ព័ត៌មាន

ក្រុមហ៊ុន Check Point: តើអ្វីដែលអ្នកត្រូវដឹងអំពីហេគឃ័រនៅក្នុងឆ្នាំ ២០២១ ​នេះ?

មេរោគរាតត្បាតបានធ្វើអោយមានការកែប្រែចាច្រើនទៅលើគ្រប់វិស័យទាំងអស់នៅក្នុងយុគសម័យបែបឌីជីថលនេះ។ អ្នកវាយប្រហារជាច្រើនបានផ្លាស់ប្តូរគោលដៅនៃការវាយប្រហាររបស់ពួកគេដោយធ្វើការជ្រើសរើសនូវវិធីសាស្រ្តថ្មីៗនៅក្នុងការហេគដែលផ្តោតទៅលើឧស្សាហកម្មសុខាភិបាលផងដែរ។ ស្ថាបនិក និង CEO របស់ក្រុមហ៊ុន Check Point Software Technologies​លោកGil Shwed បានប្រាប់អំពីរបៀបដែលហេគឃ័រធ្វើការវាយប្រហារនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនេះ និងអ្វីដែលហេគឃ័រចង់បាននាពេលអនាគតផងដែរ។

លោក Gil Shwed បញ្ជាក់ថា នៅក្នុងឆ្នាំ ២០២១ នេះ រឿងទី ១ ចាប់តាំងពីមានការរាតត្បាតនៃមេរោគកូរ៉ូណាវីរុសនេះ វាបណ្តាលអោយមានការស្លាប់ជីវិតរបស់មនុស្សជាតិជាច្រើន ហើយក្រុមហ៊ុនឱសថជាច្រើនក៏បន្តនៅក្នុងការអភិវឌ្ឍទៅលើវ៉ាក់សាំង និងឱសថជាច្រើនដែលធ្វើអោយក្រុមហ៊ុនទាំងនេះទទួលបាននូវការវាយប្រហារផងដែរ។

សម្រាប់រឿងទី ២ ខណៈពេលដែលសិស្សានុសិស្សជាច្រើនរៀនសូត្រពីផ្ទះនោះ ក្រុមហេគឃ័រក៏អាចនឹងវាយប្រហារទៅលើប្រព័ន្ធសិក្សាជាច្រើនដែលពួកគេរៀនពីចម្ងាយផងដែរ។ រឿងទី ៣ វាមានការរំពឹងថា botnets នឹងក្លាយជាការវាយប្រហារថ្មីផងដែរ។ ក្រុមហេគឃ័របានធ្វើការផ្លាស់ប្តូរនូវកម្មវិធីមេរោគជាច្រើនរបស់ខ្លួនអោយក្លាយជា botnets ដើម្បីចម្លងចូលទៅក្នុងកុំព្យូទ័រជាច្រើននៅក្នុងការវាយប្រហារនៅលើប្រព័ន្ធអ៊ីនធឺរណិតនេះ។ សម្រាប់រឿងទី ៤ នោះ ការព្រួយបារម្ភអំពីសុវត្ថិភាពអ៊ីនធឺរណិត (cyberwarfare) នឹងឈានដល់កម្រិតពិភពលោកផងដែរ។

លោក Shwed កត់សម្គាល់ថា ការវាយប្រហារជាច្រើនកើតឡើងទៅលើមន្ទីរពេទ្យ បន្ទប់ស្រាវជ្រាវពិសោធន៍ ជាពិសេសនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូវីដ ១៩ នេះគឺជាឱកាសដែលអ្នកវាយប្រហារជាច្រើនទទួលបាននូវប្រាក់លោះ ឬការចាប់អារម្មណ៍នោះ។ គោលដៅរបស់ឧក្រិដ្ឋជនអ៊ីនធឺរណិតគឺវាយប្រហារទៅលើស្ថាប័នឱសថជាច្រើនដើម្បីទទួលបាននូវព័ត៌មានហិរញ្ញវត្ថុ និងការទម្លាយព័ត៌មានជាសាធារណៈ។ ឧទាហរណ៍ របាយការណ៍កំណត់ត្រាវេជ្ជសាស្រ្តអាចដាក់លក់នៅលើគេហទំព័រងងឹត (DarkWeb) នៅក្នុងតម្លៃដល់ទៅ  $1,000 ក្នុងមួយកំណត់ត្រាផងដែរ។ បន្ថែមពីនេះទៀត ឧបករណ៍វេជ្ជសាស្រ្តជាច្រើនដូចជាឧបករណ៍វាស់ចង្វាក់បេះដូង និងវាស់ជីពចរក៏ក្លាយជាគោលដៅនៃការវាយប្រហារផងដែរ។

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Check Point​បានបង្ហាញអំពីភាពងាយស្រួលនៅក្នុងការហេគទៅលើម៉ាស៊ីនដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows ចាស់ៗ និងការទម្លាយនូវប្រព័ន្ធទិន្នន័យ Database នៃរូបភាពរបស់អ្នកជំងឺផងដែរ។ វាមានការវាយប្រហារកើនឡើងជាងមុនដល់ទៅ ៧៥% ទៅលើស្ថាប័នសុខភាពនៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft និយាយថា ក្រុមហេគឃ័រមកពី ៣ ប្រទេសប៉ុណ្ណោះគឺមានសកម្មភាពដល់ទៅ ៨៩% នៃឧក្រិដ្ឋកម្មអ៊ីនធឺរណិតនៅក្នុងឆ្នាំនេះ។ នៅក្នុងឆ្នាំ ២០២១ នេះ ការប្រើប្រាស់នូវបច្ចេកវិទ្យា deepfakes នឹងមានការកើនឡើងខ្លាំងផងដែរ៕

image