ព័ត៌មាន

ធនាគារកណ្តាលប្រទេសឈីលីសម្រេចចិត្តដាក់អោយប្រើប្រាស់រូបិយប័ណ្ណឌីជីថលនៅឆ្នាំ ២០២២

ធនាគារកណ្តាលរបស់ប្រទេសឈីលីនឹងសម្រេចចិត្តនៅដើមឆ្នាំ ២០២២ នេះទៅលើយុទ្ធសាស្រ្តសម្រាប់ការដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថលផ្ទាល់របស់ខ្លួន។ ការវិវត្តន៍នេះគឺព្យាយាមរក្សាល្បឿនជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណឌីជីថលនៅជុំវិញពិភពលោក។

image

និយតករជាច្រើននៅទូទាំងពិភពលោកក៏កំពុងតែបិទនូវការប្រើប្រាស់កាក់ឌីជីថលនេះ ខណៈពេលដែលទីផ្សាររូបិយប័ណ្ណឌីជីថលនេះរីកចម្រើនយ៉ាងឆាប់រហ័សដែលមានទឹកប្រាក់ជាង ២ ទ្រីលានដុល្លារកាលពីខែមេសានេះ។ ប្រទេសចិនកាលពីថ្ងៃសុក្រក៏និយាយថា ខ្លួនកំពុងហាមឃាត់រាល់ការជួញដូររូបិយប័ណ្ណឌីជីថលផងដែរ។

ប្រធានធនាគារកណ្តាលលោក Mario Marcel និយាយថា លោកបានបង្កើតក្រុមការងារកម្រិតខ្ពស់មួយដើម្បីសិក្សាពីយុទ្ធសាស្រ្តរយៈពេលមធ្យមសម្រាប់ការបង្កើតប្រាក់ប៉េសូឌីជីថល (“digital peso” ) ក្នុងគោលបំណងបំពេញតម្រូវការនៃឧស្សាហកម្មទូទាត់ប្រាក់ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗនេះ។ ជាមួយនឹងគោលបំណងភ្ជាប់ទៅនឹងតម្រូវការរបស់សាធារណៈជន ស្ថិរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុនោះ ធនាគារកណ្តាលនឹងកំណត់នៅដើមឆ្នាំ ២០២២ នូវសំណើមួយសម្រាប់ការចេញប្រាក់ប៉េសូឌីជីថលនៅក្នុងប្រទេសឈីលី។

លោក Marcel និយាយថា ការប្រើប្រាស់ការទូទាត់តាមឌីជីថលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឈីលី។ ក្រុមគ្រួសារជាច្រើនជាង ៤០ ភាគរយប្រើកាតឥណទាន ឬប្រព័ន្ធស្រដៀងគ្នា ព្រមទាំងការផ្ទេរប្រាក់តាមឌីជីថលផងដែរ។ ក្រុមនិយតករសកលព្រួយបារម្ភថា ការកើនឡើងនៃរូបិយប័ណ្ណដែលប្រតិបត្តិជាលក្ខណៈឯកជននេះអាចធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុ ការបង្កើនហានិភ័យជាប្រព័ន្ធ ការលើកកម្ពស់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងធ្វើឱ្យប៉ះពាល់ដល់វិនិយោគិនជាច្រើនថែមទៀត៕