នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ច្បាប់ទូរគមនាគមន៍ឆ្នាំ២០១៦ បានបង្កើតមូលនិធិចំនួន ២ ដែលនឹងតម្រូវឲ្យក្រុមហ៊ុនទូរគមនាគមន៍នីមួយៗនៅកម្ពុជា ត្រូវបង់ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់ខ្លួនចូលក្នុងគណនីរបស់រដ្ឋាភិបាល។
មូលនិធិ ២នេះ មានមូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD) និងមូលនិធិកាតព្វកិច្ចសកលទូរគមនាគមន៍ (USO)។
មូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD) និងតម្រូវឲ្យបង់ ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទាំងអស់។ ដោយឡែកមូលនិធិកាតព្វកិច្ចសកលទូរគមនាគមន៍ (USO) តម្រូវឲ្យក្រុមហ៊ុនបង់ ២ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដុលរបស់ខ្លួន។
គោលបំណងនៃមូលនិធិទាំង ២ នេះ គឺដើម្បីលើកកម្ពស់ ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងអាជីវកម្មថ្មី ក្នុងសម័យសេដ្ឋកិច្ចឌីជីថល ពីតំបន់ទីក្រុង ទៅដល់តំបន់ជនបទ។
មកដល់ពេលនេះ មានតែក្រុមហ៊ុន ១១ ប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុន ៣៣ ដែលបានផ្តល់ប្រាក់ ១ ភាគរយពីចំណូលរបស់ខ្លួននៅឆ្នាំ ២០១៧។ ចំនួនក្រុមហ៊ុននៅសល់ ក្រសួងនឹងមានវិធានការបើក្រុមហ៊ុនទាំងនោះមិនព្រមបង់ ១ ភាគរយនេះ។ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ CBRD បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិ CBRD នេះ ប្រមូលបានប្រាក់ ១,៧ លានដុល្លារ ហើយរំពឹងថានឹងទទួលបាន ៧,១៥ លានដុល្លារនៅពេលប្រតិបត្តិករទាំងអស់បង់ប្រាក់នេះ។
ដោយឡែកឯកឧត្តម តុល ញ៉ក់ អគ្គនាយកអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ USO បានឲ្យដឹងថា មូលនិធិ USO នេះ ប្រមូលបានប្រាក់ ២,៥ លានដុល្លារ ហើយរំពឹងថានឹងមានជាង ១០ លានដុល្លារនៅត្រឹមចុងខែនេះ។
គួរបញ្ជាក់ថា ច្បាប់ទូរគមនាគមន៍ ចែងថា ការរំលោភណាមួយលើច្បាប់នេះអាចត្រូវបានដាក់ទណ្ឌកម្មដោយការផ្អាក ឬការដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាម ក្រសួងនឹងអនុម័តវិធានការដាក់វិន័យ យោងតាមច្បាប់នេះប្រសិនបើចាំបាច់។