ព័ត៌មាន

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចោទប្រកាន់ប្រទេសរុស្សីនៅពីក្រោយការវាយប្រហារសាយប័រនៅក្នុងប្រទេសអ៊ុយក្រែន

សេតវិមានបានស្តីបន្ទោសប្រទេសរុស្សីកាលពីពេលថ្មីៗនេះដោយសារតែការវាយប្រហារសាយជាច្រើនទៅលើក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន និងធនាគារធំៗ ហើយបានព្រមានអំពីការរំខានជាច្រើនទៀតដោយសារតែការវាយប្រហារនេះ។ លោកស្រី Anne Neuberger​ ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោក Biden ដែលទទួលខុសត្រូវទៅលើបច្ចេកវិទ្យា និងសាយប័រនិយាយថា សហរដ្ឋអាមេរិកមើលឃើញនូវការវាយប្រហារជាច្រើនដែលពាក់ព័ន្ធទៅនឹងចារកម្មយោធារបស់ប្រទេសរុស្សី។

image

ចក្រភពអង់គ្លេសបានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកក្នុងការស្តីបន្ទោសទៅលើទីភ្នាក់ងារចារកម្មយោធារបស់ GRU សម្រាប់ការវាយប្រហារ distributed denial-of-service (DDos) ទៅលើប្រទេសអ៊ុយក្រែន។ ការវាយប្រហារនេះបានវាយលុកទៅលើគេហទំព័រជាច្រើនរបស់ប្រទេសអ៊ុយក្រែន និងធ្វើអោយធនាគារជាច្រើនទៀត offline អស់រយៈពេលជាច្រើនថ្ងៃផងដែរ។

លោកស្រី Neuberger បន្ថែមថា “យើងអាចមើលឃើញអំពីការបន្តវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាមរយៈសកម្មភាពសាយប័រ ហើយយើងក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបផងដែរ។” គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែនបានរងនូវការវាយប្រហារ DDoS ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះដែលរំខានដល់សេវាកម្មធនាគារអនឡាញ និងរារាំងដល់ទំនាក់ទំនងរបស់រដ្ឋាភិបាល និងសាធារណៈផងដែរ៕

image