរួម​​នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រមាណ​ ២៧០០០នាក់។

image

លោកស្រី ហ៊ុន ចាន់ប៉ី ​អ្នក​គ្រប់គ្រងជាន់ខ្ពស់របស់​ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភិអិលស៊ី និង​ជាអ្នក​រៀបចំកម្មវិធីឆ្នាំនេះមាន​ប្រសាសន៍ថា យើងមានសេចក្តីគោរព ស្រលាញ់ និងអោយតម្លៃទៅដល់កម្មករ និង​កម្មការិនី។ ជាការពិតនិង មាន​សារសំខាន់​ខ្លាំងណាស់សម្រាប់យើង ​ក្នុង​​ការធ្វើការងារ​ជា​ក្រុម និងយល់អំពីសេចក្តីត្រូវការរបស់ពួកគាត់ និង មានការសហការល្អរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យ​ការងារមានភាពរីកចម្រើន និងភាពលូតលាស់។​ ហេតុដូច្នេះហើយ នៅក្នុងឱកាសប្រារព្ធ​ពិធី​បុណ្យ​

 

ចូលឆ្នាំខ្មែរ អមជាមួយនឹង កម្មវិធីសង្រ្កាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018នាពេលខាងមុខនេះគឺជាការបង្ហាញនូវការអោយតម្លៃ ការលើកទឹកចិត្ត និង​ពង្រឹង​ចំណងមិត្តភាព​ឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាង​​ក្រុមការងាររបស់តំបន់សេដ្ឋកិច្ច​ពិសស​ភ្នំពេញ កម្មករ​កម្មការិនី អ្នកដឹកនាំ អ្នកវិនិយោគ និង​សហគមន៍​ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ​ដើម្បីការសហការងារល្អនាពេលអនាគត​បន្តទៅទៀតយើង​​ខ្ញុំរង់ចាំទទួល ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី និងចូលរួមសប្បាយ​រីករាយ​ទាំងអស់គ្នា” 

image

លោកជំទាវឧកញ៉ា លីម ឈីវ​ហូរ អគ្គនាយិកា​ក្រុមហ៊ុន​ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលជាអ្នក​ផ្តួចផ្តើមគំនិត​បង្កើត​ព្រឹត្តិការណ៍នេះឡើង មាន​ប្រសាសន៍ថា “ខ្ញុំ​មាន​សេចក្ដី​សោមនស្សរីករាយ​ជាខ្លាំង ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ជាលើកទី៥សម្រាប់ឆ្នាំនេះ និងសូមឆ្លៀតយកឱកាសនេះ​ថ្លែង​អំណរគុណចំពោះ​អ្នកឧបត្ថម្ភ និងដៃគូសហការ​របស់យើង ហើយនេះគឺជាការឆ្លើយតបដល់​កម្មករ​កម្មការិនី​របស់​យើង​ ដែល​បានខិតខំប្រឹងប្រែងបំពេញការងារ​ក្នុង​ឆ្នាំកន្លងទៅ។ យើង​មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ដែល​បាន​អញ្ជើញ​ភ្ញៀវ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា ឯកឧត្តម អ៊ិត​ សំហេង រដ្ឋមន្ត្រី ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ លោកជំទាវ​ វេជ្ជ.​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី  ឯកឧត្តម សុខ​ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​សមាជិកនៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា” ។

“យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភកម្មវីធី និងដៃគូសហការទាំងអស់ សម្រាប់​ការគាំទ្រដោយសប្បុរស ដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន និងសម្រាប់ការបំពេញការងារយ៉ាង​សស្រាក់សស្រាំរបស់ក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះ​រយៈពេល​ពីរបីខែ​ដោយគ្មាននឿយហត់”​  ប្រសាសន៍លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី។ “នៅពេលចាប់ផ្តើមកម្មវិធីនេះពីរបីឆ្នាំដំបូង យើងមានទស្សនិកជនចូលរួម​ប្រមាណជា១ម៉ឺននាក់ប៉ុណ្ណោះ។ លើកនេះ យើងសង្ឃឹមថា ចំនួនទស្សនិកជនចូលរួមនឹងកើនឡើង៣ដង ហើយខ្ញុំគិតថា វាជាកម្មវិធីប្រគុំតន្ត្រីសម្រាប់សហគមន៍ធំជាងគេ​ ដែលមានតែមួយគត់នៅកម្ពុជា។ យើងពិតជាអរគុណសម្រាប់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវីធីដ៏គួរឱ្យសប្បាយរីករាយមួយនេះ ដំណើរការទៅបាន និងទន្ទឹងរង់ចាំរាត្រីដ៏អស្ចារ្យនេះ” 

 

 

ការប្រកួតប្រជែងឆ្នាំនេះ មានកម្មករកម្មការិនីចូលរួមដាក់ពាក្យប្រមាណជា៨០នាក់ ហើយការជម្រុះលើក​ទី១ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយជ្រើសរើសបានបេក្ខជនដែលត្រូវបន្តទៅកាន់​វគ្គបន្ទាប់ចំនួន៤០នាក់ ប្រុស២០នាក់ ស្រី២០នាក់។ ការជម្រុះលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ដើម្បីសម្រាំងយកបេក្ខជនចំនួន១០នាក់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តនៅលើឆាកនាថ្ងៃទី៣១ ខែមីនា។