ថ្ងៃនេះក្រុមហ៊ុន Grab បានប្រកាសពី មុខងារបង្កើតចុងក្រោយថ្មីមួយទៀតដើម្បីពង្រឹងសុវត្ថិភាពជូនអ្នកដំណើរ នោះគឺប៊ូតុង «Emergency» ឬ ប៊ូតុងជំនួយបន្ទាន់។ ប៊ូតុង «Emergency» នេះ អនុញ្ញាតឲ្យអ្នកដំណើរផ្តល់ដំណឹងភ្លាមៗ ទៅក្រុមគ្រួសារនិងអ្នកជាទីស្រលាញ់ ឬ អាជ្ញាធរ នៅពេលមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ អ្នកដំណើរក៏អាច បើកប្រព័ន្ធ «Auto-alert» ដើម្បីធ្វើការផ្តល់ដំណឹងដោយស្វ័យប្រវត្តិទៅកាន់ ទំនាក់ទំនងជំនួយបន្ទាន់ «Emergency Contacts» នៅពេលដែលកម្មវិធី រកឃើញសញ្ញាណមិនប្រក្រតីណាមួយកើតឡើងពេលកំពុងធ្វើដំណើរ។
ក្រៅពីការហៅទូរស័ព្ទទៅកាន់នរណាម្នាក់ ឬ ផ្ញើសារនៅពេលមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង អ្នកដំណើរនៃគ្រប់មធ្យោបាយធ្វើដំណើររបស់ Grab ទាំងអស់ អាចបញ្ចូលលេខទូរស័ព្ទទំនាក់ទំនងជំនួយបន្ទាន់ចំនួនបីនៅក្នុងកម្មវិធីទូរស័ព្ទ Grab និងអាចផ្តល់ដំណឹងឲ្យពួកគេក្នុងពេលតែមួយដោយគ្រាន់តែចុចលើប៊ូតុងតែមួយប៉ុណ្ណោះ។ សារផ្តល់ដំណឹងនឹងត្រូវបានផ្ញើទៅកាន់លេខទំនាក់ទំនងជំនួយបន្ទាន់ទាំងនោះ ជាមួយនឹងទីតាំង GPS របស់ពួកគេ នៅខណៈពេលដែលផ្ញើសារនោះចេញទៅ។
មុខងារសុវត្ថិភាពថ្មីរបស់ Grab នេះ ជាការព្យាយាមបង្កើននូវសុវត្ថិភាពជូនអតិថិជន។ ប្រសិនបើពួកគេជ្រើសរើសយកការផ្តល់ដំណឹងទៅលេខទំនាក់ទំនងជំនួយបន្ទាន់ ការផ្ដល់ដំណឹងនោះនឹងមិនត្រូវបានផ្តល់ទៅប៉ូលីសឡើយ។ ប៉ុន្តែ មិត្តភក្តិ ឬក្រុមគ្រួសារដែលបានទទួលដំណឹងអាចធ្វើការត្រួតពិនិត្យជាមួយអ្នកដំណើរ ប្រសិនបើមានការសង្ស័យ ត្រូវផ្តល់ដំណឹងភ្លាមៗទៅកងកម្លាំងសន្តិសុខក្នុងតំបន់។ ជម្រើសមួយទៀត អ្នកប្រើប្រាស់អាចជ្រើសរើសយកការផ្តល់ដំណឹងទៅអាជ្ញាធរក្នុងតំបន់ដោយផ្ទាល់។
ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ក៏អាចបើកមុខងារសាកល្បងមួយទៀតគឺ «Auto-alert» ដែលអ្នកជាទំនាក់ទំនងជំនួយបន្ទាន់អាចទទួលបានសារដោយស្វ័យប្រវត្តិ ប្រសិនបើកម្មវិធី Grab រកឃើញថាអ្នកធ្វើដំណើរកំពុងស្ថិតនៅក្នុងដំណើរមិនប្រក្រតី ដូចជាធ្វើដំណើរទៅកន្លែងដាច់ស្រយាលពេលយប់ជ្រៅជាដើម។
រាល់មុខងារសុវត្ថិភាពនៅក្នុងកម្មវិធី Grab ទាំងអស់ បង្ហាញឲ្យឃើញពីបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យការធ្វើដំណើរមានសុវត្ថិភាពជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលសុវត្ថិភាពគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Grab ផ្តោតសំខាន់ទៅលើការបង្កើតថ្មី ជាពិសេសគឺការផ្តល់សុវត្ថិភាព។ ក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ(O2O) កំពុងធ្វើការលើការអភិវឌ្ឍថ្មី ឬ កំពុងពង្រីកមុខងារសុវត្ថិភាពលើគ្រប់សេវាកម្ម។
ដំណើរការរបស់ប៊ូតុងថ្មី «Emergency»៖
អ្នកប្រើប្រាស់ Grab អាចបញ្ចូលលេខទូរស័ព្ទ និងឈ្មោះអ្នកទំនាក់ទំនងជំនួយបន្ទាន់ រហូតដល់៣នាក់។ នៅពេល ដែលប៊ូតុង «Emergency» ត្រូវបានចុចនៅពេលកំពុងធ្វើដំណើរ សារផ្តល់ដំណឹងមួយនឹងត្រូវបានផ្ញើទៅកាន់លេខទំនាក់ទំនងជំនួយបន្ទាន់ទាំងនោះ។ សារផ្តល់ដំណឹងនោះនឹងមាន តំណភ្ជាប់(URL) GPS អនុញ្ញាតឲ្យពួកគេបើកមើលទីតាំងដែលអ្នកដំណើរកំពុងស្ថិតនៅ។
ប៊ូតុង «Emergency» អាចដំណើរការបានទាំងនៅពេលកំពុងធ្វើដំណើរជាមួយ Grab និង ពេលមិនធ្វើដំណើរ។ ទោះបីជាពេលមិនធ្វើដំណើរជាមួយ Grab អ្នកប្រើប្រាស់ទាំងអស់ដែលបានដំឡើងកម្មវិធី Grab នៅលើទូរស័ព្ទដៃរបស់ពួកគេ នៅតែអាចផ្តល់ដំណឹងដល់អ្នកជាទីស្រលាញ់បាន នៅពេលមានភាពអាសន្នណាមួយកើតឡើង។ ក្រុមគ្រួសាររបស់ពួកគេនឹងនៅតែទទួលបានសារជូនដំណឹងដដែល ប៉ុន្តែនឹងពុំមានតំណភ្ជាប់ដើម្បីបើកមើលទីតាំងដែលពួកគេកំពុងស្ថិតនៅនោះទេ ដោយសារតែប្រព័ន្ធ GPS មានដំណើរការតែពេលកំពុងធ្វើដំណើរជាមួយ Grab តែប៉ុណ្ណោះ។
មុខងារទាំងនេះ មិនត្រឹមតែប្រតិបត្តិការនៅក្នុងប្រទេសកំណើតរបស់អ្នកប្រើប្រាស់ ឬ ប្រទេសដែលលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ចុះឈ្មោះនោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងដែល Grab កំពុងដំណើរការ។ ក្រុមគ្រួសាររបស់ពួកគេនឹងនៅតែអាចទទួលបានសារផ្តល់ដំណឹងដដែល ទោះបីពួកគេនៅក្រៅប្រទេស ដរាបណាពួកគេមានលេខទូរស័ព្ទត្រឹមត្រូវ និងមានអ៊ីនធឺណេតដើម្បីប្រើប្រាស់កម្មវិធី Grab បាន។
សម្រាប់ព័ត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់:https://www.grab.com/kh/