ព័ត៌មាន

ស្មាតហ្វូន Huawei Mate Xs 5G នឹងប្រើប្រាស់អេក្រង់បត់បានរបស់ក្រុមហ៊ុន​Samsung

កាលពីមុន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការកម្មង់ទិញអេក្រង់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung និង LG របស់ប្រទេសកូរ៉េ។ ក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនផលិតអេក្រង់ចិន BOE ប៉ុន្តែពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ពិចារណាក្នុងការវិលត្រឡប់ទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ចាស់របស់ខ្លួនវិញសម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់បន្ទាប់នេះ។

image

តាមការបញ្ជាក់អំពីខ្សែសង្វាក់ផ្គង់ផ្គត់ចេញពីចិន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺពិចារណាក្នុងការដាក់នូវការបញ្ជាទិញអេក្រង់ដែលអាចបត់បានពីក្រុមហ៊ុន Samsung Display សម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់ទី ២ របស់ខ្លួននោះគឺ  Huawei Mate X ដែលត្រូវគេនិយាយថានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០ នេះ។

image

បន្ទាប់ពីការពន្យារពេលជិត ១ ឆ្នាំពីការប្រកាសដាក់លក់ជាលើកដំបូងនោះ ស្មាតហ្វូន Huawei Mate X 5G នៅទីបំផុតក៏ប្រកាសបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ចិននៅក្នុងខែតុលា​ឆ្នាំមុននេះ។ ស្មាតហ្វូន Mate X ជំនាន់ទី ១ នេះប្រើប្រាស់នូវអេក្រង់របស់ក្រុមហ៊ុន LG Display និង BOE ។ ស្មាតហ្វូន Huawei Mate Xs នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G ហើយលោក Richard Yu ដែលជា CEO របស់ផ្នែក Consumer BG របស់ក្រុមហ៊ុន Huawei និយាយថា ស្មាតហ្វូនថ្មីដែលអាចបត់បាននេះនឹងមានការពង្រឹងទៅលើកន្លែងបត់របស់វា និងអេក្រង់ដែលការពារឆ្កូតបានល្អជាងមុនថែមទៀត៕