ព័ត៌មាន

Huawei ចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម 5G ច្រើនជាងគេបំផុតរហូតដល់ 46 នៅក្នុង ៣០ ប្រទេស

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថា ខ្លួនមានការបញ្ជាទិញនូវបច្ចេកវិទ្យា 5G ច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប៉ុន្តែពេលនេះ ក្រុមហ៊ុនទូរគមនាគមន៍ចិនប្រកាសនៅថ្ងៃនេះថាខ្លួនបានសម្រេចកិច្ចសន្យាពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G ច្រើនបំផុតក្នុងពេលបច្ចុប្បន្ននេះ។

នៅថ្ងៃទី 6 ខែមិថុនានេះ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិនផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទូរគមនាគមន៍ធំៗ ចំនួនបួនរួមមានក្រុមហ៊ុន China Telecom ក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Broadcasting Network Corp ដែលត្រូវគេកត់សម្គាល់ថាជាការផ្លាស់ប្តូរដ៏ធំក្នុងការដាក់ពង្រាយបណ្តាញ 5G របស់ប្រទេសចិន។

បន្ទាប់ពីការប្រកាសនេះក្រុមហ៊ុន Huawei អបអរសាទរជាផ្លូវការដល់ក្រុមហ៊ុនទូរគមនាគមន៍ទាំងនេះហើយនិយាយថាខ្លួនត្រៀមរួចជាស្រេចដើម្បីគាំទ្រដល់ក្រុមហ៊ុនចិនដើម្បីសាងសង់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសចិន។ក្រុមហ៊ុន Huawei ក៏ប្រកាសផងដែរថា គិតមកដល់ពេលនេះ ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម 5G ចំនួន 46 នៅក្នុងប្រទេសចំនួន 30 ហើយស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង 100,000 គ្រឿង។ នេះគឺច្រើនជាងតួលេខដែលបានប្រកាសដោយក្រុមហ៊ុន Nokia ដែលទទួលបានការបញ្ជាទិញ 5G ចំនួនត្រឹមតែ 42 តែប៉ុណ្ណោះ៕

image

image