ព័ត៌មាន

ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ីកំពុងបង្កើតប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មអ៊ីនធឺរណិត

អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Igor Zubov បានកត់សម្គាល់ថា ចំនួននៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិតបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ។ ក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសរុស្ស៊ីបានរៀបចំប៉ូលិសប្រឆាំងទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិតតាមរចនាសម្ព័នរបស់ខ្លួន ហើយការសម្រេចចិត្តនេះធ្វើឡើងដោយប្រធាននាយកដ្ឋានផ្ទាល់តែម្តងនោះគឺលោក Vladimir Kolokoltsev ។

លោកនិយាយថា “ថ្ងៃនេះ យើងអាចនិយាយអំពីការជះឥទ្ធិពលទៅលើគំនិតរបស់យុវវ័យទាក់ទងនឹងការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេតាមរបៀបបំផ្លិចបំផ្លាញ។ ដូច្នេះ រឿងនេះទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ យើងកំពុងធ្វើការផ្លាស់ប្តូរដោយផ្ទាល់នៅក្នុងរចនាសម្ព័ន្ធរបស់យើង។ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកKolokoltsev Vladimir បានធ្វើការសំរេចចិត្តលើការបង្កើតប៉ូលិសប្រឆាំងទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិត នេះមិនមែនជារឿងដែលត្រូវដោះស្រាយមួយថ្ងៃទេ វានឹងចំណាយពេលច្រើននឹងទាមទារទាំងថវិកា និងសំភារៈ និងការពង្រឹងសមត្ថភាពរបស់មន្ត្រីថែមទៀត” ។

លោក Zubov ក៏បានកត់សម្គាល់ផងដែរថា នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ អត្រានៃឧក្រិដ្ឋកម្មទូទៅនៅក្នុងប្រទេសរុស្ស៊ីនៅតែដដែល ប៉ុន្តែចំនួននៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិតបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកបានបន្ថែមថា“ សម្រាប់ហេតុផលមួយចំនួន នេះគឺជាផលប៉ះពាល់នៃការធ្វើសង្គមឌីជីថល”។

លោក Zubov និយាយថា នៅពេលដែលគាត់ព្យាយាមដាក់ពាក្យបណ្តឹងជាមួយមន្រ្តីប៉ូលិសក្នុងស្រុកអំពីបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺរណិតនោះ ក្រុមមន្ត្រីទាំងនោះមិនបានយល់អ្វីទាំងអស់។ ដូច្នោះហើយ នៅទីនេះយើងកំពុងនិយាយអំពីការប្រមូលផ្តុំមនុស្សមានសមត្ថភាពទាំងអស់នៅកន្លែងតែមួយ និងស៊ើបការអង្កេតទៅលើឧក្រិដ្ឋកម្មទាំងនេះ៕

image