ព័ត៌មាន

ក្រុមហ៊ុនអាមេរិកច្រើនជាង ៥០ រងគ្រោះនៅក្នុងការទម្លាយទិន្នន័យទ្រង់ទ្រាយធំ

FireEye ដែលក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺរណិតដែលធ្វើការទទួលខុសត្រូវទៅលើការរកអោយឃើញនូវយុទ្ធនាការនៃការហេគទ្រង់ទ្រាយធំប្រឆាំងទៅនរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនិយាយថា ស្ថាប័នជាង ៥០ បានរងគ្រោះនៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយ។ តាមការបញ្ជាក់របស់ស្ថាប័ន BBC នេះ ស្ថាប័នជាច្រើននៅជុំវិញពិភពលោកដែលក្នុងនោះរួមមានចក្រភពអង់គ្លេសបានក្លាយជាគោលដៅរបស់ក្រុមហេគឃ័រថែមទៀត។ លោក Kevin Mandia នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FireEye និយាយថា ស្ថាប័នសរុបចំនួន 18,000 បានរងគ្រោះនៅក្នុងការវាយប្រហារនេះ ហើយក្នុងនោះស្ថាប័នចំនួន ៥០ ក៏រងគ្រោះនៅក្នុងការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំផងដែរ។

នៅក្នុងគោលដៅជាច្រើនដែលក្នុងនោះរួមមាន  DHS(នាយកដ្ឋានសន្តិសុខសង្គម) ក្រសួងរតនាគារសហរដ្ឋអាមេរិក និងស្ថាប័នរដ្ឋជាច្រើនទៀត។ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនិយាយថា​ប្រទេសរុស្សីគឺទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ លោក Donald Trump សង្ស័យថា ប្រទេសចិនគឺនៅពីក្រោយការវាយប្រហារឧក្រិដ្ឋកម្មអ៊ីនធឺរណិតនេះ។ លោក  Trump បង្ហោះនៅលើ Twitter កាលពីថ្ងៃសៅរ៍នេះថា គាត់ជឿជាក់ថា ចិនគឺជាអ្នកទទួលខុសត្រូវទៅលើការវាយប្រហារប្រឆាំងទៅនឹងសហរដ្ឋអាមេរិក។ តាមការបញ្ជាក់របស់ FireEye ការបែកធ្លាយទិន្នន័យនេះគឺជារឿងដ៏ធ្ងន់ធ្ងរបំផុត។

តាមការបញ្ជាក់របស់លោក Mandia នោះអោយដឹងថា នេះប្រហែលជាក្រុមហេគឃ័រដូចគ្នាទៅនឹងការទម្លាយទិន្នន័យនៅក្នុងទសវត្សឆ្នាំ ៩០ និងដើមឆ្នាំ ២០០០ ។ ក្រុមហេគឃ័រនេះបានវាយប្រហារទៅលើក្រុមហ៊ុន SolarWinds Orion ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់។ នៅក្នុងការហេគទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ SolarWinds នោះ ក្រុមហ៊ុនទូរគមនាគមន៍ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនជាប់នៅក្នុងបញ្ជី Fortune 500 ក៏ជាគោលដៅនៅក្នុងការទម្លាយទិន្នន័យផងដែរ។ លោក Pompeo ជឿថា រុស្សីក៏មានការពាក់ព័ន្ធទៅនឹងរឿងនេះផងដែរ៕

 image