ព័ត៌មាន

ពិព័រណ៍អឺរ៉ុបលើកទី១ សម្ពោធជាផ្លូវការថ្ងៃនេះហើយ!

សូមអញ្ជើញជួបជាមួយក្រុមហ៊ុននិងម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជា និង រីករាយជាមួយគ្រួសារនៅថ្ងៃចុងសប្តាហ៍ រួមទាំងឱកាសសម្រាប់ពាណិជ្ជករពង្រីកអាជីវកម្ម និងទំនាក់ទំនង។

 ពិព័រណ៍អឺរ៉ុប ដែលជាការតាំងពិព័រណ៍ផលិតផល​និង​សេវាកម្ម​អឺរ៉ុបនៅប្រទេសកម្ពុជា នឹង​ត្រូវ​សម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ​ អគារ K និង L។​ ​ពិ​ធីសម្ពោធជាផ្លូវការ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោមអធិបតីភាពរបស់ លោក​ជំទាវ តឹករ៉េត​ កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ​លោក Simone Pieri ភារធារី​ស្ដី​ទី​ប្រតិភូនៃ​សហភាពអឺរ៉ុបប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា និង លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រម​ទាំង​តំណាងក្រុមហ៊ុន Cambodia Airports ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ពិព័រណ៍ធំ​ជាង​គេ និងក្រុមហ៊ុន​ ​Eurasia Concept​ ដែលជាក្រុមហ៊ុនចូល​រួម​តាំង​ពិព័រណ៍​ធំបំផុតក្នុងចំណោមក្រុមហ៊ុន​ចូលរួមជាង៤០ក្រុមហ៊ុនមកពីវិស័យ​ជា​ច្រើន​។​

 image

លោក Blaise Killian នាយកប្រតិបត្តិស្ដី​ទី​នៃ​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមាន​ប្រសាសន៍​ថា៖«យើងខ្ញុំ​រីករាយក្នុងការតាំងបង្ហាញពីលក្ខណៈដ៏ល្អប្រពៃរបស់​អឺរ៉ុបនៅកម្ពុជា​ ក្នុងកំឡុងពេលបីថ្ងៃនេះ។ យើងខ្ញុំ​រៀបចំកម្មវិធីបែប​នេះ គឺ​ជា​លើកទីមួយ​ហើយ ខ្ញុំសង្ឃឹមថាអ្នកទស្សនា  ជាពិសេសអតិថិជននិងអ្នកជំនួញកម្ពុជា នឹងរីករាយទស្សនា​​ផលិតផល ពិសារ​ចំណីអាហារ ព្រម​ទាំង​កម្សាន្ត​សប្បាយ​នឹង​សកម្មភាពផ្សេងៗទៀតនៅក្នុងពិព័រណ៍នេះ។ គោលដៅរបស់យើងគឺផ្តល់ជូន​អ្នកអាជីពនូវ​ន​ឱកាសពង្រីក​ទំនាក់ទំនងអាជីវកម្ម និង ធ្វើ​ឱ្យ​សាធារណជន​បានស្គាល់ម៉ាកល្បីៗ​របស់អឺរ៉ុប ជាផលិតផលមានគុណភាពខ្ពស់​ និងសេវាកម្មល្អៗ ដែលពួកគេអាច​ទិញបានភ្លាមៗនៅទីនោះ។»

 image

ពិព័រណ៍អឺរ៉ុបនឹង​ត្រូវ​បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។

 អ្នកទស្សនានឹងរីករាយជាមួយម៉ាកល្បីៗ ផលិតផល និង សេវាកម្ម មកពីប្រទេសអឺរ៉ុបជាច្រើន។ មានការតាំង​បង្ហាញផលិតផល​មក​ពី​ជាង៤០ក្រុមហ៊ុន ក្នុង​គ្រប់វិស័យ ដូចជា យានយន្ត (Porsche, BMW, Mercedes Benz, MG ។ល។)​ ​គ្រឿងសង្ហារិម និង ក្រុមហ៊ុនរចនាខាងក្នុងផ្ទះពីប្រទេសអ៊ីតាលី គ្រឿងសម្អាងមកពីប្រទេសបារាំង សម្លៀកបំពាក់​ ​គ្រឿង​ម៉ាស៊ីន និង សម្ភារប្រើប្រាស់ (Bosch, Wūrth) ឬ Daas & Chemicals ​និងអាហារអឺរ៉ុបឆ្ងាញ់ពិសារមកពីហាង​ ​Thalias​,​ Hops, Good France និងហាងជាច្រើនទៀត។

image

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមាន​ប្រសាសន៍​ថា៖«ពិព័រណ៍អឺរ៉ុបលើកដំបូងនេះនឹងជាចំណុចផ្តើមសម្រាប់ពិព័រណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។ ផ្នែកមួយនៃបេសកកម្មយើង ក្រៅពីការផ្សព្វផ្សាយអាជីវកម្មរវាងកម្ពុជានិងអឺរ៉ុបហើយនោះ គឺការបង្កើនការយល់ដឹងពីអាជីវកម្មអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ ពួកយើងចង់ផ្តល់ឱកាសឱ្យសមាជិកយើងបានបង្ហាញខ្លួនជូនអ្នកទស្សនា ហើយយើងក៏បាននាំក្រុមហ៊ុនជាច្រើនមកតាំងបង្ហាញនៅទីនេះដែរ។ ខ្ញុំរីករាយណាស់ក្នុងការចូលរួមក្នុង​កម្មវិធីនេះ និង ជួបអ្នកទស្សនាខ្មែរ​ដែលជាមិត្តភក្តិល្អរបស់អឺរ៉ុបនិងម៉ាកល្បីៗមកពីអឺរ៉ុបផងដែរ។»

 image

ពិព័រណ៍អឹរ៉ុបក៏នឹងផ្តល់ឱកាសជូនអ្នកជំនួញអាជីពដែលកំពុងស្វែងរកដៃគូជំនួញនិងបង្កើនទំនាក់ទំនងផងដែរ។

 image

ពិព័រណ៍អឹរ៉ុប (EuroFair) ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភធំដោយ ក្រុមហ៊ុន Cambodia Airports។ ពិព័រណ៍នេះ ទទួលបានការគាំទ្រពីប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្ដាប្រទេសអឺរ៉ុបនៅកម្ពុជា រួមមានសភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham)​ សភាពាណិជ្ជកម្មបារាំង (CCIFC)  សភាពាណិជ្ជកម្មអ៊ីតាលី (ICBA) និង សភាពាណិជ្ជកម្មអឺរ៉ុបខាងជើង (NordCham – ប្រទេសន័រវេ ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់)។

 ពិព័រណ៍អឺរ៉ុបចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាច និងបើកទទួលសាធារណជនចូលរួមដោយឥតគិតថ្លៃនៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអគារ K និង អគារ L។