ព័ត៌មាន

លោក Trump និយាយថា Huawei នៅតែអាចបន្តទិញពីក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់អាមេរិកបាន

តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី ២៩ ខែមិថុនានេះ លោកប្រធានាធិបតីអាមេរិក Donald Trump និយាយថាលោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co. ទិញផលិតផលពីអ្នកផ្គត់ផ្គង់ជាច្រើនរបស់អាមេរិកនៅក្នុងសម្បទានមួយទៅកាន់ប្រទេសចិនបន្ទាប់ពីកិច្ចចរចាមួយជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសៅរ៍នេះ។

“ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកអាចលក់គ្រឿងបរិក្ខារបស់ខ្លួនទៅឱ្យក្រុមហ៊ុន Huawei ។ យើងកំពុងនិយាយអំពីឧបករណ៍ដែលមិនមានបញ្ហាសន្តិសុខជាតិនោះទេ។” នេះបើតាមសម្តីរបស់លោក Trump នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅអូសាកាប្រទេសជប៉ុន។

កាលពីខែមុននេះ ក្រសួងពាណិជ្ជកម្មសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចូលទៅក្នុងបញ្ជីខ្មៅនិងកាត់បន្ថយការផ្គត់ផ្គង់ពីក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនជាច្រើនក៏ប្រឆាំងទៅនឹងការរឹតត្បិតនេះផងដែរ។ លោក Trump ជួបជាមួយលោក Xi កាលពីថ្ងៃសៅរ៍នេះនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅអូសាកាប្រទេសជប៉ុន ហើយព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសរបស់ពួកគេផងដែរ។

លោក Trump និយាយថាមេដឹកនាំទាំងពីរបានពិភាក្សាអំពីរឿងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជាផ្នែកមួយនៃកិច្ចចរចារបស់ពួកគេផងដែរ។ “ខ្ញុំបាននិយាយថានោះគឺ O.K. ដែលយើងនឹងបន្តលក់ផលិតផលទាំងនោះ ហើយទាំងនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលផលិតផលិតផលទាំងអស់នេះ។ នោះពិតជាស្មុគស្មាញណាស់។ ខ្ញុំយល់ព្រមអនុញ្ញាតឱ្យពួកគេបន្តលក់ផលិតផលនោះ ដូចនេះក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់អាមេរិកនឹងបន្តការងារជាមួយនឹងក្រុមហ៊ុន Huawei”។

សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងយុទ្ធនាការសកលមួយដើម្បីរារាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីបណ្តាញទំនាក់ទំនង 5G ដែលហៅថាជាការគំរាមកំហែងផ្នែកសន្តិសុខជាតិនោះ។ រដ្ឋបាលលោក Trump ចោទថា រដ្ឋាភិបាលចិនអាចប្រើផលិតផលទាំងនេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដើម្បីស៊ើបការណ៍លើបណ្តាប្រទេសជាច្រើនដែលប្រើប្រាស់ឧបករណ៍ទាំងនេះនៅក្នុងបណ្តាញ Networks របស់ពួកគេ។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានបដិសេធថា ខ្លួនមិនធ្វើចារកម្មឱ្យក្រុងប៉េកាំងនោះទេ៕

image

image