ព័ត៌មាន

អត្ថន័យនៃ​ IP Address

IP address គឺជាលេខមួយដែលត្រូវបានគេប្រើសំរាប់កំនត់សំគាល់ ម៉ាស៊ីនមួយនៅលើបណ្ដាញ។ ម៉ាស៊ីននីមួយៗ នៅលើបណ្ដាញ ត្រូវតែមាន IP address សំរាប់ធ្វើការទំនាក់ទំនងជាមួយនឹងម៉ាស៊ីនដទៃទៀត នៅលើបណ្ដាញ។ ដូចដែលខ្ញុំបានលើកឡើងមកនិយាយកាលពីអត្ថបទមុននោះ  hostគឺជា ឧបករណ៏ដែលបញ្ជូន និងទទួលទិន្នន័យនៅលើបណ្ដាញមួយ។ នៅក្នុងLAN   hostនីមួយៗចាំបាច់ត្រូវតែមានIP address សំរាប់ធ្វើការទំនាក់ទំនងគ្នា។

 image

បើយើងនិយាយអោយងាយស្ដាប់ទៅ IP address ប្រៀបបានទៅនឹង អាសយដ្ឋានរបស់យើង  ពីព្រោះវាបានកំនត់នូវ ទីតាំងដែលម៉ាស៊ីនតាំងនៅ។ IP addressទាំងអស់ត្រូវបានកំនត់ដោយអ្នកគ្រប់គ្រង ឬក៏អាចកំនត់ដោយServerមួយក៏បាន។

IP address គឺជាបណ្ដំនៃប្រពន្ធ័ binary ដែលមានចំនួន 32 bits។ សំរាប់ការប្រើប្រពន្ធ័binaryនេះ គឺជាការលំបាកណាស់សំរាប់យើង ក្នុងការមើលវា។ អាស្រ័យហេតុហើយ ទើបបានជាគេបានបែងចែកវាអោយទៅជា ៤ ផ្នែក។ ផ្នែកនីមួយៗត្រូវបានគេហៅថា octets មានរួមមានចំនួន 8 bits។ ទោះបីជាមានការបែងចែកទៅតាមក្រុមក៏ដោយ ក៏នៅតែមានការលំបាកដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់។ ជាកំនែចុងក្រោយ អ្នកជំនាញក៏បានបំលែងពី ប្រពន្ធ័គោលពីរ ទៅកាន់ប្រពន្ធ័គោល១០ ដែលធ្វើអោយមនុស្សងាយស្រួលប្រើប្រាស់។

ឧទាសរណ៍ ៖ ប្រសិនបើយើងបញ្ជូល IP address “192.168.1.5” វាប្រៀបដូចជាយើងបានបញ្ជូល “11000000101010000000000100000101” អញ្ចឹង។

 image

បើយើងក្រលេកមើលទៅកាន់IP address អោយច្បាស់ យើងឃើញថា វាត្រូវបានគេបែងចែកជាពីរផ្នែក។ ផ្នែកទីមួយ (Network Portion) គឺប្រើសំរាប់សំគាល់បណ្ដាញដែលវាភ្ជាប់ទៅកាន់។ IP addressទាំងអស់របស់ម៉ាស៊ីននីមួយៗ នៅក្នុងបណ្ដាញមួយ ត្រូវតែមាន Network portion ដូចគ្នាដើម្បីធ្វើការទំនាក់ទំនងគ្នា។ ចំនែកឯផ្នែកទី២វិញ (Host Portion) គឺប្រើសំរាប់សម្គាល់ម៉ាស៊ីននីមួយៗលើបណ្ដាញមួយ ដែលវាប្រៀបបានទៅនឹង ID Card របស់និស្សិតម្នាក់ៗនៅក្នុងមហាវិទ្យាល័យមួយ។ ឧទាហរណ៍ ៖ យើងមាន IP address ចំនួនពីរដែលនៅក្នុងបណ្ដាញតែមួយគឺ  192.168.1.5 និង 192.168.1.2។

Octets ទាំងបីខាងមុខ 192.168.1 គឺបង្ហាញពីបណ្ដាញដែលវាភ្ជាប់ទៅកាន់។ ចំនែកឯ octet ទី៤ គឺលេខ 5 និងលេខ 2 គឺជាសំគាល់នៃ ម៉ាស៊ីនទាំងពីរ។

 image

អត្ថបទបន្ទាប់យើងនឹងនិយាយអំពីការចែក IP Address ឫក៏គេហៅថា Subnetting។​